ដោយសារចិត្តស្រលាញ់លើវិស័យកីឡាប្រដាល់ កុមារា ឃួន ឡាំងកូស៊ីន បានចូលហាត់ប្រដាល់តាំងពីអាយុប្រមាណ១០ឆ្នាំ​ ពោលគឺរៀនផងនិងហាត់ប្រដាល់ផង ដោយពុំមាននរណាម្នាក់បង្ខិតបង្ខំ មានតែការលើកទឹកចិត្តពីឪពុកម្តាយថែមទៀត។

កីឡាករគុនខ្មែររូបនេះរៀបរាប់ថា ដោយសារគ្រួសារមានបញ្ហាជីវភាព ខ្លួនបានផ្អាកការសិក្សាត្រឹមថ្នាក់ទី៨ ហើយក៏ចាប់អាជីពជាអ្នកប្រដាល់នេះដោយដំបូង ហ្វឹកហាត់នៅក្លឹបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ បន្ទាប់មកក៏បានបន្តការហាត់នៅប្រទេសថៃ។

អ្នកប្រយុទ្ធខេត្តបន្ទាយមានជ័យរូននេះថា៖ «​ ខ្ញុំរៀនបានត្រឹមថ្នាក់ទី៨ដោយសារជីវភាពខ្ញុំខ្វះខាត »។

នៅជាវ័យកុមារភាព ហើយត្រូវឃ្លាតពីម្តាយឪពុកនិងស្រុកកំណើត ទៅហ្វឹកហាត់នៅប្រទេសថៃតែម្នាក់ឯង កីឡាករមានដើមកំណើតពីខេត្តបន្ទាយមានជ័យរូបនេះថា តាំងពីទៅហ្វឹកហាត់នៅប្រទេសថៃមក ខ្លួនមានអារម្មណ៍នឹកស្រុក យំនឹកម្តាយឪពុក ដែលខ្លួននៅក្មេង តែបែរជាមិនមករស់នៅឆ្ងាយពីស្រុកកំណើតតែម្នាកឯង មិនបានរស់នៅផ្ទះ និងទទួលភាពកក់ក្តៅពីគ្រួសារ។

ឡាំងកូស៊ីនថា៖ «​ តាំងពីចាប់ផ្តើមហាត់មកគឺជួបផលលំបាកណាស់ ណាមួយយើងនៅតូច នឹកម៉ែ នឹកអីចឹងទៅ យើងមានអារម្មណ៍ថា នៅឆ្ងាយស្រុក ពេលខ្លះទៅដេកគិតពេលខ្លះហាត់ហត់ពេកយំនឹកពុកនឹកម៉ែ »។

យ៉ាងណាក្តីកូនសិស្សលោក សានសៅយ៉ាន់ រូបនេះបន្តថា ទោះបីជាត្រូវឃ្លាតពីស្រុកនិងក្រុមគ្រួសារក្តីតែការលើកទឹកចិត្តពីឪពុកម្តាយ នៅតែធ្វើឲ្យរូបគេមានកម្លាំងចិត្តហ្វឹកហាត់ ដោយគោលបំណងធំចង់គ្រងខ្សែក្រវាត់ ទោះបីជាឈឺក៏នៅតែប្រឹងប្រែងបន្ត ដោយបានបញ្ជាក់ថា៖​​« ក្នុងអាជីពនេះ ខ្ញុំចង់ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់មួយរូប​។ពេលខ្លះឈឺដៃឈឺជើងក៏នៅតែខំវាយ »។

កីឡាករវ័យ១៩ ឆ្នាំរូបនេះបន្ថែមថា តាំងពីចាប់អាជីពជាអ្នកប្រដាល់មក នៅពេលវាយទាំងនៅកម្ពុជា និងនៅប្រទេសថៃ ខ្លួនធ្លាប់មានបញ្ហារបួសបែកចិញ្ចើម និងបែកថ្ងាសជាដើម។ តែទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យក្មេងរូបនេះថា បញ្ហាបែកមុខបែកមាត់ មិនមែនជាបញ្ហារបស់ខ្លួនទេ។​ អ្នកស្នងគុនខ្មែរបន្ថែមថា អាជីពជាអ្នកប្រដាល់នេះជាអាជីពមួយដែលល្អ អាចរកប្រាក់សម្រាប់ខ្លួនឯង និងចិញ្ចឹមគ្រួសារបានល្អប្រសើរ ខណៈដែលតម្លៃខ្លួនបច្ចុប្បន្នក្នុងមួយប្រកួតៗទទួលមានគួរសម។

អ្នកប្រយុទ្ធគុនខ្មែររូបនេះថា៖ « តាំងពីវាយមកធ្លាប់បែកច្រើនកន្លែងដែរ វាយនៅខ្មែរក៏បែក នៅថៃក៏បែក មានបែកចិញ្ចើម បែកថ្ងាសក៏ធ្លាប់រឿងបែកមុខបែកមាត់ខ្ញុំតាំងចិត្តថា របស់ដែលយើងស្រលាញ់យើងត្រូវតែតស៊ូទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែខំប្រឹង មិនខ្លាចដាច់ខាតអាជីពនេះល្អអាចចិញ្ចឹមជីវិតយើងនិងគ្រួសារបានល្អ »។

កីឡាករប្រភេទគីឡូស្រាលខាងលើបញ្ជាក់ថាមកទល់បច្ចុប្បន្ននេះ ស្ថិតិនៃការប្រកួតរបស់គេ ទាំងក្រុងស្រុកនិងក្រៅស្រុកបានចំនួនប្រមាណជាង៨០ប្រកួត ដោយក្នុងនោះធ្លាប់ឆ្លងកាត់ការប្រកួតតាមវត្តនិងសង្វៀវធំៗក្នុង និងក្រៅប្រទេសជាច្រើន ជាពិសេសក៏ធ្លាប់ប្រកួតដណ្តើមខ្សែក្រវាត់តែមិនទទួលបានជោគជ័យ៕

ប្រភព៖ Preah Chan Media 

រូបភាពដោយ TOWN SPORT