សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អាការៈក្អកនិងក្ដៅខ្លួន គឺជារោគសញ្ញាដ៏គួរឱ្យភ័យខ្លាចនិងព្រួយបារម្ភបំផុត។ ដូច្នេះអ្នកត្រូវថែរក្សាសុខភាពឱ្យបានល្អ​ ហើយប្រសិនបើមានអាការៈមិនស្រួលត្រូវទៅជួបពេទ្យជាបន្ទាន់។ ជាគន្លឹះមានប្រយោជន៍ អ្នកអាចសាកល្បងប្រើវិធីបែបធម្មជាតិ ដោយប្រើគ្រឿងផ្សំដែលអាចរកបាននៅក្នុងផ្ទះបាយដើម្បីព្យាបាលអាការៈក្អកបានដោយខ្លួនឯង មុនទៅជួបគ្រូពេទ្យ ឬជៀសវាងការចេញទៅខាងក្រៅ។

១. ទឹកឃ្មុំ

ទឹកឃ្មុំគឺជាគ្រឿងផ្សំបែបធម្មជាតិ ដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលផ្ដាសាយនិងក្អក។ សារធាតុប្រឆាំងអុកស៊ីតកម្ម សម្លាប់មេរោគនិងប្រឆាំងការរលាករបស់ទឹកឃ្មុំ អាចជួយសម្រួលបំពង់ករបស់អ្នកបានយ៉ាងល្អប្រសើរ។លាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេទៅក្នុងទឹកតែ ឬទឹកក្ដៅឧណ្ហៗលាយជាមួយក្រូចឆ្មារផឹកមួយថ្ងៃ២ដងដើម្បីឆាប់បានលទ្ធផល។

២. ទឹកអំបិល

ការបៀមទឹកអំបិលខ្ពុរក្នុងមាត់អាចជួយសម្រួលបំពង់កនិងបំបាត់ការរមាស់ ឬរលាកបាន។ អ្វីដែលអ្នកត្រូវការគឺ ប្រើអំបិល ១/៤ ស្លាបព្រាកាហ្វេលាយទៅក្នុងទឹកក្ដៅឧណ្ហៗ១ពែងកូរឱ្យរលាយសព្វ រួចបៀមខ្ពុរក្នុងមាត់ឱ្យបានច្រើនដងក្នុងមួយថ្ងៃដើម្បីឆាប់ជាសះស្បើយ។ ទោះជាយ៉ាងណា វិធីសាស្ត្រនេះមិនគួរយកទៅប្រើជាមួយក្មេងតូចៗដែលមិនទាន់ចេះខ្ពុរមាត់ឡើយ ព្រោះពួកគេអាចលេបទឹកអំបិលនេះចូលពោះដែលអាចបង្កផលប៉ះពាល់ទៅវិញ។

៣. ខ្ញី

សមត្ថភាពប្រឆាំងការរលាកដែលមាននៅក្នុងមើមខ្ញី អាចជួយសម្រួលប្រព័ន្ធដង្ហើមនិងកាត់បន្ថយអាការៈក្អកបាន។ កាត់ខ្ញីជាដុំតូចៗ ហើយដាក់ចូលទៅក្នុងទឹកតែក្ដៅឬច្របាច់ទឹកខ្ញីលាយជាមួយទឹកឃ្មុំនិងម្រេចខ្មៅនឹងជួយកាត់បន្ថយអាការៈរមាស់កនិងក្អកបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ប៉ុន្តែមិនគួរផឹកភេសជ្ជៈខ្ញីនេះច្រើនពេកទេព្រោះវាអាចប៉ះពាល់ដល់ក្រពះសម្រាប់អ្នកមានជំងឺក្រពះ ឬប៉ះពាល់បេះដូង។

៤. ជីអង្កាម

ជីអង្កាមមានផ្ទុកសារធាតុហឹរប្រហើរម្យ៉ាងដែលគេស្គាល់ថា“ជាតិមុងតុល” ដែលអាចធ្វើឱ្យសរសៃក្នុងបំពង់កដែលកំពុងរមាស់ ឬបណ្ដាលឱ្យក្អកនោះឱ្យឡើងស្ពឹក។ វាអាចបំបាត់ការឈឺចាប់ ឬការរមាស់ក្នុងបំពង់កបាន។ ផឹកទឹកតែជីអង្កាមមួយថ្ងៃ ២ទៅ៣ដងដើម្បីឆាប់ឃើញលទ្ធផលក្នុងការកាត់បន្ថយអាការៈក្អក៕