សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គ្រប់គ្នាដឹងហើយថាការបំបៅកូនដោយទឹកដោះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការលូតលាស់របស់កូនទាំងប្រាជ្ញានិងផ្លូវកាយ។ ប៉ុន្តែក៏មានម៉ាក់ៗមិនតិចដែរដែលបានជួបបញ្ហាទឹកដោះមិនសូវចេញ ឬចេញមិនគ្រប់ឱ្យកូនមឹមឆ្អែត ហើយអ្នកខ្លះគ្មានសោះតែម្ដង។ តើមានកត្តាអ្វីខ្លះដែលនាំម្ដាយមួយចំនួនមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់សម្រាប់កូន?

១. ស្ត្រេស

កត្តាសុខភាពរបស់ម្ដាយគឺជារឿងសំខាន់ដែលប៉ះពាល់ដល់ការផលិតទឹកដោះ។ ភាពស្ត្រេសក៏នឹងជាមូលហេតុដ៏ចម្បងនៃរឿងនេះដែរ។ អ្នកអាចសង្កេតបានថា កាលណាអ្នកម្ដាយតែងជួបប្រទះអារម្មណ៍ស្ត្រេសតានតឹង ឬម៉ួម៉ៅច្រើនតាំងពីក្នុងពេលពពោះរហូតដល់កើត វានឹងប៉ះពាល់ដល់មិនត្រឹមតែអារម្មណ៍តែក៏ប៉ះពាល់ដល់មុខងារក្នុងរាងកាយផងដែរ ជាពិសេសសមត្ថភាពផលិតទឹកដោះនេះតែម្ដង។ ហេតុនេះហើយទើបគ្រូពេទ្យតែងណែនាំឱ្យអ្នកម្ដាយធ្វើចិត្តឱ្យសប្បាយៗ ដើម្បីកុំឱ្យប៉ះពាល់ដល់កូនទាំងពេលនៅក្នុងផ្ទៃនិងពេលក្រោយកើតចេញមក។

២. កត្តាអរម៉ូន

អរម៉ូនគឺជាកត្តាធំមួយពាក់ព័ន្ធនឹងការផលិតទឹកដោះ។ Estrogen ហើយនិងPrgesterone គឺជាបណ្ដាអរម៉ូនដែលជួយជំរុញការផលិតទឹកដោះក្នុងអំឡុងពេលពេញវ័យនិងពេលពពោះ។ ការមិនមានទឹកដោះគ្រប់គ្រាន់ ឬគ្មានទឹកដោះទាល់តែសោះនោះបង្ហាញអំពីចំនួនអរម៉ូនមិនគ្រប់គ្រាន់ ហើយអាចនឹងមានអ្វីមិនប្រក្រតីទៀតផង។ ដូច្នេះ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកឃើញមូលហេតុដែលអ្នកម្ដាយមិនអាចផលិតទឹកដោះបាននិងរកវិធីសាស្ត្រជួយកែប្រែបានទាល់ពេលវេលា។

៣. ជាលិកាក្នុងក្រពេញទឹកដោះមានមិនគ្រប់គ្រាន់

ដើមទ្រូងស្ត្រីមួយចំនួនអាចនឹងមានការលូតលាស់មិនប្រក្រតីដែលឈានទៅដល់ការមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់សម្រាប់បំបៅកូនបាន។ មកដល់ចំណុចនេះអ្នកម្ដាយគួរបន្តបំបៅកូនទោះបីជាទឹកដោះចេញតិច ប៉ុន្តែវានៅតែមានគុណប្រយោជន៍សម្រាប់ការលូតលាស់របស់កូនហើយអ្នកម្ដាយអាចញ៉ាំអាហារបំប៉នបន្ថែមដើម្បីជំរុញការផលិតទឹកដោះឬពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីដ៏ល្អមួយ។

៤. ការប្រើថ្នាំពន្យារកំណើតច្រើនពេក

ស្ត្រីមួយចំនួនជ្រើសរើសវិធីសាស្ត្រពន្យារកំណើតដោយលេបថ្នាំក្នុងរយៈពេលណាមួយ។ វាមានផលប៉ះពាល់អវិជ្ជមានច្រើនដែលបណ្ដាលមកពីពពួកថ្នាំពន្យារនេះ មិនថាក្នុងរយៈពេលវែងឬខ្លីឡើយ។ ថ្នាំពន្យារកំណើតភាគច្រើនមានផ្ទុក Estrogenក្នុងកម្រិតដ៏ខ្ពស់ ដែលប៉ះពាល់ដល់សមត្ថភាពនៃការផលិតទឹកដោះ។ ហើយក៏មានស្ត្រីមួយចំនួនទៀតដែលនឹងចាប់ផ្ដើមលេបថ្នាំពន្យារកំណើតភ្លាមបន្ទាប់ពីអូនៗកើត ដែលនេះមិនមែនជាការល្អសម្រាប់សុខភាពឡើយ។ ត្រូវចាំថា ត្រូវប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានច្រើនមុននឹងសម្រេចចិត្តប្រើថ្នាំ ឬវិធីណាមួយក្រោយពេលសម្រាលប្រសិនបើអ្នកមានបំណងចង់បំបៅដល់កូនព្រោះវាអាចមានផលប៉ះពាល់ច្រើនទាំងម្ដាយនិងកូន។

៥. ធ្លាប់ឆ្លងកាត់ការវះកាត់សុដន់ពីមុនមក

ការវះកាត់សុដន់ចង់សំដៅទាំងការព្យាបាលបែបវេជ្ជសាស្ត្រនិងការវះកាត់កែសម្ផស្ស។ កម្រិតនៃការប៉ះពាល់ដែលកើតមានក្រោយការវះកាត់នេះចំពោះលទ្ធភាពផលិតទឹកដោះវាអាស្រ័យទៅលើវិធីសាស្ត្រដែលការវះកាត់នោះបានបញ្ចប់និងថាតើដើមទ្រូងដែលវះកាត់រួចនោះមានសភាពប្រែប្រួល ឬឈឺចាប់អ្វីកម្រិតណាដែរ។ ជាធម្មតាអ្នកដែលធ្លាប់វះកាត់ពង្រីកដើមទ្រូង ច្រើនតែអាចផលិតទឹកដោះបានច្រើនជាងអ្នកវះកាត់បង្រួមដើមទ្រូងហើយអាចបំបៅកូនបានគ្រប់គ្រាន់។ ចំណែកក្រៅពីនេះ អាចនឹងត្រូវការថ្នាំជំនួយ ឬអាហារបំប៉នដើម្បីផលិតទឹកដោះឱ្យបានគ្រប់គ្រាន់៕