ការមានដើមទុន និងចំណេះដឹងសម្រាប់បើកអាជីវកម្មគឺជារឿងដែលអាជីវករ ត្រូវមានជាចាំបាច់ ជាពិសេសទៀតនោះគឺការចេះជ្រើសរើសទីតាំង សម្រាប់ធ្វើការរកស៊ីជាមួយគំនិតអាជីវកម្មរបស់អ្នកទាំងអស់គ្នា។ ការជ្រើសរើសទីកន្លែងជាផ្នែកមួយសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនអាជីវករទាំងឡាយ ត្រូវតែដឹង។ ៥ចំណុចខាងក្រោម នឹងធ្វើឱ្យអ្នកជ្រើសរើសទីតាំងបានត្រឹមត្រូវ៖
១.ទីកន្លែងដែលមានមនុស្សច្រើន
មុននឹងសម្រេចចិត្តជ្រើរើសទីតាំងសម្រាប់បើកអាជីវកម្មរបស់អ្នកទាំងអស់គ្នា អ្នកត្រូវសម្លឹងទៅមើលតម្រូវការនៅក្នុងទីតាំងនោះ តើមនុស្សដែលរស់នៅក្នុងតំបន់នោះ សមស្របជាមួយមុខរបររបស់អ្នកឬអត់។ ដូចជាបងប្អូនដែលមានគម្រោងបើកហ្គារ៉ាស់ស៊ាំង ត្រូវជ្រើសយកទីតាំងជាប់មាត់ផ្លូវ និងមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន។
២.រើសទីតាំងឱ្យចំតម្រូវការ
បងប្អូនអាជីវករទាំងអស់ត្រូវដឹងឱ្យបានច្បាស់ពីតម្រូវការទីកន្លែង ដែលត្រៀមសម្រាប់បើកមុខរបររបស់បងប្អូន។ រើសទីតាំងឱ្យស្របតាមការចង់បានរបស់មនុស្សរស់នៅក្នុងតំបន់ និងដឹងឱ្យបានច្បាស់ថានុស្សក្នុងតំបន់នោះមានខ្វះខាតអ្វី ហើយត្រូវការអ្វីសម្រាប់បង្គ្រប់តម្រូវការ។
៣.មិនមានអាជីវកម្មដូចអ្នកច្រើន
សម្រាប់បងប្អូនដែលចង់បើកអាជីវកម្ម ខាងលក់ដូរម្ហូបអាហារ ភេសជ្ជៈបោះដុំ អ្នកត្រូវជ្រើសយកទីតាំងដែលមិនសូវមានអ្នកប្រកបរបរមួយនេះច្រើន បើមិនមានសោះកាន់តែល្អ ហើយក៏ត្រូវស្ថិតនៅទីប្រជុំជនដែរ។ ពីព្រោះការជ្រើសយកទីតាំងដែលមិនសូវមានអ្នកបើករបរ ដូចគ្នាជាមួយអាជីវកម្មអ្នក អ្នកប្រាកដលក់ដាច់ជាក់ជាមិនខាន។
៤.នៅជិតអតិថិជនបំផុត
មុនបើកអាជីវកម្មអ្នកក៏ត្រូវដឹងឱ្យបានច្បាស់ពីទីតាំងងតិថិជនរបស់អ្នក ថាអតិថិជនរបស់អ្នកនៅជិតនឹងអាជីវកម្មអ្នកប៉ុណ្ណា សមល្មមអាចឱ្យគេមកយកសេវ៉ារបស់អ្នកឬអត់។ ឧទាហរណ៍ប្រសិនបើអ្នកបើកបណ្ណាគារ នោះទីតាំងដែលសាកសមនោះគឺ នៅជិតសាលារៀន ឬក៏សកលវិទ្យាល័យជាដើម។
៥.សុវត្ថិភាព
ទីតាំងរបស់អ្នកត្រូវតែមានសុវត្ថិភាពផងដែរ មិនត្រឹមតែអតិថិជនទេ ដែលត្រូវការសុវត្ថិភាពសម្រាប់ទំនុកចិត្ត ប៉ុន្តែសម្រាប់អ្នកផ្ទាល់ និងក្រុមការងារក៏ត្រូវតែទទួលបានសុវត្ថិភាពដូចគ្នា។ ដូច្នេះហើយអ្នកត្រូវតែសិក្សាឱ្យបានច្រើន ពីទីតាំងសម្រាប់អាជីវកម្មរបស់អ្នក។
ការបើកអាជីវកម្មសម្រាប់រកស៊ីគឺពិតជាសំខាន់ណាស់ ដែលត្រូវការការយល់ដឹងពីបញ្ហាមួយចំនួន។ ហើយទាំង៥ចំណុចខាងលើនេះ អាចផ្ដល់ជាយោបល់និងគំនិតខ្លះៗសម្រាប់បងប្អូនដែលចង់បើកអាជីវកម្ម និងត្រូវការយល់ដឹងពីបញ្ហាមួយចំនួនសម្រាប់បើកអាជីវកម្មឱ្យចំគោលដៅ៕