សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បុគ្គលជោគជ័យគ្រប់រូបតែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិជ្ជមានក្នុងខ្លួនគ្រប់ពេលវេលា មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ដោយឡែកមានតែបុគ្គលបរាជ័យតែប៉ុណ្ណោះ ដែលតែងតែមានផ្នត់គំនិតនិងការគិតបែបអវិជ្ជមានក្នុងខ្លួនជានិច្ច ហើយពាក្យដោះសារ គឺជាលេសតែមួយគត់របស់ពួកគេក្នុងការធ្វើកិច្ចការអ្វីមួយ នៅពេលដែលវាមិនទាន់បានជោគជ័យ។ ក្នុងនោះផងដែរលេសទាំងអស់នោះហើយ ដែលធ្វើឱ្យពួកគេទទួលភាពបរាជ័យ​ជាច្រើនលើកច្រើនសារ ហើយវាក៏ធ្វើឱ្យពួកគេគ្មានថ្ងៃអាចសម្រេចគោលដៅជីវិតខ្លួនឯងបានឡើយ។ ម៉្យាងវិញទៀតមានតែពាក្យថា “ស្តាយក្រោយ” ដែលពួកគេទទួលបានមកវិញ។ ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញពីលេសធំៗទាំង ៥ដែលអ្នកគួរតែជៀសវាង ពីព្រោះវានឹងធ្វើឱ្យអ្នកគ្មានថ្ងៃអាចសម្រេចក្តីសុបិន្តរបស់អ្នក។

១) គិតថា “មិនទាន់ដល់ពេលវេលាក្នុងការចាប់ផ្តើម”

មនុស្សភាគច្រើនចូលចិត្តគិតថា“មិនទាន់ដល់ពេលដែលខ្លួនត្រូវចាប់ផ្តើមធ្វើវា”។ ផ្នត់គំនិតនេះគឺគ្រាន់តែជាលេសមួយសម្រាប់មនុស្សខ្ជិលប្រឈមមុខជាមួយបញ្ហាតែប៉ុណ្ណោះ អ្នកខ្លះនិយាយថាចាំរហូតដល់ខ្លួនមានអាយុច្រើនគ្រប់គ្រាន់សិន អ្នកខ្លះនិយាយថាខ្លួនមិនទាន់សាកសមនឹងធ្វើវា ហើយអ្នកខ្លះទៀតក៏និយាយថា​​ចាំពេលមានប្រាក់គ្រប់ចំនួនសិនទើបចាប់ផ្តើម។ វាមិនត្រឹមត្រូវទាល់តែសោះ​ពីព្រោះថា​រាល់ក្តីសុបិន្តរបស់មនុស្សម្នាក់ៗ មិនមែនសម្រេចបានត្រឹមតែមួយរយៈពេលខ្លីនោះទេ ​ពោលគឺទាមទារឱ្យអ្នកខិតខំព្យាយាមតាំងពីតូចទៅ ហើយត្រូវចំណាយ​ពេលឲ្យបានគ្រប់គ្រាន់ក្នុងការធ្វើវា។ ដូច្នេះអ្នកគួរតែចាប់ផ្តើមពីពេលនេះតទៅ មិនថាក្តីសុបិន្តរបស់អ្នកជាអ្វីនោះទេ អ្នកប្រាកដជាអាចសម្រេចវាបានជាក់ជាមិនខានឡើយ។

២) គិតថា “ខ្លួនឯងមិនអាចធ្វើបាន”

លេសទីពីរដែលមនុស្សភាគច្រើនពេញនិយមក្នុងការប្រើប្រាស់នោះគឺ​ “ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើវានោះទេ”។ ការគិតបែបនេះគឺខុសទាំងស្រុង ពីព្រោះថា​គ្មានអ្វីដែលមនុស្សមិនអាចធ្វើបានឡើយ ប្រសិនបើមានការប្តេជ្ញាចិត្តរឹងមាំគួបផ្សំជាមួយការតស៊ូព្យាយាម នោះអ្នកប្រាកដជាទទួលបាននូវលទ្ធផលល្អជាក់ជាមិនខានឡើយ។ ដូច្នេះអ្នកមិនត្រូវមើលស្រាលសមត្ថភាពខ្លួនឯងនោះទេ ពោលគឺត្រូវតែខិតខំប្រឹងប្រែង និងហ៊ានសាកល្បងដើម្បីសម្រេចគោលដៅរបស់អ្នក។

៣) គិតថា “​ខ្លួនឯងមិនទាន់មានចំណេះដឹងគ្រប់គ្រាន់”

