សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

បុគ្គល​ដឹក​នាំ​មាន​លក្ខណៈ​ពិសេស​ជាង​​មនុស្ស​ធម្មតាទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​។ ពួក​គេ​មាន​​ចក្ខុ​វិស័យ​​​មួយ​ជាក់​លាក់​មាន​ភាព​ផុស​ផុល​ចំពោះ​សកម្មភាព​ និង​មាន​ភាព​រឹង​មាំ​​ជា​ដើម​។ ចំណុច​​​ទាំង​នេះ​បញ្ជាក់​​យ៉ាង​ច្បាស់​ពី​ពួក​គេស្រប​ពេល​​មនុស្ស​ធម្មតា​​គ្មាន​គុណ​សម្បត្តិ​ពិសេស​ទាំង​នេះ​ទេ។ ពួក​គេ​តែង​តែ​ខ្លាចបារម្ភ​ច្រើន ភ័យ​ពិសេស​នៅ​ពេល​ជួប​​ហេតុ​ការណ៍​​មិន​ប្រក្រតី​​ណា​មួយ​។ លក្ខណៈ​ជា​អ្នក​ដឹក​នាំអ្នក​គួរ​ស្វែង​យល់​មាន​ដូច​ជា​៖

.បង្ហាញ​​ពី​​​ចក្ខុវិស័យ​សម្រាប់​អនាគត

បុគ្គល​​ដឹក​នាំ​ធ្វើ​កិច្ច​ការ​មិន​ថា​តូច​ ឬ​ធំ​ តែង​តែ​មាន​គោល​ដៅនិង​ចក្ខុ​វិស័យ​​​ច្បាស់​លាស់​ជា​និច្ច​។ ពួក​គេ​មិន​ធ្វើ​សកម្មភាព​ដែល​មិន​ដឹង​ច្បាស់​អំពី​មូល​ហេតុពិសេស​​មិន​អាច​ព្យាករ​លទ្ធផល​។ មនុស្ស​ទូ​ទៅ​ក៏​ដូច​គ្នា​ដែរតែង​ចង់​ធ្វើ​កិច្ច​ការ​ណាដែល​ខ្លួន​ដឹង​ហេតុ​​ផល​ច្បាស់​លាស់ និង​អាច​ព្យាករ​បានប៉ុន្តែ​​ពួក​គេ​មិន​សូវ​ផ្តោត​ ឬ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​ដូច​បុគ្គល​ដែល​​មាន​លក្ខណៈ​សម្បត្តិ​​ជា​អ្នក​ដឹក​នាំ​ទេ។

ដូច​នេះយើង​ត្រូវ​តែ​រៀន​​ស្វែង​រក​​​វត្ថុ​បំណងទិស​ដៅ និង​ចក្ខុ​វិស័យ​​ជា​មុនពិសេស​រឿង​រ៉ាវ​គ្រប់​យ៉ាង​​ពាក់​ព័ន្ធ​​នឹង​មូល​ហេតុជម្រុញ​ទឹក​​ចិត្ត​យើង​ឱ្យ​ជ្រើស​រើស​ធ្វើ​ទង្វើ​​ល្អ​ៗ។ ភាព​ជា​បុគ្គល​ដឹក​នាំតែង​ជ្រើស​រើស​​ធ្វើ​កិច្ច​ការ​ដោយ​ភាព​ច្បាស់​លាស់​​ជា​និច្ច​។ ពួក​គេ​ដឹង​ច្បាស់​អំពី​កិច្ច​ការ​ដែល​គួរ​ធ្វើនិង​មិន​គួរ​ធ្វើ​ពួក​​​គេ​មិន​ប្រថុយ​នឹង​កិច្ច​ការ​ដែល​មិន​ច្បាស់​ទេពួក​គេ​ធ្វើ​តែ​កិច្ច​ការ​ណា​ដែល​ច្បាស់​។ ថ្វី​ត្បិត​​ពេល​ខ្លះ​ពួក​គេ​បង្ខំ​ធ្វើ​កិច្ច​ការ​​ដែល​មិន​ច្បាស់ ប៉ុន្តែ​កិច្ច​ការ​​​នេះគឺ​ធ្វើ​តែ​​​​ក្នុង​​​ករណី​​ពិសេស​ណា​មួយ​ដោយ​មិន​បាន​កើត​ចេញ​ពី​ទឹក​ចិត្ត​ផ្ទាល់​ខ្លួន​នោះ​ទេ។​

