ជំនួសឱ្យការទទួលទានជាតិកាហ្វេអ៊ីនហួសកម្រិត ដែលអាចជួយកាត់បន្ថយអាការងងុយឬមិនស្រឡះស្មារតីនៅពេលថ្ងៃនោះ អ្នកគួរតែសាកល្បងវិធីសាស្ត្រខាងក្រោមនេះ ព្រោះវាប៉ះពាល់សុខភាពតែបែរជាជួយធ្វើឱ្យអ្នកអាចផ្ចង់ស្មារតីបានល្អឡើងវិញថែមទៀតផង។

១. សម្រាក៥នាទីរាល់មួយម៉ោងម្ដង

រាល់ពេលមួយម៉ោងម្ដងអ្នកគួរតែសម្រាកបន្ធូរអារម្មណ៍ហោចណាស់ឱ្យបាន៥នាទី ដូចជាផ្អែកខ្នងលើកៅអីសម្រួលសរសៃដើរទៅបន្ទប់ទឹក ងើបឈរពីកៅអី ឬពត់ខ្លួនជាដើម។ ការសម្រាកបែបនេះគឺជាវិធីដ៏សាមញ្ញមួយដែលអាចជួយកាត់បន្ថយអារម្មណ៍ស្ត្រេសបំពេញថាមពលឡើងវិញ និងពង្រឹងស្មារតីឱ្យគិតអ្វីចេញបានប្រសើរជាងមុន។

ប៉ុន្តែទោះជាយ៉ាងណាព្យាយាមកុំប្រើពេលវេលាសម្រាកដ៏ខ្លីនេះ ទៅស្ក្រូលមើលបណ្ដាញសង្គមឡើយ ប្រសិនបើអ្នកមិនចង់បន្ថែមសម្ពាធផ្លូវអារម្មណ៍ឱ្យច្រើនលើសដើមទេនោះ។

២. ម៉ាស្សាក្បាល

នេះជាវិធីដ៏ងាយមួយដើម្បីដាស់ស្មារតីឱ្យស្វាងឡើងវិញ និងកាត់បន្ថយភាពតានតឹងពីក្នុងខួរក្បាល ជាពិសេសនៅត្រង់តំបន់ត្រចៀក ភ្នែក និងច្រមុះ។ ចូរចំណាយពេល៥នាទី ឈ្លីក្បាល និងផ្ទៃមុខរបស់អ្នកដើម្បីដាស់សតិឡើងវិញ។អ្នកក៏អាចទៅលុបលាងមុខដោយទឹកត្រជាក់ៗក៏អាចជួយបានមួយកម្រិតផងដែរ។

៣. រកអីមកកំដរមាត់

អាហារសម្រន់អាចផ្ដល់ថាមពលដល់អ្នកឡើងវិញបាន ព្រោះកម្រិតជាតិស្ករចុះទាបនឹងធ្វើឱ្យអ្នកទៅជាអស់កម្លាំង ភ្លេចភ្លាំងនិងងងុយគេងធ្វើអ្វីមិនកើតឡើយ។ ទោះជាយ៉ាងណា គួរតែជ្រើសរើសអាហារសម្រន់ណាដែលមានអត្ថប្រយោជន៍ដល់សុខភាពដូចជាផ្លែឈើ យ៉ាអួ គ្រាប់ធញ្ញជាតិជាដើម។

៤. ផឹកទឹកឱ្យបានច្រើន

ការខ្សោះជាតិទឹកក្នុងខ្លួនក៏ជាមូលហេតុដែលនាំឱ្យស្មារតីចុះខ្សោយនិងងោកងងុយផងដែរ។ ត្រូវប្រាកដថាអ្នកបានផឹកទឹកគ្រប់គ្រាន់ តាមដែលរាងកាយត្រូវការឬញ៉ាំអាហារណាដែលមានជាតិទឹកខ្ពស់ដូចជាផ្លែឪឡឹក ស្ត្រូបឺរី ក្រូចថ្លុង ត្រសក់ស្រូវសារី ម្នាស់ និងប៉ោមជាដើម។

ប្រសិនបើអ្នកជាមនុស្សដែលមិនសូវចូលចិត្តផឹកទឹកសុទ្ធធម្មតាបានច្រើនដូចគេទេ នោះអ្នកអាចសាកល្បងធ្វើទឹក Detox ដែលអាចជួយបណ្ដេញជាតិពុលពីក្នុងរាងកាយ និងផ្ដល់អត្ថប្រយោជន៍ដល់រាងកាយផ្សេងទៀត ដោយគ្រាន់តែចិតផ្លែឈើដូចជាគល់គីនឆាយ ត្រសក់ការ៉ុត ក្រូច ម្នាស់ ឬប៉ោមដាក់ក្នុងទឹកហើយក្លាសេឱ្យត្រជាក់យកមកទុកជិតដៃដើម្បីបានផឹកញឹកញាប់ជាការស្រេច៕