មនុស្សភាគច្រើនគិតថាជំងឺមហារីកច្រើនកើតឡើងដោយសារអាហារនិងបញ្ហាបរិស្ថាន ប៉ុន្តែការពិតអ្នកដែលកើតជំងឺដ៏កាចសាហាវនេះច្រើនតែមានទម្លាប់រស់នៅដែលគ្មានសុខភាពល្អ។

មិនតែប៉ុណ្ណោះ មនុស្សភាគច្រើនក៏បានយល់ខុសថា ខ្លួននៅមានសុខភាពល្អសុខៗ ស្រាប់តែកើតជំងឺមហារីកភ្លាមៗដោយនឹកស្មានមិនដល់។ ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងនោះគឺជំងឺសុទ្ធតែបានវិវត្តក្នុងរាងកាយមនុស្សពីកម្រិតដំបូងរហូតដល់កម្រិតធ្ងន់ធ្ងរគឺប្រើពេលយូរឆ្នាំ ហើយក៏ព្រោះតែទម្លាប់រស់នៅប្រចាំថ្ងៃរបស់មនុស្សនេះឯង។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនបានចាប់អារម្មណ៍នូវរោគសញ្ញានៃដំណាក់កាលដំបូង ហើយព្យាយាមកែប្រែទម្លាប់ និងព្យាបាលវាទាន់ពេល វានឹងក្លាយជាធ្ងន់ធ្ងរដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលមិនខាន។

ខាងក្រោមនេះគឺជាមនុស្ស៥ប្រភេទដែលធ្វើរឿងខុសឆ្គងរៀងរាល់ព្រឹកដែលអាចឱ្យរាងកាយវិវត្តទៅកើតជំងឺមហារីកដោយមិនដឹងខ្លួន។

១. អ្នកដែលចូលចិត្តអត់អាហារពេលព្រឹក

អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃរបស់មនុស្សដើម្បីការលូតលាស់របស់សរីរាង្គកាយ រួមទាំងខួរក្បាលផងដែរ។ ដូច្នេះប្រសិនបើអ្នកព្យាយាមអត់ញ៉ាំអាហារពេលព្រឹក អ្នកនឹងមានឱកាសកើតជំងឺឈឺក្រពះ បន្ទាប់មកក៏រលាក ហើយអាចឈានដល់មហារីកក្រពះក៏ថាបាន។ ក្រៅពីនេះការអត់អាហារពេលព្រឹកជាញឹកញាប់នឹងធ្វើឱ្យរាងកាយអស់កម្លាំង បណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមមានការធ្លាក់ចុះ ហើយដំណើរការបន្សុទ្ធក្នុងរាងកាយក៏មិនអាចធ្វើការបានល្អ។

២. អ្នកដែលតែងជក់បារីភ្លាមក្រោយភ្ញាក់ពីដំណេក

ការជក់បារីពិតជាប៉ះពាល់ខ្លាំងដល់រាងកាយដែលអ្នកណាៗក៏បានដឹងរឿងនេះ ជាពិសេសគឺការជក់នៅពេលព្រឹកក្រោយភ្ញាក់ពីគេងភ្លាមៗតែម្ដង ព្រោះរាងកាយបានផ្អាកធ្វើការពេញមួយយប់ និងគ្មានអាហារក្នុងពោះសោះនោះ។ យោងតាមការស្រាវជ្រាវ នៅក្នុងបារីមួយដើមមានផ្ទុកសារធាតុដល់ទៅជាង៧ពាន់មុខដែលអាចប៉ះពាល់សុខភាពខ្លាំងហួសពីការស្មាន។ ហេតុនេះហើយ អ្នកដែលមានទម្លាប់ជក់បារីយូរឆ្នាំអាចនឹងប្រឈមការកើតជំងឺមហារីកក្នុងកម្រិតខ្ពស់ជាពិសេសមហារីកសួត។

៣. អ្នកដែលមិនចូលចិត្តផឹកទឹក ពេលក្រោកពីដំណេក

តើអ្នកដឹងទេថាទម្លាប់នៃការផឹកទឹកនៅពេលព្រឹក ក្រោយភ្ញាក់ពីដំណេកពិតជាល្អចំពោះសុខភាពខ្លាំងបំផុត។ វាអាចជួយបណ្ដេញជាតិពុលពីក្នុងខ្លួន សម្អាតពោះវៀន ជំនួយដល់ការរំលយអាហារនិងបង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗ។ ទឹកក៏ជួយផងដែរក្នុងការបណ្ដេញសារជាតិអាក្រក់ៗ ក៏ដូចជាបាក់តេរីដែលអាចបណ្ដាលឱ្យកើតជំងឺកាចសាហាវរួមទាំងមហារីកផងដែរ។

៤. អ្នកដែលក្រោកពីដំណេកភ្លាម ទាញស្រាឬគ្រឿងស្រវឹងផឹកភ្លែត

គ្រឿងស្រវឹងក៏ជាសារជាតិបង្កមហារីកឈានមុខគេដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក​ ដោយការផឹក​ក្នុងរយៈពេល​យូរ ក៏នឹង​ងាយស្រួលបង្កឱ្យមានជំងឺមហារីកផងដែរ។

លើសពីនេះទៅទៀត គ្រឿងស្រវឹងក៏អាចបណ្តាលឱ្យរលាកថ្លើម​កម្រិតធ្ថន់​ផងដែរ ដែលវាប៉ះពាល់ដល់មុខងារបន្សាបជាតិពុល និងការរំលាយអាហាររបស់ថ្លើម បណ្តាលឱ្យ​ថ្លើមត្រូវធ្វើការធ្ងន់ធ្ងរដែលនឹងបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម។

៥. អ្នកដែលចូលចិត្តញ៉ាំអាហារជ្រក់របស់ឆ្អើរ និងអាហារចៀននៅពេលព្រឹក

ការរក្សាទម្លាប់ញ៉ាំអាហារដែលមិនមានសុខភាពនៅពេលព្រឹកជាប្រចាំនឹងបង្កហានិភ័យនៃជំងឺមហារីកក្នុងកម្រិតខ្ពស់។ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំអាហារបែបជ្រក់ របស់ឆ្អើរ ឬអាហារចៀនដែលសុទ្ធតែមូលហេតុបង្កជំងឺមហារីកយ៉ាងងាយស្រួល៕