បច្ចុប្បន្នភោជនីយដ្ឋាន ហាងកាហ្វេនិងហាងតែថ្មីៗជាច្រើន តម្រៀបជួរគ្នាបើកជារៀងរាល់ថ្ងៃ ធ្វើឲ្យទីផ្សារខាងម្ហូបអាហារនិងភេសជ្ជៈ មានលក្ខណៈប្រកួតប្រជែងខ្លាំងគួរឲ្យកត់សម្គាល់។ ដូច្នេះហើយដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចឈរប្រកួតប្រជែងនៅលើទីផ្សារបាន ទាមទារឲ្យអ្នកមានចំណុចពិសេសប្លែកពីគេ ដែលក្នុងនោះក៏រួមបញ្ចូលរូបថតរបស់ម្ហូបអាហារ និងភេសជ្ជៈរបស់លោកអ្នកផងដែរ។ 

រូបថតរបស់ម្ហូបអាហារឬក៏ភេសជ្ជៈ ថតដោយអ្នកជំនាញ គឺពិតជាមានសារៈសំខាន់ ព្រោះវាអាចបង្ហាញប្រាប់ពីអារម្មណ៍ សារៈសំខាន់របស់រូបថត និងមានឥទ្ធិពលជំរុញដល់ការសម្រេចចិត្តរបស់អតិថិជន ទៅលើការទិញផលិតផលលោកអ្នកបានទៀតផង។ ខាងក្រោមជាមូលហេតុទាំង៥ ដែលម្ចាស់អាជីវកម្មត្រូវគិតឲ្យបានម៉ត់ចត់ពីរូបភាពម្ហូបអាហារខ្លួន៖

១. ទាញយកចំណាប់អារម្មណ៍ ពីអ្នកមើលបានឆាប់រហ័ស

ជាទូទៅរូបថតដែលស្អាត មានគុណភាពខ្ពស់ ភ្លឺច្បាស់ត្រជាក់ភ្នែក តែងតែចាប់យកចំណាប់អារម្មណ៍ ពីអ្នកមើលបានលឿនជាងរូបថតធម្មតា។

២. ជួយបង្កើនការលក់

រូបថតដែលមានគុណភាពទាក់ទាញ គ្រាន់តែក្រឡេកមើលក៏មានអារម្មណ៍ថា ឆ្ងាញ់ ព្រោះតែភាពល្អឥតខ្ចោះដែលអ្នកថតរូបជំនាញបញ្ចូលទៅក្នុងរូបភាព។ 

៣. បង្កើនភាពជឿជាក់ទៅដល់អតិថិជន

រូបថតដែលមានគុណភាពល្អបង្កើនទំនុកចិត្តដល់អតិថិជន ក្នុងការជ្រើសរើសទទួលទានអាហារនៅភោជនីយដ្ឋានរបស់អ្នក។ អតិថិជនសម័យថ្មីពិបាកផ្អាប់ចិត្តឬរៀងរើសច្រើនបន្តិច នៅពេលដែលពួកគេត្រូវសម្រេចចិត្តថាគួរកម្មង់អាហារ ឬភេសជ្ជៈនៅហាងមួយណា។ 

ដូច្នេះហើយតាមរយៈការផ្តល់ជូនMenu មុខម្ហូបដែលមានរូបភាព ច្បាស់ ត្រជាក់ភ្នែក គួរឲ្យទាក់ទាញចង់ញុាំ នោះធ្វើឲ្យការសម្រេចចិត្តរបស់អតិថិជន ក្នុងការជ្រើសរើសម្ហូបអាហារនៅហាងអ្នកបានកាន់តែល្អប្រសើរ។ បែបនេះហើយទើបជម្រុញឲ្យអតិថិជនកាន់តែមានជំនឿ ទុកចិត្តលើអាជីវកម្មអ្នកបន្ថែមទៀត។

៤. ងាយបញ្ជូនសារសំខាន់ទៅកាន់មនុស្សគ្រប់រូប

រូបថតអាចផ្តល់ព័ត៌មានទៅកាន់អ្នកមើល លឿនជាងសំណេរជាពិសេសជាងនេះទៅទៀត រូបថតអាចពាំនាំសារទៅកាន់មនុស្សគ្រប់វ័យ គ្រប់ជាតិសាសន៍ មិនថាចាស់ឬក៏ក្មេងនោះទេ។

៥. បង្កើនប្រសិទ្ធភាពក្នុងការស្វែងរកហាងរបស់អ្នក

រូបថតដែលច្បាស់មានគុណភាពខ្ពស់ ជំនួយដល់ SEO ឲ្យរូបថតរបស់អ្នកចំណាត់ថ្នាក់នៅលេខរៀងល្អ នៅលើ Google ហើយជាធម្មតា អត្ថបទដែលភ្ជាប់ជាមួយរូបថតស្អាតច្បាស់ល្អ ទាក់ទាញឲ្យអតិថិជនចូល ចិត្តចុចមើល ឬអានដែលទាញ Trafficម កកាន់វេបសាយអ្នកបានកាន់តែច្រើនជាងមុន៕