សត្វពស់ជាប្រភេទសត្វដែលកាចសាហាវដោយនរណាៗក៏មានការខ្លាចរអាជាមួយពិសរបស់វា ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបានយ៉ាងងាយស្រួល។ ជាធម្មតានៅតាមតំបន់ដែលសម្បូរព្រៃឈើច្រើននៅពេលដែលមានភ្លៀងធ្លាក់ ឬទឹកជំនន់លិចលង់ម្ដងៗ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសត្វពស់ពិសដែលអាចលូនចូលក្នុងផ្ទះរបស់ពួកគេ។ ប៉ុន្តែបងប្អូនមានដឹងដែរឬទេថា មានរុក្ខជាតិមួយចំនួនដែលសត្វពស់មិនហ៊ានចូលក្បែរ ដោយសារតែឥទ្ធិពលក្លិនរបស់រុក្ខជាតិទាំងនោះ។ ដូច្នេះខាងក្រោមនេះជាប្រភេទរុក្ខជាតិមួយចំនួនដែលអ្នកចាំបាច់ត្រូវមាននៅក្នុងបរិវេណផ្ទះ ដើម្បីការពារពីការយាយីដោយសត្វពស់។

១.ដើមក្រូចសើច៖ ក្រូចសើចជាប្រភេទរុក្ខជាតិម្យ៉ាងដែលប្រជាពលរដ្ឋខ្មែរនិយមដាំ ហើយយកទៅប្រើប្រាស់ចំពោះមុខម្ហូបមួយចំនួនឱ្យមានឱជារសឈ្ងុយឆ្ងាញ់ ហើយវាក៏ជាឱសថបុរាណពីធម្មជាតិអាចយកមកព្យាបាលជម្ងឺ និងជួយឱ្យសុខភាពល្អ។ ក្រៅពីអត្ថប្រយោជន៍ទាំងនេះហើយ ក្រូចសើចក៏អាចបណ្ដេញសត្វពស់ឱ្យចេញឆ្ងាយបានដែរ ពីព្រោះសត្វពស់ចាញ់ក្លិនក្រូចសើចយ៉ាងខ្លាំង នៅពេលមានក្លិនរុក្ខជាតិនេះនៅទីណា ទីនោះគ្មានពស់ហ៊ានចូលក្បែរឡើយ។ ចាស់ៗនៅសម័យមុននិយមបោះស្លឹកក្រូចសើចទៅតាមទីកន្លែងមួយចំនួនដូចជា នៅក្បែររបងផ្ទះ ក្នុងគំនរអុស ឬទីងងឹតដែលពស់អាចលាក់ខ្លួនបានដើម្បីបណ្ដេញវាឱ្យចេញឆ្ងាយ។

២.ស្លឹកគ្រៃ៖ ស្លឹកគ្រៃជាឱសថដែលគេនិយមប្រើជំនួយដល់ការផ្សំរសជាតិរបស់ម្ហូប និងដើម្បីបន្ថែមក្លិនដល់អាហារឱ្យឈ្ងុយឆ្ងាញ់ផងដែរ។ ក្រៅពីនេះក្លិនរបស់ស្លឹកគ្រៃ ក៏ពស់មិនចូលចិត្តដែរ ដូច្នេះទើបកន្លែងណាដែលមានស្លឹកគ្រៃសត្វពស់មិនបង្ហាញខ្លួនឡើយ ទើបប្រជាពលរដ្ឋនិយមដាំគុម្ពស្លឹកគ្រៃនៅតាមរបងផ្ទះ ដើម្បីជាប្រយោជន៍ផង និងដើម្បីបណ្ដេញពស់ផង។ ជាពិសេសនោះស្លឹកគ្រៃ គឺអាចធ្វើឱ្យពស់ខ្លាចយ៉ាងខ្លាំង ព្រោះស្លឹកវាអាចមុតខ្លួនពស់បាន ប្រសិនបើវាលូនចូលទៅក្បែរ​។

៣.ផ្កាស្បៃរឿង៖ គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលគេនិយមដាំសម្រាប់លម្អផ្ទះ ដោយសារតែផ្ការបស់រុក្ខជាតិនេះស្អាត ប៉ុន្តែសម្រាប់ក្លិនរបស់វាវិញមានសភាពក្រពុលខ្លាំង ហើយមនុស្សភាគច្រើនក៏មិនសូវចូលចិត្តក្លិនរបស់វាដែរ។ ចំណែកឯសត្វពស់វិញ ក៏រឹតតែមិនចូលចិត្តក្លិនស្បៃរឿងលើសមនុស្សទៅទៀត​ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ស្បែក និងភ្នែកងរបស់ពស់ជាខ្លាំង។ អ្នកប្រហែលមិនដឹងទេថាលម្អងផ្កាស្បៃរឿងពស់ខ្លាចបំផុត បើវាធ្លាក់លើខ្លួនពស់ នោះនឹងបណ្ដាលឱ្យវាខូចស្បែកនិងខូចភ្នែករបស់វា។

៤.ដើមដំបងយក្ស៖ ធម្មជាតិរបស់សត្វពស់ គឺខ្លាចបន្លាជាទីបំផុត ហើយវាតែងនៅឆ្ងាយពីរុក្ខជាតិ ឬទីកន្លែងណាដែលមានបន្លា។ ដូច្នេះដើមឈើដែលមានបន្លាគឺជាសត្រូវដ៏ធំបំផុតរបស់ពស់ ដូច្នេះហើយបើអ្នកមិនចង់ឱ្យមានសត្វពស់មកនៅក្នុងទីកន្លែងដែលអ្នករស់នៅទេ អ្នកគួរតែមានប្រភេទរុក្ខជាតិដែលមានបន្លានៅតាមរបងផ្ទះឱ្យបានច្រើន។

៥.ប្រទាលលំពែងនាគរាជ៖ រូបរាងរបស់ប្រទាលនេះមានសណ្ឋានធំស្រួច ហើយដុះត្រង់ទៅលើ និងស្រុះគ្នាថែមទៀតផង។ ប្រទាលនេះក៏មានលក្ខណៈសម្បត្តិយ៉ាងពិសេសសម្រាប់ការពារអ្នកពីសត្វពស់ផ្សេងៗកុំឱ្យចូលមកក្បែរអ្នកបានយ៉ាងមានប្រសិទ្ធិភាព។ 

បើអ្នកបានដឹងហើយថារុក្ខជាតិដែលបានរៀបរាប់នៅខាងលើអាចការពារអ្នកពីការយាយីរបស់សត្វពស់បាន នៅក្នុងផ្ទះរបស់អ្នកយ៉ាងហោចណាស់គួរមានពីរទៅបីមុខដើម្បីបានលម្អផ្ទះឱ្យស្អាតផងនិងអាចឱ្យអ្នកមានសុវត្តិភាពពីសត្វពស់បានថែមទៀតផង។ មិនតែប៉ុណ្ណោះក៏អាចនាំសីរីសួស្ដីដល់សមាជិកគ្រួសាររបស់អ្នកបានដែរ៕