លោកអ្នក ច្បាស់ជាស្គាល់ខ្លះហើយពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា។ លោកបានក្លាយជាប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិកពីរអណត្តិ។ ហើយមានមនុស្សជាច្រើនបានកោតសរសើរលោក ពីកិច្ចការដឹកនាំ ហើយថែមទាំងជាមេដឹកនាំ ដែលមានអត្តចរិតទន់ភ្លន់ រួសរាយ មានទេពកោសល្យក្នុងការនិយាយ និងស្គាល់ទុកធុរៈប្រជាពលរដ្ឋ ដែលធ្វើឱ្យមហាជនគោរពស្រលាញ់លោក។ ដោយផ្អែកលើចំណុចពិសេសៗផ្ទាល់ខ្លួនរបស់លោកក្នុងការដឹកនាំ អ្នកសារព័ត៌មានអន្តរជាតិ បានយកមកបង្ហាញដូចខាងក្រោម៖
១.ភាពដឹកនាំចាប់ផ្តើមពីការស្តាប់
តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកអូបាម៉ា មានទម្លាប់មួយគឺរៀងរាល់ល្ងាច លោកតែងអានសំបុត្រចំនួន១០ច្បាប់ ដែលផ្ញើពីប្រជាពលរដ្ឋអាមេរិក។ អានរៀងរាល់ល្ងាចក្នុងរយៈពេល៨ឆ្នាំ ដែលបង្ហាញថាបញ្ហាប្រឈមសំខាន់ៗពីពលរដ្ឋអាមេរិកបានឮ និងស្វែងយល់នៅក្នុងសេតវិមានរបស់ប្រធានាធិបតី (The White House) ។ លោកបានលើកឡើងថា ការសម្រេចចិត្តរបស់អ្នកដឹកនាំនីមួយៗ តែងមានឥទ្ធិពលលើមនុស្សរាប់លាននាក់ដូចនេះ លោកយល់ថា គ្រប់ស្ថាប័នទាំងអស់គួរមានយន្តការទទួលស្តាប់គ្រប់មតិយោបល់ផ្សេងៗ ហើយការស្តាប់ នឹងធ្វើឱ្យកើនការពិចារណាបានល្អិតល្អន់ ធ្វើឱ្យការសម្រេចចិត្តមានភាពច្បាស់លាស់។
២.ថ្លឹងថ្លែងស្ថានភាពដោយយុទ្ធសាស្រ្តរយៈពេលវែង និងខ្លី
នៅពេលលោកអូបាម៉ាជាប់ជាប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០០៨ វិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរបានផ្ទុះឡើង។ ជាមួយស្ថានការណ៍នេះ ផែនការរយៈពេលវែងសម្រាប់ដឹកនាំនឹងត្រូវប៉ះពាល់ជាឧទាហរណ៍មួយលោកត្រូវប្រឈមនឹងបញ្ហាប្រជាពលរដ្ឋគ្មានការងារធ្វើប្រមាណ៨សែននាក់។ យ៉ាងណាមិញលោកបានឆ្លើយតបនឹងវិបត្តិទាំងនោះវិញដោយទប់ស្ថានភាពនោះឱ្យមានត្រលប់ទៅភាពដើមជាមុនសិនដែលនោះ គឺលោកស្គាល់មនុស្សច្បាស់នូវមនុស្សដែលមានជំនាញអាចដោះស្រាយបញ្ហានោះបាន។ហេតុផលនេះដែលដំណោះស្រាយបន្ទាន់ (រយៈពេលខ្លី) របស់លោកតែងមានប្រសិទ្ធិភាពហើយអាចបន្តទិសដៅផែនការរយៈពេលវែងទៅមុខបន្ត។
