ថ្នាំអប់សក់មានតួនាទីជួយពង្រឹងឫសសក់ធ្វើឱ្យសក់មានសុខភាពល្អ និងទន់រលោងស្អាត។ ប៉ុន្តែថ្នាំអប់ដែលអ្នកទិញនៅតាមផ្សារ ឬតាមហាងលក់ទំនិញតិចឬច្រើនសុទ្ធតែមានផ្ទុកសារធាតុគីមី។ ដូច្នេះដើម្បី​ជួយ​ឱ្យ​អ្នក​បាន​ថ្នាំ​អប់​សក់​ដ៏​ល្អចំណាយ​អស់​តិច និង​មិន​ប៉ះពាល់​សុខភាព អ្នក​អាច​សាកល្បង​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ដូច​ខាង​ក្រោម។

១.ស៊ុត និង​យ៉ាអួ

សម្បូរទៅដោយ​ជាតិ​ប្រូតេអ៊ីនស៊ុត​គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​​នៃ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ​ដូច​ជាវីតាមីនA, B, B12 ​និង​D​ ជាតិ​ដែក ប៉ូតាស្យូម អាស៊ីត​ខ្លាញ់ និង​កាល់ស្យូម។ ​វីតាមីន​សំខាន់ៗ​ទាំង​នេះ ហើយ​និង​កាល់ស្យូម​ជួយ​ការពារ​សក់​របស់​អ្នក​ពី​ការ​ផុយ​ខូច និង​ការ​ពារ​សក់​ជ្រុះ។ អាស៊ីត​ខ្លាញ់​ជួយ​ឱ្យ​សក់​ភ្លឺ​រលោង។ ចំណែក​យ៉ាអួ​ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ​ឡាក់តិច និង​ស័ង្កសី​ជួយ​ឱ្យ​សក់​ឡើង​ទន់​ល្មើយ និង​លូតលាស់​បាន​ល្អ។

គ្រឿងផ្សំ​ដែល​ត្រូវ​ការ៖

- ស៊ុត១-២ គ្រាប់

- យ៉ាអួ​១​ពែង

- ក្រូចឆ្មារ​មួយ​ចំណិត

- ប្រេង​អូលីវ​២​ស្លាបព្រាបាយ

វិធី​ធ្វើ៖

លាយ​​គ្រឿង​ផ្សំ​ទាំង​អស់​នេះ​បញ្ចូល​គ្នា​កូរ​ឱ្យ​សព្វ។ ប្រសិន​បើ​ស្បែក​ក្បាល​របស់​អ្នក​ឡើង​ប្រេង តែ​ចុង​សក់​មាន​សភាព​ស្ងួត អ្នក​អាច​ប្រើ​តែ​ស៊ុត​ស​បាន​ហើយ មិន​បាច់​ប្រើ​ប្រេង​អូលីវ​ទេ។ លាប​ល្បាយ​ដែល​លាយ​រួច​នេះ​តាំង​ពី​គល់​សក់​ដល់​ចុង​សក់ ទុក​ចោល​២០​នាទី រួច​ទើប​​ប្រើ​សាប៊ូ​ដើម្បី​និង​ទឹក​ស្អាត​ចេញ។

២.ចេក និង​ប្រេង​ដូង

ចេក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម វីតាមីន​ច្រើន​មុខ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ប្រេង​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ធ្វើ​ជា​ថ្នាំ​អប់​សក់។ ​វីតាមីន​ A, C ​និង​E ជួយ​បង្កើន​ជាតិ​ចិញ្ចឹម និង​ពង្រឹង​ហ្វូស៊ីល​សក់ជួយ​ឱ្យ​សក់​ដុះ​បាន​ល្អ។ចំណែក​ប៉ូតាស្យូម​ជួយ​ព្យាបាល​សក់​ខូច។ ប្រេង​ដូងនិង​ទឹក​ឃ្មុំ​វិញ​​មាន​ជាតិ​ប្រឆាំង​អ៊ុកស៊ីតកម្ម និង​ការពារ​ការ​ឆេះ។ ថ្នាំ​អប់​នេះ​ជួយ​ព្យាបាល​ស្បែក​ក្បាល​ដែល​ឡើង​អង្គែស្ងួត និង​រមាស់។

គ្រឿង​ផ្សំ៖

- ចេក​ទុំ​១-២ ផ្លែ

- ប្រេង​ដូង១​ស្លាប​ព្រា​កាហ្វេ

- ទឹក​ឃ្មុំ​១​ស្លាប​ព្រា​កាហ្វេ

- ប្រេង​អូលីវ​១​ស្លាប​ព្រា​កាហ្វេ

វិធី​ធ្វើ៖

កិន​ផ្លែ​ចេក​ជាមួយ​ប្រេង​អូលីវ​ឱ្យ​ម៉ត់​ល្អ រួច​សឹម​ថែម​ប្រេង​ដូងនិង​ទឹក​ឃ្មុំ​កូរ​ឱ្យ​សព្វ។ លាប​ល្បាយ​នេះ​ឱ្យ​ពេញ​សក់ទុក​ចោល​ឱ្យ​វា​ជ្រាប​ចូល​ស្បែក​ក្បាល​១៥​នាទី រួច​លាងចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ។ ប្រើ​សាប៊ូ​កក់​ចេញរួច​លាង​សម្អាត​ឱ្យ​ស្អាត​ចុងក្រោយ។

៣.ផ្លែ​ប័រទឹក​ដោះ​គោ ប្រេង​អូលីវ

ថ្នាំ​អប់​សក់​ដែល​ចម្រាញ់​ចេញ​ពី​គ្រឿង​ផ្សំ​ទាំង​៣​មុខ​នេះ​ល្អ​បំផុត​សម្រាប់​ធ្វើ​ឱ្យ​សក់​មាន​សំណើម​ពេញ​មួយ​ថ្ងៃ។ ផ្លែ​ប័រ​មាន​បាយអូទីន (Biotin) ​ដែល​ជួយ​​ធ្វើ​ឱ្យ​សក់​រឹង​មាំ ចំណែក​ប្រេង​អូលីវ​ជួយ​ឱ្យ​សក់​រលោង​រលាស់​ស្អាតមិន​ជំពាក់។

គ្រឿង​ផ្សំ

- ផ្លែ​ប័រ​ទុំ​១​ផ្លែ

- ទឹក​ដោះ​គោ​១​ពែង

- ប្រេង​អូលីវ​១/៤ពែង

វិធី​ធ្វើ

លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ឱ្យ​សព្វនិង​ម៉ត់​ល្អ រួច​យក​មក​លាប​លើ​សក់ ទុក​ចោល​១​ម៉ោង​កន្លះទើប​លាង​ចេញ។ បន្ទាប់​មក​ទើប​ប្រើ​សាប៊ូ​ដើម្បី​លាង​សម្អាត​ម្ដង​ទៀត​ឱ្យ​ស្បែក​ក្បាល​ស្អាត​ល្អ៕