បញ្ហាការងារ​ជាន់កធ្វើមិនអស់ អាចកើតឡើងសម្រាប់គ្រប់មនុស្ស និងគ្រប់ឋានៈតួនាទី ព្រោះមិនថា​តែកម្រិតថ្នាក់ដឹកនាំដែលមានការងារច្រើននោះទេ សូម្បីតែបុគ្គលិកសាមញ្ញក៏អាច​ជួបបញ្ហានេះដែរ ប្រសិនបើពួកគេគ្រប់គ្រងការងារមិនបានល្អ។

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

លោក Brian Tracy អ្នកនិពន្ធសៀវភៅ Eat that frog បានលើកឡើងថា បើគ្រប់គ្រងពេលវេលាមិនបានល្អ ជីវិតរបស់យើងនឹង​វិលវល់ជាមួយនឹងបញ្ហាដដែលៗ មិនចេះចប់មិនចេះហើយ ដែលធ្វើឱ្យយើងជាប់ផុងជាមួយនឹង​ការងារដែលគ្មានការអភិវឌ្ឍ។ ហេតុនេះអ្វីដែលយើងអាចធ្វើបាន គឺរៀបចំការងារឱ្យបានល្អ ដើម្បីឱ្យយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់បន្តធ្វើរឿងសំខាន់ៗ និងអភិវឌ្ឍរាល់ថ្ងៃ។ ជាចំណុចសំខាន់ដំបូង លោកលើកទឹកចិត្តឱ្យយើង​ត្រៀមខ្លួនជារៀងរាល់ថ្ងៃ ចំពោះអ្វីដែលយើងត្រូវធ្វើ ដោយកំណត់ពីរឿងលំបាកបំផុតមកមុន។ 

តាមធម្មតា មនុស្សជាច្រើនតែងតែចង់គេចវេសពីរឿងដែលគួរឱ្យបារម្ភគួរឱ្យខ្លាច ឬស្មុគស្មាញ តែលោកថា ប្រសិនបើយើងមិនចាប់ផ្តើមធ្វើវាទេ វានឹងតាមលងយើងរាល់ថ្ងៃ ហើយអារម្មណ៍នៃការព្រួយបារម្ភនឹងនៅតែដក់ជាប់ក្នុងចិត្តរបស់យើងរាល់ថ្ងៃ។ ហេតុនេះជាដំណោះស្រាយ​ យើងគួរចាប់ផ្តើមធ្វើវាឱ្យចប់​មុនគេបំផុត។

ឆ្លើយតបនឹងបញ្ហានេះដែរ លោក Stephen Covey អ្នកនិពន្ធសៀវភៅ 7 habits of highly effectives people បានលើកឡើងថា យើងម្នាក់ៗមានពេល ២៤ម៉ោងដូចគ្នា ហេតុនេះអ្នកដែលរៀបចំពេលវេលាបានល្អ ប្រាកដជាទទួលជោគជ័យ ជាងអ្នកដែលមិនចេះរៀបចំពេលវេលា។ ចំណុចដែលលោកណែនាំឱ្យរៀបចំពេលវេលាបានល្អ គឺត្រូវចេះបែងចែកខ្លួនឯង ក្នុងប្រភេទការងារ 4សំខាន់ៗគឺ ការងារសំខាន់ហើយបន្ទាន់ ការងារសំខាន់តែមិនបន្ទាន់ការងារបន្ទាន់តែមិនសំខាន់ និងការងារមិនសំខាន់ហើយមិនបន្ទាន់។ 

លោកបន្តថា ជាទូទៅមនុស្សជាច្រើនតែងតែផុងខ្លួនជាមួយនឹងការងារ​សំខាន់និងបន្ទាន់ ខណៈមនុស្សមួយចំនួនទៀតជាប់ខ្លួនជាមួយនឹងការងារបន្ទាន់តែមិនសំខាន់។ ប្រសិនបើយើងស្ថិតក្នុង​ស្ថានភាពបែបនេះ យើងនឹងមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ចប់វាបានល្អនោះទេព្រោះការងារបន្ទាន់ នឹងចូលមកក្នុងជីវិតរបស់យើងរាល់ថ្ងៃ។

ហេតុនេះលោកណែនាំថា យើងគួរស្វែងរកវិធីឆ្លាតវៃមួយចំនួន​ដើម្បីដោះស្រាយបញ្ហា​ចាស់ៗឱ្យអស់ ឬខិតខំបញ្ចប់វាឱ្យ​អស់ ​ដើម្បីប្រើប្រាស់ជីវិត​ឱ្យបានភាគច្រើន លើការងារ​សំខាន់តែមិនបន្ទាន់។ នៅពេលយើងចំណាយពេលវេលាលើផ្នែកនេះច្រើន យើងនឹង​ក្លាយជាមនុស្សដែលមានការអភិវឌ្ឍខ្ពស់ ព្រោះទន្ទឹមនឹងមនុស្សជាច្រើនរវល់ជាមួយនឹងការងារដ៏រញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ យើងអាចបញ្ចប់ការងារ​ដូចគេដូចឯងក្នុងរយៈពេលខ្លីហើយថែមទាំងមានពេលសម្រាប់អភិវឌ្ឍចិត្ត កាយ បញ្ញា និងស្មារតីដើម្បី​បង្កើនផលិតភាពការងាររបស់យើងឱ្យកាន់តែខ្លាំងបាន។លោកថាការងារ​ដែលធ្វើឱ្យយើង​ត្រូវធ្វើបន្ទាន់ជារៀងរាល់ថ្ងៃភាគច្រើនកើតឡើងដោយសារតែទម្លាប់ខ្ជីខ្ជារនិងមិនចេះបែងចែកភាពសំខាន់របស់វា។ 

ប្រសិនបើយើង​ចេះបែងចែក ភាពសំខាន់ហើយ​ចេះរកពេលអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែម ​​នោះយើងនឹងរកឃើញវិធីឆ្លាតវៃក្នុងគ្រប់គ្រងវាប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំណាយពេលវេលាតិច និងធ្វើឱ្យជីវិតរបស់យើងសល់ពេលដើម្បីអភិវឌ្ឍកាន់តែច្រើន៕