អ្នកប្រហែលគិតថាមានតែរដូវក្ដៅដែលពោរពេញទៅដោយកម្ដៅថ្ងៃដ៏ក្ដៅហែងដែលអាចបណ្ដាលឱ្យស្បែក និងសុខភាពឆាប់មានបញ្ហា។ ប៉ុន្តែរដូវរងាដែលគេងត្រជាក់ស្រួលនេះក៏អាចបណ្ដាលឱ្យសុខភាពអ្នកងាយរងជំងឺមួយចំនួនដូចជាផ្ដាសាយ គ្រុនរងា ស្បែកឡើងស្ងួតបាត់សំណើម ប្រេះបបូរមាត់ជាដើម។ ហេតុនេះហើយរបបអាហារគឺជាកត្តាដ៏សំខាន់ដើម្បីរក្សារាងកាយឱ្យមានសុខភាពរឹងមាំព្រមទាំងស្បែកផងដែរ។ ខាងក្រោមនេះគឺជាផ្លែឈើដ៏មានប្រយោជន៍៦មុខដែលអ្នកគួរញ៉ាំជាប្រចាំដើម្បីជៀសផុតពីជំងឺនានាក្នុងរដូវត្រជាក់នេះ។

១. ក្រូចថ្លុង

ផ្លែឈើដែលច្រើនដល់រដូវទុំល្អក្នុងអំឡុងខែមករានេះគឺសម្បូរទៅដោយវីតាមីន C ដែលល្អចំពោះប្រព័ន្ធភាពស៊ាំសម្រាប់រាងកាយ ពង្រឹងឆ្អឹង និងជួយឱ្យអ្នកឆាប់ជាសះស្បើមពីរបួសបានលឿន។ ក្រៅពីវីតាមីន C ក្រូចថ្លុងក៏សម្បូរទៅដោយវីតាមីន A ផងដែរដែលជួយទប់ស្កាត់ការកើតមុន ជំនួយឆ្អឹង និងស្បែក ជំនួយភ្នែក និងប្រព័ន្ធភាពស៊ាំ។

២. ទទឹម

ផ្លែឈើដែលមានគ្រាប់ច្រើនប្រភេទនេះសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្មដែលជួយការពារការកើតជំងឺមហារីកមួយចំនួន។ ការញ៉ាំផ្លែទទឹមក្នុងអំឡុងខែរងានេះនឹងជួយឱ្យរាងកាយរឹងមាំ ទប់ទល់ជំងឺដែលបណ្ដាលមកពីអាកាសធាតុ ជំនួយសុខភាពបេះដូង ជួយរំសាយអាការៈធ្លាក់ទឹកចិត្ត និងពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។

៣. ក្រូច

ដូចដឹងស្រាប់ហើយ ក្រូចគឺជាប្រភពនៃវីតាមីន C ដែលអាចរកបានក្នុងផ្លែក្រូចថ្លុងខាងលើដែរ។ ក្រៅពីនេះ ពពួកក្រូចក្រៅពីក្រូចថ្លុងនេះមានសមត្ថភាពក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយសុខភាពបេះដូង កាត់បន្ថយកូឡេស្តេរ៉ូល ជំនួយស្បែកឱ្យមានសំណើម និងការពារជំងឺមហារីក។

៤. ចេក

ចេកគឺជាផ្លែឈើដែលមានតម្លៃធូរថ្លៃ និងអាចរកបានគ្រប់រដូវកាល ជាប្រភពដ៏សំខាន់នៃសារជាតិប៉ូតាស្យូមដែលជួយទៅកាត់បន្ថយកម្រិតនៃអារម្មណ៍តានតឹងស្ត្រេស ព្រមទាំងមាន B-6 ដែលជួយពង្រឹង និងសាងសង់កោសិកាក្នុងរាងកាយឱ្យកាន់តែរឹងមាំ។ ជាមួយគុណប្រយោជន៍ទាំងនេះ ចេកក៏មិនខុសពីផ្លែឈើខាងលើដែរគឺល្អខ្លាំងណាស់សម្រាប់ការបញ្ចូលទៅក្នុងរបបអាហារដើម្បីការពាររាងកាយក្នុងរដូវរងា។

៥. ម្នាស់

មិនថារសជាតិជូរ ឬផ្អែម ម្នាស់មានគុណប្រយោជន៍ណាស់សម្រាប់រដូវត្រជាក់នេះ។ វាសម្បូរទៅដោយវីតាមីន C និងម៉ង់កាណែសដែលជាប្រូតេអ៊ីនជួយសម្រាប់ការលូតលាស់នៃឆ្អឹង និងសម្រួលជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។

៦. ទន្លាប់

ទន្លាប់គឺជាផ្លែឈើដែលជំនាញដ៏ពូកែសម្រាប់សុខភាពបេះដូង ជួយឱ្យប្រព័ន្ធរំលាយអាហារដើរបានស្រួល និងពង្រឹងចក្ខុវិញ្ញាណឱ្យល្អប្រសើរ។ បន្ថែមពីនេះ ផ្លែទន្លាប់អាចជួយបន្ទាបសម្ពាធឈាម សម្រួលចរាចរណ៍ឈាមក្នុងរាងកាយពង្រឹងប្រព័ន្ធភាពស៊ាំ និងការងារការកើតជំងឺមហារីកមួយចំនួន៕