Image

រឿង “បាយថ្ងៃត្រង់ខុងជឺ”មានភាពល្បីល្បាញខ្លាំងតាំងពីសម័យចិនបុរាណកាលពី២៥០០ឆ្នាំមុនរហូតមកទល់បច្ចប្បន្នដែលបានផ្សព្វផ្សាយអប់រំមនុស្សឱ្យចេះគិតគូរពិចារណាស្វែងយល់ ឱ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងសម្រេចចិត្តសន្និដ្ឋានលើហេតុការណ៍ណាមួយ។

រឿងនេះត្រូវបានដកស្រង់ចេញពីដំណើរផ្សព្វផ្សាយលទ្ធិទស្សនវិជ្ជានៅទូទាំងពិភពចិនសម័យបុរាណ ដែលមានរយៈពេល១៣ឆ្នាំរបស់ទស្សនវិទូមហាកំផែង ខុង ជឺ។ រាល់ពេលចេញដំណើរម្តងៗ ខុង ជឺ តែងតែនាំសិស្សរបស់លោកជាច្រើននាក់ទៅ ជាមួយ។ ក្នុងចំណោមសិស្សទាំងអស់នោះមានសិស្សពីរនាក់ជាសិស្សជំនិតដ៏ទុកចិត្តបំផុតរបស់លោក ព្រោះតែគុណធម៌ និងភាពវាងវៃរបស់ពួកគេ។

ហើយរឿងនេះ មានដំណើរនិទានដូចតទៅ ៖

កាលវេលាមួយ ខុង ជឺបានដឹកនាំក្រុមសិស្សធ្វើដំណើរចេញពីនគរឡូ ឬនគរចូវ ដែលជាស្រុកកំណើតរបស់លោកទៅកាន់នគរជិតខាង (ចាប់ពីឆ្នាំ១០០០-២១០០មុនគ្រិស្តសករាជប្រទេសចិនត្រូវបានបែងចែកជាច្រើននគរ) ហើយគាត់បាននាំសិស្សសំណព្វទាំងពីរនាក់មកជាមួយគ្នាផងដែរ។

ក្នុងពេលធ្វើដំណើរនោះសិស្សរបស់គាត់មានការស្រេកឃ្លានជាខ្លាំង តែមិនមាននរណាម្នាក់ហ៊ានត្អូញត្អែរនោះទេព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេ។ នៅ ពេលទៅ​ ដល់នគរឈូពួកគេបានអស់ស្បៀងអាហារ តែសំណាងល្អដោយមានអ្នកស្រុកឈូធ្លាប់ឮល្បីឈ្មោះរបស់ ខុង ជឺពួកគេបានបរិច្ចាគអង្ករបន្តិចបន្តួចសម្រាប់ ខុង ជឺ និងសិស្សរបស់លោកសម្រាប់បរិភោគ។

គាត់បានបែងចែកការងារឱ្យសិស្សជំនិតរបស់គាត់ពីរនាក់ដោយម្នាក់នាំសិស្សដទៃទៅរកបន្លែ ហើយម្នាក់ទៀតនៅដាំបាយ។

ក្នុងពេលសិស្សម្នាក់កំពុងដាំបាយ ខុង ជឺកំពុងអានសៀវភៅ។ រំពេចនោះ គាត់បានឮសំឡេងចេញពីកន្លែងដាំបាយ គាត់ក៏ចូលទៅ មើលស្រាប់តែឃើញកូនសិស្សជាទីស្រលាញ់របស់គាត់ ដែលគាត់ទុកចិត្តខ្លាំងបំផុតនោះកំពុងតែដួសបាយហូបមុនគេមុនឯង ក្នុងកិរិយាកំពុងលាក់លៀមលួចមើលឆ្វេងស្តាំ។ ខុង ជឺមានការខកចិត្តយ៉ាងខ្លាំងចំពោះសិស្សម្នាក់នេះ ដែលលោកតែងតែទុកចិត្តជាងគេបំផុតបែរជាគេហ៊ានក្បត់នឹងគ្រូ ក៏ដូចជាមិត្តភក្តិយ៉ាងនេះទៅវិញ។

ពេលបាយថ្ងៃត្រង់ឈានមកដល់ប៉ុន្តែមុនចាប់ផ្តើមហូបបាយ ខុង ជឺនឹកឃើញវិធីមួយដើម្បីដេញតម្រិះសិស្សជើងល្អរបស់គាត់ ចាំមើលថាព្រមវាចារការពិតនូវអ្វីដែលគេបានធ្វើនោះឬអត់?