ជាការពិតណាស់ “ចំណេះដឹង” គឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សត្រូវការមិនអាចខ្វះបាន។ ក៏ប៉ុន្តែមិនមែនមានន័យថា ការចាប់ផ្តើមធ្វើអាជីវកម្មរកប្រាក់ចំណូលឬក្នុងការសម្រេចកិច្ចការអ្វីមួយ សុទ្ធសឹងតែតម្រូវឱ្យអ្នកមានសញ្ញាប័ត្រខ្ពស់ឡើយ។ ជាមួយគ្នានេះដែរមនុស្សភាគច្រើនតែងតែនិយមចូលចិត្តប្រើប្រាស់លេសថា “ខ្លួនគ្មានសញ្ញាប័ត្រថ្នាក់ខ្ពស់ ​និងគ្មានចំណេះដឹងគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មក្រុមហ៊ុនមួយដ៏ជោគជ័យបានឡើយ”។​ 

ការអះអាងបែបនេះ គឺជារឿងមួយដែលមិនត្រឹមត្រូវនោះទេ​ ផ្ទុយទៅវិញវានឹងជំរុញឱ្យអ្នកបោះបង់ចោលក្តីសុបិន្តរបស់ខ្លួនទៅវិញ។ ដូច្នេះអ្នកអាចចាប់ផ្តើមធ្វើវាបណ្តើរៗ ហើយព្យាយាមរៀនសូត្រពីវាពីមួយជំហានទៅមួយជំហាន។ ហើយនៅពេលដែលអ្នកព្យាយាម និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនោះ អ្វីក៏អាចកើតឡើងបានដែរពោលគឺមិនសំខាន់ថាអ្នករៀនបានខ្ពង់ខ្ពស់ប៉ុណ្ណាឡើយ។

៤) គិតថា “ខ្លួនឯងគ្មានបទពិសោធន៍”

មនុស្សជាច្រើនចូលចិត្តនិយាយថា “​ខ្ញុំមិនមានបទពិសោធន៍ធ្លាប់ធ្វើវាពីមុនមកទេ ដូច្នេះខ្ញុំមិនហ៊ានធ្វើវាឡើយ”។យើងដឹងហើយថា ការមានបទពិសោធន៍ច្រើន គឺផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការចាប់ផ្តើមធ្វើអាជីវកម្មផ្សេងៗដែលពាក់ព័ទ្ធជាមួយបទពិសោធន៍របស់ខ្លួន។ជាមួយគ្នានេះដែរប្រសិនបើអ្នកគិតថា ខ្លួនឯងគ្មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មឬក្នុងការធ្វើការងារអ្វីមួយនោះ គឺជារឿងដែលមិនសមហេតុផលទាល់តែសោះ។

មូលហេតុថា “រាល់បទពិសោធន៍ទាំងអស់” គឺកើតចេញពីការហាត់រៀនសូត្រ​និងការអនុវត្តន៍ធ្វើជាក់ស្តែង។​ ដូច្នេះអ្នកគួរតែខិតខំសិក្សាស្វែងយល់បន្ថែម ហើយចាប់ផ្តើមសម្រេចក្តីសុបិន្តរបស់ខ្លួនឥឡូវនេះ​បើទោះបីជាអ្នកមិនមានបទពិសោធន៍ច្រើនក៏ដោយចុះណា។

៥) សុខភាពមិនអំណោយទាន ​ពោលគឺមានជម្ងឺជាប្រចាំកាយ

ជាទូទៅមនុស្សតែងតែនិយាយថា “សុខភាពខ្លួនឯងមិនល្អ” ទើបជាហេតុធ្វើឲ្យពួកគេត្រូវសម្លាប់ក្តីសុបិន្តរបស់ខ្លួនទាំងស្រុងតែម្តង។ បុគ្គលដែលជោគជ័យគឺគ្មានពាក្យថាខ្លាចរអានោះទេ​ចំណែកឯសុខភាពរបស់អ្នកក៏អាស្រ័យលើកម្លាំងចិត្ត និងការខិតខំថែរក្សារូបរាងរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនទាន់ចាប់ផ្តើមផងហើយខ្លាចថាខ្លួននឹងមានគ្រោះថ្នាក់ នោះវាគឺជារឿងដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាសុខភាពពិតប្រាកដមែន​ អ្នកត្រូវតែខិតខំថែរក្សា និងការពារសុខភាពរបស់ខ្លួនជាប្រចាំថ្ងៃឲ្យបានល្អតាមរយៈការទទួល ទានរបបអាហារឱ្យបានត្រឹមត្រូវ ការហាត់ប្រាណ ឬការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងយល់ពីវាឱ្យបានច្បាស់លាស់។

សរុបរួមមកវិញប្រសិនបើអ្នកមាននូវចំណុចទាំង ៥ខាងលើអ្នកគួរតែបោះបង់លេសទាំងនោះចោល ពីព្រោះថាវាគឺគ្រាន់តែជាកម្រងនូវពាក្យដោះសារក្នុងការរារាំងអ្នកមិនឲ្យសម្រេចគោលដៅរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះអ្នកត្រូវចងចាំថាគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ ប្រសិនបើអ្នកមានការតស៊ូព្យាយាមការខិតខំប្រឹងប្រែង និងការជឿជាក់លើខ្លួនឯង៕