សូមចុចទីនេះ ដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ស្បែកជាផ្នែកដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់ៗរូប ដែលតែងតែមានរបៀបក្នុងការថែរក្សាសុខភាពស្បែកផ្សេងៗគ្នា ដោយហេតុថាមានមនុស្សមួយចំនួន ហ៊ានចំណាយលុយរាប់ពាន់ដុល្លារដើម្បីធ្វើឱ្យស្បែកស្អាតសភ្លឺរលោង និងកាន់តែមានភាពទាក់ទាញថែមមួយកម្រិតទៀត។ មាន​វិធីសាស្រ្ត​ជាច្រើន អាចធ្វើឱ្យស្បែកសបានយ៉ាងឆាប់រហ័សដូចជាការប​កស្បែក ការត្រាំទឹកដោះគោស្ងួត​និងការចាក់បញ្ចូលវីតាមីនជាដើម។ យ៉ាងណាមិញនៅក្នុងអត្ថបទនេះនឹងបង្ហាញពីគុណសម្បត្តិគុណវិបត្តិនៃការបកស្បែក និងការត្រាំទឹកដោះគោស្ងួត។

ទី១ ការបកស្បែក

មានបងប្អូនស្ត្រីជាច្រើនដែលមានការពេញនិយមខ្លាំងចំពោះការបកស្បែក ពីព្រោះការបកស្បែកធ្វើឱ្យស្បែកសបានលឿន ហើយមានសភាពភ្លឺរលោង ប្រសិនបើយើងថែរក្សាបានដិតដល់តាមការណែនាំមួយចំនួនដូចជា ប្រើឡេការពារកម្ដៅថ្ងៃរៀងរាល់ពេលចេញទៅខាងក្រៅ ខាត់ស្បែកជាមួយផលិតផលធម្មជាតិ  ដូចជា អំពិលទុំ  ល្មៀត  ពន្លៃ  កាហ្វេជាដើម ប្រើឡេផ្ដល់សំណើមដល់ស្បែក ការពារស្បែកពីពន្លឺព្រះអាទិត្យ។ ទាំងនេះសុទ្ធតែជាវិធីសាស្រ្តខ្លះដើម្បីរក្សាស្បែកឱ្យនៅតែស្អាតជានិច្ច។

ការបកស្បែកក៏បង្កផលប៉ះពាល់ខ្លាំងដល់សុខភាពស្បែក ប្រសិនបើអ្នកបណ្ដោយឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យខ្លាំង មិនមានវិធីសាស្រ្តថែរក្សា​ឱ្យបានត្រឹមត្រូវតាមការណែនាំខាងលើទេនោះ។ ស្បែករបស់អ្នកអាចប្រឈមជាមួយជម្ងឺមហារីក ជម្ងឺសើរស្បែកជាដើម ព្រោះតែក្រោយពេលបកស្បែករួច ស្បែកដែលបកមិនមានសុខភាពធម្មតាដូចស្បែកដែលមិនទាន់បកនោះទេ។

ទី២ ការត្រាំទឹកដោះគោស្ងួត

ក្នុងចំណោមជម្រើសល្អជាច្រើនដើម្បីជួយឱ្យស្បែកស ភ្លឺរលោង ការត្រាំទឹកដោះគោស្ងួតជាជម្រើសដល់ល្អមួយចំពោះស្បែកដែលមានបញ្ហាដូចជា ខ្មៅស្រអាប់ មិនរលោង គ្មានសំណើម គឺមានវិធីសាស្ត្រដើម្បីជួយបានហើយថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង។ ការត្រាំទឹកដោះគោ អ្នកអាចធ្វើដោយខ្លួនឯងបានដើម្បីជឿជាក់ផងថាទឹកដោះគោដែលយើងបានត្រាំជារបស់ដែលគ្មាសារធាតុគីមី ដែលបង្កឱ្យមានការខូចដល់ស្បែករបស់អ្នក។​ ការត្រាំទឹកដោះគោមានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយឱ្យស្បែកទន់ ម៉ដ្ឋរលោង ការពារនិងព្យាបាលបញ្ហាស្បែក ប្រឆាំងភាពចាស់ និងបំបាត់ស្នាមផ្សេងៗ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយបំបាត់ស្ត្រេស។

ដូចដែលលោកអ្នកបានដឹងហើយថា ស្បែកជាផ្នែកសំខាន់ដែលតម្រូវឱ្យអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នបានខ្ពស់ មុននឹងសម្រេចចិត្តធ្វើការបកស្បែក ឬក៏ការប្រើប្រាស់មិនថាផលិតផលអ្វីក៏ដោយសុទ្ធសឹងតែបង្កនៅគុណសម្បត្តិ និងគុណវិបត្តិតាមតិចច្រើនប៉ុណ្ណោះ ដូច្នេះហើយអ្នកត្រូវតែជ្រើសរើសយកការសម្រេចចិត្តណាមួយដែលត្រឹមត្រូវព្រមទាំងមិនបង្កហានិភ័យខ្លាំងពេកមកដល់ស្បែករបស់អ្នកឡើយនៅពេលអនាគត៕