ក្នុងស្ថានភាពដែលសង្គម និងបច្ចេកវិទ្យាកំពុងតែរីកចម្រើន បញ្ហាអវិជ្ជមានមួយចំនួន ដែលកើតឡើងតាមបណ្ដាញសង្គម និងបរិស្ថានជុំវិញអ្នក ក៏បានធ្វើឲ្យប៉ះពាល់ដល់ផលិតភាពការងារប្រចាំថ្ងៃផងដែរ។ ការណ៍នេះ អាចបណ្ដាលឲ្យអ្នកគ្រប់គ្រងពេលវេលាមិនមានប្រសិទ្ធិភាព មិនបានត្រឹមត្រូវព្រោះតែការរំខានជុំវិញ។ ខាងក្រោមនេះ មាន២ចំនុចដែលអាចជួយឲ្យអ្នកដោះស្រាយបញ្ហាផលិតភាពការងារបាន៖

១. ដោះស្រាយការរំខានផ្សេងៗដែលមាន

ការរំខាន នាំឲ្យប៉ះពាល់ដល់សកម្មភាព។ តើអ្វីដែលអ្នកធ្វើថ្ងៃនេះ អាចជាជំហាននាំអ្នកទៅឆាប់ដល់គោលដៅ ឬនាំអ្នកឲ្យថយក្រោយ?  

ការរំខានឬការបង្អាក់ការងារ មាន២ប្រភេទដែលយើងតែងតែជួបប្រទះ ទីមួយគឺផ្ដើមចេញពីអារម្មណ៍ផ្នែកខាងក្នុងរបស់យើង ដែលធ្វើឲ្យយើងវិលវល់ មិនដឹងចាប់អីត្រង់ចំនុចណា។ ទី២ គឺការបង្អាក់ដែលចេញពីបរិស្ថានជុំវិញ ជាឧទាហរណ៍ បណ្ដាញសង្គម ឬសំលេងផ្សេងៗជាដើមដែលទាញអ្នកមិនចង់ឲ្យធ្វើការងារ។ ការជម្នះបាននូវការរំខានទាំងពីរនេះនឹងធ្វើឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់ សម្រាប់បំពេញនិងយកចិត្តទុកដាក់លើការងារ។

សាកសង្កេតថា នៅពេលអ្នកឈប់ធ្វើសកម្មភាពមួយរយៈ ហើយបន្ទាប់មកចាប់ផ្តើមវាម្តងទៀតអ្នកនឹងត្រូវចាប់ផ្តើមពីដំបូង ឬរំលឹងឡើងវិញនូវអ្វីដែលចាំបាច់ ហើយក៏ត្រូវបង្កើតទម្លាប់ជាថ្មីម្តងទៀត។នេះកើតមកពីការរំខានផ្សេងៗដែលទាញអ្នកចាកឆ្ងាយពីគន្លងនៃការបញ្ចប់ការងារ។​

២. រាល់ថ្ងៃ​ត្រូវផ្ដល់ចំណីឲ្យ ការផ្ដោតអារម្មណ៍(FOCUS)

ក្រៅពីការបង្អាក់កិច្ចការ រឿងដែលសំខាន់មួយទៀតគឺខ្វះការផ្ដោតអារម្មណ៍និងខ្វះនូវភាពច្បាស់លាស់លើគោលដៅប្រចាំថ្ងៃ ថាត្រូវសម្រេចអ្វីខ្លះ។ កាលណាយើងផ្ដោតអារម្មណ៍លើអ្វីមួយបាននោះវានឹងជួយអ្នកឲ្យមានភាពងាយស្រួលក្នុងការគិត និងមានការចងចាំដែលរឹងមាំល្អ។

មានជាសំណួរមួយថា តើអ្វីដែលជាការងារសំខាន់របស់អ្នក? ហើយមានជំហូរសកម្មភាពដែលរឹងមាំ ឆ្ពោះទៅសម្រេចការងារដែលជាផលិតភាពឲ្យបានល្អ។នេះនឹងជម្រុញឲ្យអ្នកមានភាពរីកចម្រើន ទាំងជំនាញនិងលទ្ធផលការងារល្អ៕