ទំពាំងគឺជាបន្លែដែលមានរសជាតិឆ្ងាញ់និងអាចធ្វើម្ហូបបានច្រើនយ៉ាង ដែលមនុស្សភាគច្រើនចូលចិត្ត។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចញ៉ាំវាបានយ៉ាងឆ្ងាញ់ពិសារនោះទេ ព្រោះវាមានផ្ទុកសារធាតុមិនល្អមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពបាន។ ដូច្នេះបើអ្នកស្ថិតក្នុងមនុស្ស៥ប្រភេទខាងក្រោមនេះ ហាមទទួលទានទំពាំងដាច់ខាត។

១. មនុស្សកំពុងពេញវ័យ

យោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ទំពាំងមានផ្ទុកសារធាតុស៊ែលុយលូស និងអាស៊ីតអុកសាលិកច្រើនខ្លាំងដែលនៅពេលលាយជាមួយកាល់ស្យូម ជាតិដែក និងស័ង្កសី វាអាចបង្កើតបានជាសមាសធាតុគ្រោះថ្នាក់ដែលប៉ះពាល់ដល់ការបឺតស្រូបយកសារធាតុចិញ្ចឹមសម្រាប់រាងកាយ។

ដូច្នេះចំពោះក្មេងៗជំទង់ទើបពេញវ័យ មិនគួរបរិភោគវាច្រើនឡើយព្រោះវាអាចបង្កទៅជាសភាពក្រិនក្រឹស និងការលូតលាស់យឺត។

២. អ្នកដែលមានជំងឺក្រួសក្នុងតម្រងនោម

សម្រាប់អ្នកដែលកើតជំងឺក្រួសក្នុងតម្រងនោម ត្រូវតែនិយាយថាទេដាច់ខាតចំពោះម្ហូបដែលធ្វើពីទំពាំងប្រសិនបើពួកគេមិនចង់ឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរជាងនេះ។ ហេតុផលគឺថា ទំពាំងមានផ្ទុកអាស៊ីតអុកសាលិក ដែលនៅពេលលាយជាមួយកាល់ស្យូមវានឹងបង្កើតបានជាផលអាក្រក់ចំពោះការកកើតក្រួសក្នុងតម្រងនោមនេះឬធ្វើឱ្យស្ថានភាពជំងឺកាន់តែអាក្រក់ខ្លាំង។

៣. អ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារ

អ្នកជំងឺដែលមានជំងឺក្រិនថ្លើម​ ឬជំងឺនៃក្រពះ និងបំពង់អាហារមិនគួរបរិភោគទំពាំងឡើយ។

មូលហេតុគឺថា ទំពាំងមានផ្ទុកនូវសារធាតុដែលបណ្តាលឱ្យ​ពិបាករំលាយអាហារ។ នៅពេលដែលអ្នកជំងឺទាំងអស់នេះបរិភោគវាចូលទៅវានឹង​បណ្ដាលឱ្យហើមពោះ ច្រាលទឹកអាស៊ីតក្រពះ ហើយថែមទាំងអាចបណ្ដាលឱ្យហូរឈាមខាងក្នុងទៀតផង។​

៤. អ្នកមានផ្ទៃពោះ

ដូចបានរៀបរាប់ខាងលើទំពាំងមានផ្ទុកសារធាតុមិនល្អជាច្រើន ជាពិសេស glucoside។ នៅពេលញ៉ាំវាចូលទៅក្នុងពោះ សារធាតុនេះនឹងផលិតអាស៊ីត Cyan hydric ដែលអាចបណ្ដាលឱ្យពុលបាន។ ស្ត្រីមានផ្ទៃពោះជាច្រើនត្រូវបានពុលដោយសារការញ៉ាំម្ហូបធ្វើពីទំពាំង ដែលប៉ះពាល់ទាំងសុខភាពខ្លួនឯង និងគភ៌នៅក្នុងផ្ទៃ។ ដូច្នេះសម្រាប់អ្នកកំពុងពពោះឬមានគម្រោងមានផ្ទៃពោះ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជៀសវាងការញ៉ាំទំពាំង។

៥. អ្នកមានជំងឺឈឺតាមសន្លាក់ឆ្អឹង

ការបរិភោគទំពាំងសម្រាប់អ្នកដែលកើតជំងឺនេះ នឹងធ្វើឱ្យស្ថានភាពជំងឺកាន់តែយ៉ាប់យឺនថែមទៀត ព្រោះថាសារធាតុអាក្រក់ដែលមានក្នុងទំពាំង អាចបណ្ដាលឱ្យការសំយោគកម្រិតអាស៊ីតអ៊ុយរិកកាន់តែកើនឡើងក្នុងរាងកាយដែលជាហេតុបណ្ដាលឱ្យប៉ះពាល់ខ្លាំងដល់ជំងឺឈឺតាមសន្លាក់ឆ្អឹងនេះ៕