៣.ទំនាក់ទំនងល្អកើតពីភាពស្មោះត្រង់
សម្រាប់ប្រធានាធិបតីអាមេរិករូបនេះ មហាជនស្គាល់និងចាត់ទុកលោកជាមនុស្សដែលមានទេពកោសល្យក្នុងការនិយាយមួយរូប។ អ្វីដែលជាចំណុចពិសេសនោះគឺលោកទុកចិត្តនូវអ្វីដែលលោកបាននិយាយ ហើយចាប់យកតែចំណុចសំខាន់សម្រាប់យកមកបង្ហាញបូកផ្សំ និងការនិយាយដោយភាពស្មោះត្រង់ និងច្បាស់លាស់ដែលធ្វើឱ្យការលើកឡើងរបស់លោកតែងមានឥទ្ធិពលនិងប្រសិទ្ធិភាព។
៤.បង្កើតចក្ខុវិស័យវែងឆ្ងាយ
លោកប្រធានាធិបតីអាមេរិកទី៤៤ ដែលមានដើមកំណើតជាកូនកាត់អាមេរិក-កេនយ៉ារូបនេះ ក៏តែងមានការសម្លឹងមើលវែងឆ្ងាយតាមរយៈសកម្មភាពរបស់លោក។ ជាក់ស្តែង លោកតែងបង្កើតឱកាសធ្វើការជួបប្រាស្រ័យជាមួយយុវជនជំនាន់ក្រោយ ដើម្បីផ្តល់ជាគំនិតដល់ពួកគេឱ្យចេះចូលរួមជួយធ្វើឱ្យពិភពលោកជាកន្លែងប្រសើរឡើង និងគួរឱ្យចង់រស់នៅ ឱ្យខុសពីលំអានប្រវត្តិសាស្រ្តមុន ដែលកើតមានសង្គ្រាមហិង្សានិងបញ្ហាផ្សេងៗ។ ត្រង់នេះលោកបានលើកឡើងថាយើងម្នាក់ឯងមិនអាចដោះស្រាយ និងផ្លាស់ប្តូរបញ្ហាធំក្នុងរយៈពេលតែមួយថ្ងៃ ឬតែក្នុងពេលកាន់តំណែងជាប្រធានាធិបតីនោះទេ ដូចនេះអ្នកជំនាន់ក្រោយៗជាតួអង្គសំខាន់ និងជាអ្នកបន្តសមត្ថភាពតាមទស្សនវិស័យសុទិដ្ឋិនិយម ដែលជឿជាក់នឹងស្រាយបញ្ហាទាំងនោះបាននាថ្ងៃអនាគត។
៥.ប្រៀបធៀបសមិទ្ធផលពីអតីត និងបច្ចុប្បន្ន
សំណួរដែលលោកនិយមសួរខ្លួនឯងគឺអ្វីសំខាន់បំផុតក្នុងជីវិតរបស់លោក? ហើយអ្វីដែលសំខាន់សម្រាប់លោកគួរចំណាយពេលវេលាទៅលើវា? អ្វីដែលជារឿងសំខាន់នៅពេលលោកត្រូវសម្លឹងមើលទៅអតីតកាល? ចំណុចនេះហើយគេកត់សម្គាល់ឃើញថាលោកអូបាម៉ា ទោះមានភាពរួសរាយបង្កបរិយាកាសរីករាយច្រើន តែលោកបំពេញការងារដោយយកចិត្តទុកដាក់។ លោកបានលើកឡើងពីមុខតំណែងជាប្រធានាធិបតីប្រៀបដូចនឹង ការរត់បណ្តាក់ជាក្រុមដែលការងារនេះត្រូវប្រើសមត្ថភាពឱ្យអស់ពីចិត្តពីថ្លើមក្នុងរយៈពេលដែលអ្នកធ្វើបាន។ ដូចនេះ នៅពេលបច្ចុប្បន្នណាមួយដែលអ្នកត្រូវសម្លឹងមើលផលពីអតីតកាល ឬពេលណាមួយក្នុងវ័យជរា អ្នកនឹងអាចពេញចិត្តចំពោះអ្វីដែលបានធ្វើរួចកន្លងមក ហើយនោះជារឿងសំខាន់ដែលបំពេញអត្ថន័យជីវិតរបស់អ្នក៕