ទូទឹកកក​គឺ​ជា​កន្លែង​សម្រាប់​រក្សា​ទុក​ម្ហូប​អាហារ​ ត្រី​សាច់​ឱ្យ​បាន​យូរ និង​រក្សា​គុណភាព។ ប៉ុន្តែ​មិន​គ្រប់​បន្លែ​ផ្លែ​ឈើ ​សាច់​ និង​គ្រឿង​ទេស​ទាំង​អស់​សុទ្ធ​តែ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​បាត់​រស​ដើម​របស់​បន្លែ​ទាំង​នោះ​ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៅ​វិញ។ ដូច្នេះ​សូម​ស្វែង​យល់​អំពី​របស់​៥​មុខ​ដែល​មិន​គួរ​ដាក់​ចូល​ទូទឹកកក​ដូច​ខាង​ក្រោម។

១. ខ្ទឹមបារាំង៖

ការ​ដាក់​ខ្ទឹម​បារាំង​ចូល​ក្នុង​ទូទឹកកក​នឹង​បណ្ដាល​ឱ្យ​ឆាប់​ទន់ និង​ឡើង​ទុំ ថែម​ទាំង​ធ្វើ​ឱ្យ​ទូ​មាន​ក្លិន​មិន​ល្អ​ប៉ះពាល់​ទៅ​ដល់​​បន្លែ​ផ្សេង​ទៀត​ផង​ដែរ។ គួរ​រក្សា​ទុក​ខ្ទឹម​បារាំង​ទាំង​នោះ​នៅ​កន្លែង​ស្ងួត​ និង​មិន​ក្ដៅ​ពេក ហើយ​ក៏​មិន​គួរ​ទុក​ក្នុង​ថង់​ហប់​ខ្យល់​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ខ្ទឹម​បារាំង​ដុះ​ចេញ​ពន្លក​មិន​អាច​យក​ទៅ​ធ្វើ​ម្ហូប​បាន។ 

២. ទឹក​ឃ្មុំ៖

ការ​រក្សា​ទុក​ទឹក​ឃ្មុំ​នៅ​ក្នុង​ទូទឹកកក​នឹង​បង្ក​ឱ្យ​ទៅ​ជា​ឡើង​ក្រាម ឬ​កក​ដុំៗ។ ទឹក​ឃ្មុំ​សុទ្ធ​​ធម្មជាតិ​នឹង​​នៅ​តែ​ស្រស់​ថ្មី និង​ល្មួត​ល្អ​នៅ​ពេល​រក្សា​ទុក​កន្លែង​ខាង​ក្រៅ​ទូ​ទឹកកក​ដែល​មាន​សីតុណ្ហភាព​​មិន​ក្ដៅ ក៏​មិន​ត្រជាក់​ពេក ហើយ​ត្រូវ​​ប្រាកដ​ថា​គ្រប​គម្រប​បាន​ជិត​ល្អ។

៣. ផ្លែ​បឺ៖

វិធី​ដែល​ល្អ​ដើម្បី​រក្សា​ទុក​ផ្លែ​បឺ​គឺ​ទុក​ក្នុង​កញ្ចប់​ក្រដាស​ និង​នៅ​ក្រៅ​ទូ​ទឹកកក។ ការ​ដាក់​វា​ក្នុង​ទូ​ទឹកកក​នឹង​បែរ​ជា​ពន្យឺត​​ភាព​ទុំ​របស់​វា​ទៅ​វិញ។ ដូច្នេះ​ដើម្បី​ចង់​ឱ្យ​វា​ទុំ​លឿន ចូរ​ដាក់​ផ្លែ​បឺ​នៅ​ជិត​ផ្លែ​ចេក នោះ​ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ​នឹង​ទុំ​លឿន​គួរ​ឱ្យ​ចង់​ញ៉ាំ។

៤. គ្រឿង​កំប៉ុង​ដែល​បើក​រួច៖

គ្រឿង​កំប៉ុង​ដែល​គាស់ ឬ​បើក​គម្រប​រួច​តែ​ប្រើ​មិន​អស់ មិន​គួរ​យក​ទៅ​ទុក​ក្នុង​ទូ​ទឹកកក​ឡើយ។ ទោះ​បី​​សីតុណ្ហភាព​ត្រជាក់​ដែល​ភាយ​ចេញ​ពី​ទូ​អាច​ជួយ​​ឱ្យ​អាហារ​ក្នុង​កំប៉ុង​នោះ​រក្សា​ទុក​បាន​យូរ តែ​វា​អាច​បម្លែង​ជាតិ​ដែក​ដែល​ចេញ​ពី​អាស៊ីត​នៃ​កំប៉ុង​នោះ​ចូល​ទៅ​ក្នុង​ម្ហូបដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ វិធី​ល្អ​ដើម្បី​រក្សា​ទុក​ គឺ​ចាក់​អាហារ​នោះ​ចេញ​ពី​កំប៉ុង​ដែក​ចូល​ទៅ​ក្នុង​ប្រអប់​ឬ​ចាន​ផ្លាស្ទិក​ដែល​មាន​គម្រប​ត្រឹម​ត្រូវ ហើយ​សឹម​យក​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក។

៥. ប្រេង​ដូង៖

ប្រេង​ដូង​អាច​រក្សា​ទុក​នៅ​ខាង​ក្រៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បាន​រហូត​ទៅ​ដល់​២​ឆ្នាំ។ ការ​រក្ស​ទុក​​ក្នុង​ទូ​ទឹកកក​នឹង​ធ្វើ​ឱ្យ​ប្រេង​ដូង​នេះ​ឡើង​ទៅ​ជា​រឹង កក​​ពិបាក​ដួស​។ ខុស​ពី​ប្រេង​ដទៃ​ទៀត​ដែល​អាច​នឹង​រក្សា​ភាព​រាវ​បាន​ក្នុង​សីតុណ្ហភាព​ត្រជាក់ ប្រេង​ដូង​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ដែល​នឹង​នាំ​ឱ្យ​ឡើង​កក​ទៅ​វិញ៕