គិតហើយ ខុង ជឺ និយាយថា “គ្រូសូមអរគុណសិស្សទាំងអស់គ្នា ដែលបានតាមគ្រូមក ដោយមិនគិតពីការនឿយហត់និងមិនបានរអ៊ូរអ្វីទាំងអស់។ ឆ្លងកាត់ពេលវេលាជាច្រើនថ្ងៃមកហើយហើយថ្ងៃនេះគ្រូមានអារម្មណ៍ថានឹកស្រុកកំណើតរបស់យើង និងឪពុកម្តាយរបស់គ្រូណាស់គ្រូចង់យកបាយមួយចានតូច សម្រាប់សែនជូនវិញ្ញាណក្ខន្ធពួកគាត់ប៉ុន្តែមិនដឹងថាបាយនេះជាបាយល្អបរិសុទ្ធ ឬអត់?”។

សិស្សគ្រប់គ្នាមិនយល់ពីអ្វីដែលលោកគ្រូ ខុង ជឺរបស់ពួកគេនិយាយនោះទេ ប៉ុន្តែរំពេចនោះសិស្សម្នាក់ដែលជាអ្នកដាំបាយក៏បាននិយាយថា “មិនអាចទេលោកគ្រូ បាយទាំងនេះមិនស្អាតស្អំបរិសុទ្ធឡើយពីព្រោះខ្ញុំបានហូបវាមុនបាត់ទៅហើយលោកគ្រូ​”។

ខុង ជឺ ធ្វើដូចជាភ្ញាក់ផ្អើល ហើយបន្តសួរទៀតថា “ហេតុអ្វីបានជាឯងធ្វើដូច្នេះ?” សិស្សនោះឆ្លើយថា “នៅពេលខ្ញុំកំពុងដាំបាយស្រាប់តែមានខ្យល់បក់កម្ទេចធូលីហុយចូលបាយក្នុងឆ្នាំងធ្វើឱ្យផ្នែកខាងលើប្រឡាក់ទៅដោយធូលីដី ខ្ញុំមិនហ៊ានដួសបាយប្រឡាក់ដីនោះចេញទេពីព្រោះបាយកំពុងមានតិចស្រាប់ផង ប្រសិនបើខ្ញុំដួសវាចេញនោះពួកយើងនឹងមិនអាចហូបឆ្អែតគ្រប់គ្នានោះឡើយដូច្នេះហើយខ្ញុំក៏សម្រេចចិត្តហូបបាយដែលប្រឡាក់ដីខាងលើនោះមុនគេទៅលោកគ្រូ”។

សិស្សដដែលនោះបាននិយាយបន្តទៀតថា “ខ្ញុំមិនហ៊ានប្រាប់លោកគ្រូ និងអ្នកទាំងអស់គ្នាទេ ដោយខ្ញុំគិតថាខ្ញុំមិនហូបបាយដែលនៅសល់នេះទៀតឡើយគឺហូបតែបន្លែទៅបានហើយ ដើម្បីទុកបាយជូនលោកគ្រូ និងអ្នកទាំងអស់គ្នាពិសា”។

ខុង ជឺនិងសិស្សដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើស្មោះត្រង់បរិសុទ្ធរបស់សិស្សជំនិតម្នាក់នោះហើយលោកក៏បានពោលថា “ព្រះអើយហេតុការណ៍ដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយវានៅតែមិនអាចឱ្យខ្ញុំយល់ត្រឹមត្រូវបានទៀតពិតជាគួរឱ្យសោកស្តាយនូវគំនិតទុទិ្ទដ្ឋិនិយមរបស់ខ្ញុំនៅមុននេះណាស់”។

រឿងនេះបានបង្កប់អត្ថន័យឱ្យយើងយល់ច្បាស់អំពីសុភាសិតរបស់ខុង ជឺ “កុំហ៊ានសន្និដ្ឋាននូវអ្វីដែលអ្នកគ្រាន់តែឃើញ តែមិនទាន់បានស្វែងយល់”ដែលមុននឹងសម្រេចចិត្តសន្និដ្ឋានលើអ្វីមួយនោះចាំបាច់ត្រូវតែស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិនចៀសវាងការស្តាយក្រោយបង្កវិប្បដិសារីដល់ខ្លួនឯង៕

អត្ថបទដកស្រង់ និងកែសម្រួល៖ Kom-nit; thehrdaily