សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ហើម​ជើងអំឡុង​ពេល​​មាន​ផ្ទៃ​ពោះ បើ​តាម​ការ​បក​ស្រាយ​ពី​មន្ទីរ​ពេទ្យ​កាល់​ម៉ែត គឺ​ជា​​ដំណើរ​ធម្មជាតិដោយ​សារ​ការ​សង្កត់​​ទៅ​លើ​សរសៃ​ឈាម​ធំ​ៗរបស់​អាង​ត្រគៀក ដោយ​ទម្ងន់កាន់​តែ​ធ្ងន់​​របស់​​ស្បូនដែល​ធ្វើ​ឱ្យ​លំហូរ​ឈាម​ពី​ចុង​ជើងត្រលប់​មក​បេះ​ដូង ​យឺត​ជាង​ធម្មតា និង​ចាល់​ឈាម​បង្ក​ជា​ការ​ហើម​ជើង​។ ដោយ​ហេតុ​ផល​នេះការ​ហើម​ជើង​ភាគ​ច្រើន​កើត​មាន​នៅ​​កំឡុង​ពេល​ត្រី​មាស​ទី​៣ នៃ​ផ្ទៃ​ពោះចំពោះ​ស្រ្តី​​ដែល​មាន​ទឹក​ភ្លោះ​ច្រើន ឬ​ពរ​ពោះ​កូន​ភ្លោះ​។

សម្រាប់​​​ការ​ហើម​ជើង​​​ដោយ​មូល​​ហេតុ​ធម្មតា​នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ គួរ​គប្បី​អនុវត្ត​ទម្លាប់​មួយ​ចំនួន​​ដូច​ខាង​ក្រោម​៖

-គេង​ផ្អៀង​មក​ខាង​ឆ្វេង​​ដៃដើម្បី​កាត់​បន្ថយ​​ការ​សង្កត់​​របស់​ស្បូន​ទៅ​លើ​សរសៃ​ឈាម​ធំ​ៗ​។

-ដាក់​ជើង​​អ្នក​ឱ្យ​បាន​ខ្ពស់​គ្រប់​ពេល ​ដែល​អាច​ធ្វើ​បាន​ដូច​ជានៅ​ពេល​ធ្វើ​ការ​ ឬ​ពេល​គេង​ឬ​តម្រង់​​ជើង​ឱ្យ​បាន​ញឹក​ញាប់​ពេល​អង្គុយ​លេង។

-ជៀស​វាង​ការ​អង្គុយ​គង​អន្ទាក់​ខ្លា​យូរ​។

-ឧស្សាហ៍​​ផ្លាស់​ប្តូរ​ឥរិយាបថ​ឬ​ដើរ​ហាត់​ប្រាណ​ដើម្បី​ជួយ​ចលនា​ឈាម​ហូរ​បាន​ល្អ​។

-ចូរ​កុំ​បាក់​ទឹក​ចិត្តព្រោះ​វា​អាច​បាត់​ទៅ​វិញក្រោយ​ពេល​សម្រាល​បុត្រ​រួច​។

ដោយ​ឡែក​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ក៏​បាន​បញ្ជាក់​ពី​សញ្ញា​​​​អាសន្ន​នៃ​ការ​ហើម​ជើង​កំឡុង​​ពេល​​មាន​ផ្ទៃ​ពោះដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រួម​មាន​៖

-លើស​សម្ពាធ​ឈាម

-ហត់​ដង្ហក់

-ទឹក​នោម​តិច

-ជើង​ឡើង​ក្រហម​ហើយ​ឈឺ​-ល-។

ករណី​​ជា​ការ​ហើម​ជើង​មាន​សញ្ញា​អាសន្ន គួរ​ប្រញាប់​រួស​រាន់​មក​ជួប​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​​ជំនាញដើម្បី​វិភាគ​រក​មូល​ហេតុ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ទទួល​ដំបូន្មានឬ​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ បន្ថែម​ពី​នោះ មន្ទីរ​ពេទ្យ​ក៏​បាន​ណែ​នាំឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះគួរ​តែ​តាម​ដាន និង​ពិនិត្យ​សុខភាពឱ្យ​បាន​ទៀង​ទាត់​​ជា​ប្រចាំ។ ក្នុង​ករណី​មាន​ការ​ហើម​ និង​ក្តី​បារម្មណ៍​​ណា​មួយគួរ​មក​ជួប​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ជំនាញ​សម្ភព នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតដើម្បី​ទទួល​បាន​នូវ​ការ​ប្រឹក្សា និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​ទាន់​ពេល​វេលាប្រកប​ដោយ​សុវត្ថិភាព៕