កីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ គឺជាប្រភេទកីឡា ដែលយើងមើលដោយភ្នែកទទេ គឺមិនគួរឲ្យអ្នកលេងប្រថុយកជិវិតទៅប្តូរនោះទេ ជាពិសេសគឺស្រ្តីៗ តែម្តង។ តែហេតុអ្វីបានជាស្រ្តីខ្មែរមួយចំនួន នាពេល​បច្ចុប្បន្ន​នេះ ​ពេញនិយម​លេងកីឡាបែបគ្រោះថ្នាក់ឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរនេះទៅវិញ។

យោងតាមលោក ម៉ម សុថារិន្ទ ​ជាស្ថាបនិករបស់ Khmer Climbing​ Community និងជាគ្រូបង្វឹកកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ បានប្រាប់ឲ្យដឹងថា លោកបានចាប់ផ្តើមរៀបចំលេងកីឡានេះតាំងពីឆ្នាំ២០១៦ គិតមកដល់ពេលនេះគឺមានរយៈពេល ៥ឆ្នាំមកហើយ។ លោកសង្គេតឃើញថា ៨០ភាគរយនៃស្រ្តី គឺមានចំណងចំណូលចិត្តលេងកីឡាប្រភេទគ្រោះថ្នាក់នេះ ហើយជាពិសេសគឺពួកគាត់ក្លាហានជាងប្រុសៗ។

លោក ម៉ម សុថារិន្ទ៖ ​«មានក្មេងស្រីៗ ប្រហែល ៨០ភាគរយ ចូលរួមលេងកីឡានេះ ពួកគាត់ក្លាហានជាងក្មេងប្រុសៗណាស់»។

លោកបានបន្តការចែករំលែកបទពិសោធន៍ចំពោះអ្នកដែលមានបំណងចង់សាកល្បងលេងកីឡាមួយប្រភេទនេះថា ប្រសិនបើមានបំណងចង់លេង ត្រូវតែជឿជាក់លើខ្លួនឯង សាងទំនុកចិត្ត ជំនះភាពភ័យខ្លាច និងជាពិសេសយល់ដឹងពីសុវត្ថិភាពនៃការឡើងភ្នំ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលពី Sport Climbing ដែលរៀបចំដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា។

លោក ម៉ម សុថារិន្ទ បានបន្តទៀតថា៖​ «មុននឹងទៅលេងនៅភ្នំជាក់ស្តែង ខ្ញុំសំណូមពរឲ្យចូលរៀនវគ្គ Sport Climbing Level 1 សម្រាប់កីឡាឡើងជញ្ជាំងភ្នំ (Rock Climbing) និងចូលរៀនវគ្គ Abseiling Level 1 សម្រាប់អ្នកត្រៀមទៅលេងកីឡាសំរូតខ្សែពួរ (Abseiling) ​ដោយសារតែវគ្គនេះនឹងមានបង្ហាញពីឧបករណ៍ និងពីរបៀបប្រើប្រាស់ប្រកបដោយសុវត្ថិភាព»។

លោក ម៉ម សុថារិន្ទ ជាស្ថាបនិករបស់ Khmer Climbing Community និងជាគ្រូបង្វឹកកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ

លោក ម៉ម សុថារិន្ទ ជាស្ថាបនិករបស់ Khmer Climbing Community និងជាគ្រូបង្វឹកកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ (រូបថតដោយ៖ Bayon Unique-បាយ័នយូនីគ Photography & Adventure)

កញ្ញា ថៃ ស្រីរ័ត្ន ជាគណនេយ្យករប្រចាំនៅក្រុមហ៊ុន Rinco Trading Co., LTD ដែលជាស្រ្តីក្លាហានម្នាក់ ចូលចិត្តលេងកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរនេះ បានរៀបរាប់ប្រាប់ឲ្យដឹងថា កញ្ញាបានចាប់ផ្តើមលេងកីឡានេះចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ កញ្ញាបានប្រាប់ឲ្យដឹងពីផលវិជ្ជមានថា កីឡានេះបានបង្រៀនឲ្យកញ្ញាចេះជំនះ និងព្យាយាមធ្វើវាឲ្យបានសម្រេចទៅដល់គោលដៅ ជាពិសេលកីឡានេះអាចធ្វើឲ្យកញ្ញាបានមើលឃើញធម្មជាតិពណ៌ប៉ៃតងស្រស់ស្អាតទៀតផង។

កញ្ញា ថៃ ស្រីរ័ត្នបាននិយាយថា៖ «មែនទែនទៅខ្ញុំចូលចិត្ត កីឡាដែលប្រថុយប្រថានអីបែបនេះ ហាហាហា​(សើច) និយាយទៅខ្ញុំចូលចិត្ត ហើយការឡើងភ្នំនេះ គឺធ្វើឲ្យយើងយល់ពីហានិភ័យ និងការទទួលខុសត្រូវ»។

កញ្ញា ថៃ ស្រីរ័ត្ន បានលេងកីឡាឡើងជញ្ជាំងភ្នំបែកពាង

កញ្ញា អ៊ូ ស៊ីវជីញ ជាស្រ្តីម្នាក់ដែលមានចំណងចំណូលចិត្តចូលចិត្តសាកល្បងអ្វីថ្មីៗ និងប្លែកៗ បានប្រាប់ឲ្យដឹងថាកញ្ញាចាប់ផ្ដើមលេងកីឡានេះដំបូងនៅក្នុងឆ្នាំ២០១៩ ដែលមានការណែនាំពីមិត្តភក្តិ ហើយកញ្ញាបានបន្តលេងកីឡាឡើងជញ្ជាំងភ្នំ និងកីឡាសំរ៉ូតខ្សែពួរនេះរហូតមកដល់សព្វថ្ងៃ។ កញ្ញាបានបន្តទៀតថា កីឡានេះអាចធ្វើឲ្យកញ្ញាបំបាត់ការធុញធប់ និងមានអារម្មណ៍ល្អ។ កញ្ញាក៏បានប្រាប់ពីផលអវិជ្ជមានខ្លះៗ ដែលដូចជា មានរបួសតិចតួចពេលដែលខ្លួនប្រាណប៉ះនឹងដំថ្ម និងប៉ះជាមួយនឹងដើមឈើផ្សែងៗ។

កញ្ញា អ៊ូ ស៊ីវ ជីញ បាននិយាយថា៖ «ខ្ញុំចូលចិត្តអ្វីថ្មីៗ ចង់សាកឲ្យបានគ្រប់កីឡា ខ្ញុំតែងជឿថាការលែងកីឡានេះជួយឲ្យជីវិតស្គាល់អ្វីថ្មីៗ។ អ្នកនឹងមានអារម្មណ៍ល្អបន្ទាប់ពីបានលេងវា ហើយវានឹងជួយជម្រុញអ្នកឲ្យមានភាពក្លាហានជំនះនឹងឧបសគ្គ»។

កញ្ញា អ៊ូ ស៊ីវ ជីញ បានលេងកីឡាសំរ៉ូតខ្សែពួរនៅថ្មលយ គិរីរម្យ (រូបថតដោយ៖ Khmer Kun)

គួរបញ្ជាក់ថា កីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរដែលភាសាអង់គ្លេសហៅថា «Rock Climbing ​និង Abseiling» ជាប្រភេទកីឡាដែលជនជាតិបរទេសពេញនិយមលេងបំផុតទៅតាមជញ្ជាំងភ្នំខ្ពស់ៗ។