២.បង្ហាញ​ទឹក​ចិត្ត​ផុស​ផុល

បុគ្គល​ដឹក​នាំមិន​ត្រឹម​តែ​មាន​គោល​បំណងចក្ខុ​វិស័យ​ច្បាស់​លាស់​​​ប៉ុណ្ណោះ​ទេពួក​គេ​ថែម​ទាំង​មាន​ភាព​ផុស​ផុល​​ និង​ធ្វើ​ទង្វើ​​យ៉ាង​រស់​រវើក​ថែម​ទៀត​ផង។ ពួក​គេ​តែង​តែ​​ដឹង​អំពី​កត្តា​​ជម្រុញ​ទឹក​ចិត្ត​ខ្លួន​ឯងជម្រុញ​ទឹក​ចិត្ត​​មិត្ត​ភក្តិ​ជម្រុញ​​ទឹក​ចិត្ត​ក្រុម​ការងារ​ជា​ដើម​ហើយ​តែង​តែ​ប្រើ​កត្តា​​ទាំង​នោះ​​ដើម្បី​បំផុស​ចលនា​​​ដ៏​ធំ​មួយ​សម្រាប់​ប្រយោជន៍​រួម​។ នេះ​ជា​គន្លឹះ​មួយ​ដែល​ដឹក​នាំទៅ​រក​គំនិត​​បង្កើត​សកម្មភាព​​ផុស​ផុលដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ហើយ​រួម​គ្នា​​ធ្វើ​កិច្ច​ការ​​ដើម្បី​លទ្ធផល​រួម​។

៣.ធ្វើ​ឱ្យ​អ្នក​ដទៃ​​មាន​អារម្មណ៍​អស្ចារ្យ

ភាព​ជា​បុគ្គល​ដឹក​នាំមាន​សមត្ថភាព​​ធ្វើ​ឱ្យ​​អ្នក​ដទៃ​​មាន​អារម្មណ៍​​ល្អ​មាន​តម្លៃ​ អស្ចារ្យ​ និង​ដូច​កំពុង​​ទទួល​បាន​ការ​លើក​សរសើរ​។ ការ​សម្រួល​អារម្មណ៍​ឱ្យ​អ្នក​ដទៃ​​​ពុះ​កញ្រ្ជោល​​ចង់​ស្តាប់ចង់​ធ្វើ​តាម និង​ចង់​បង្ហាញ​​សមត្ថភាពជា​លក្ខណៈ​​សម្បត្តិ​ដែល​​មិន​អាច​កាត់​ថ្លៃ​បាន​របស់​អ្នក​ដឹក​នាំ​។

ជំនាញ​​ដែល​បុគ្គល​​ដឹក​នាំ​តែង​តែ​ប្រើគឺ​ការ​អនុវត្ត​ការ​​ស្តាប់​ការ​សង្ខេប​គំនិត​​អ្នក​ដទៃការ​បញ្ជាក់​ពី​គោល​បំណង​​អ្នក​ដទៃ​។ ពួ​ក​គេ​បង្ហាញ​ពី​ឥរិយាបថ​​ផ្តល់​តម្លៃ​​ដល់​អ្នក​ដទៃហើយ​តែង​លើក​ឡើង​ពី​ការ​ស្នើ​សុំ​ប្រឹក្សា​យោបល់​​ជា​ជាង​ការ​បង្គាប់​បញ្ជា។ពួក​គេ​អនុវត្ត​ការ​​ស្តាប់ចៀស​វាង​ការ​ប្រាប់ និង​បញ្ជា​អ្នក​ដទៃ​ឱ្យ​​ធ្វើ​តាម​ខ្លួន។​

៤.មាន​​គុណ​តម្លៃ​ប្រព្រឹត្ត​ដោយ​សីលធម៌

ភាព​ជា​បុគ្គល​​ដឹក​នាំ​ជា​មនុស្ស​រស់​នៅ​ដោយ​មាន​គុណ​តម្លៃ​ច្បាស់​លាស់​​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ឧទាហរណ៍​ សុភមង្គល សុខ​សុវត្ថិភាព ​និង​ភាព​ជោគ​ជ័យ​ជា​ដើម។ ដើម្បី​អនុវត្ត​​ឱ្យ​បាន​​នូវ​គុណ​តម្លៃ​ទាំង​នេះបុគ្គល​ដឹក​នាំ​​តែង​តែ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ក្រម​សីលធម៌​​ជា​និច្ច​។ ពួក​គេ​ស្រលាញ់​​គោរពចូល​ចិត្តនិង​រាប់​អាន​មនុស្ស​​ដែល​ចេះ​ផ្តល់​តម្លៃ​ខ្លួន​ឯងពិសេស​កិច្ច​ការ​គ្រប់​យ៉ាង​ដែល​បាន​ជ្រើស​រើស​ធ្វើ។

ភាព​ជា​បុគ្គល​ដឹក​នាំក៏​ជា​ប្រភេទ​មនុស្ស​ដែល​ចូល​ចិត្ត​​ជួយ​ផ្លាស់​ប្តូរអ្នក​ដទៃ​ឱ្យ​ដើរ​មក​រក​ផ្លូវ​​​ល្អ​ដែរ។ គេ​ចូល​ចិត្ត​​អូស​ទាញ​​​អ្នក​ដទៃ​​តាម​រយៈ​​ការ​​ឆ្លុះ​បញ្ចាំ​ង​ឱ្យ​ឃើញ​​អំពី​គុណ​វិបត្តិ​ដែល​កើត​ចេញ​ពី​ទង្វើ​​ខ្វះ​សីលធម៌​ទង្វើ​ដែល​គេ​បក​ស្រាយ​​ថា​មិន​សក្តិ​សមពិសេស​ទង្វើ​ដែល​នាំ​ឱ្យ​រឿង​មិន​ល្អ​កើត​​ឡើង​។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​​ពេល​វេលា​បន្តិច​បន្តួច​ធ្វើ​រឿង​ត្រឹម​ត្រូវ​​​​មួយ​ហើយ​រឿង​ត្រឹមត្រូវ​នេះ​គឺ​ការ​ជួយ​សង្រ្គោះ​​​មនុស្ស​ដែល​​កំពុង​ដើរ​ផ្លូវ​ខុស។​​​​

៥.ស្រលាញ់​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់

មាន​ចក្ខុ​វិស័យ​មាន​គោល​បំណង​ច្បាស់​លាស់​ប៉ុន្តែ​ខ្វះ​ក្តី​ស្រឡាញ់​យើង​មិន​អាច​​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​រក​​ភាព​ជោគ​ជ័យ​​បាន​ទេ។ លើស​ពី​នេះ បើ​យើង​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់​ប៉ុន្តែ​សមាជិក​​ក្នុង​ក្រុម​មិន​យល់​ពី​ចក្ខុ​វិស័យ​​នេះពួក​គេ​នឹង​បាត់​បង់​គុណ​តម្លៃ​​នៃ​ការ​ស្រលាញ់​ និង​មិន​ចូលរួម​​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​ផែន​ការ​​បាន​ឡើយ។​

បុគ្គល​មិន​យល់​ពី​ចក្ខុ​វិស័យ​ប្រៀប​ដូច​​មនុស្ស​ខ្វាក់ដែល​ដើរ​ត្រូវ​រាវ​រក​ផ្លូវ​ដែរ។ ដោយ​សារ​មិន​យល់​ពី​ចក្ខុ​វិស័យទើប​ពួក​គេ​​មិន​ដឹង​ថាតើ​ត្រូវ​ធ្វើ​កិច្ច​ការ​អ្វី​ឱ្យ​​ពិត​ប្រាកដ? ដូច្នេះ​​ពួក​គេ​​មាន​តែ​រង់​ចាំ​អ្នក​ដឹក​នាំ​ប្រាប់បង្ហាញ​ និង​ណែ​នាំ​ប៉ុណ្ណោះ​។មាន​ន័យ​ថា ពួក​គេ​មិន​​មែន​ជា​បុគ្គល​ដឹក​នាំ​ទេហើយ​អ្នក​បង្កើត​​សមាជិក​​ប្រភេទ​​គឺ​ជា​ប្រធាន​។

ចូរ​ចង​ចាំ​​ថាបើ​គ្មាន​ក្តី​ស្រលាញ់​ទេទោះ​បី​យើង​​ធ្វើ ​ឬ​អនុវត្ត​​​ផែន​ការ​​ក៏​យើង​ធ្វើ​​ទាំង​មិន​ពេញ​ចិត្តធ្វើ​ទាំង​ងងឹត​ងងុល​ធ្វើ​ទាំង​​មិន​ដឹង​ចំណុច​ត្រូវ​បញ្ចប់​​ទៅ​វិញ​ជា​ដើម៕

ប្រភព៖ លោក សូ​ សាវឿន មូល​ដ្ឋាន​បោះ​ជំហាន​ទៅ​មុខ​