ម្នាក់ៗ តែងតែចង់សម្រេចគោលដៅរបស់ខ្លួន ចង់រស់នៅបានសុខស្រួល ហើយពោរពេញទៅដោយសុភមង្គល។ តែយ៉ាងណាមិញ ដំណើរនៃការសម្រេចគោលទាំងនេះ តែងប្រឈមនូវបញ្ហា ហើយមានមនុស្សតិចតួចណាស់ដែលអាចជួយឲ្យខ្លួនឯងសម្រេចដូចបំណងប្រាថ្នា។ 

ខាងក្រោមនេះជាចំនុចវីដែលអ្នកត្រូវអភិវឌ្ឍខ្លួនបន្ថែម ដើម្បីឲ្យខ្លួនឯងគេចផុតពីស្ថានភាពមិនល្អទាំងអស់នោះ៖

១.រៀនពីកំហុសឆ្លងពីអតីតកាល

រាល់សកម្មភាពប្រចាំថ្ងៃរបស់ម្នាក់ៗ មិនអាចមានភាពល្អឥតខ្ចោះរហូតគ្រប់ជំហានឡើយ។ ប្រាកដណាស់ថា វាអាចនឹងមានការសម្រេចចិត្តខុស ការប្រព្រឹត្តិខុសនិងការធ្វើនូវទង្វើមិនគប្បីមួយចំនួនចំពោះមនុស្សជុំវិញខ្លួន វត្ថុ ឬសត្វជាដើម។ 

តែយ៉ាងណាមិញក្រៅពីទទួលស្គាល់កំហុស អ្នកក៏អាចរៀនសិក្សាស្វែងយល់ពីកំហុស បទពិសោធន៍ចាស់ៗ និងទង្វើមិនល្អដើម្បីរៀនពីរឿងរ៉ាវអាក្រក់ ព្រមទាំងកែប្រែវាចេញពីជីវិតរបស់អ្នក។

២.កាត់បន្ថយមនុស្សគិតអវិជ្ជមាន

ការរាប់អានមិត្តភក្តិពិតជាមានសារៈសំខាន់ តែផ្ទុយទៅវិញអ្នកក៏មិនអាចចេះតែដើររាប់អានគ្រប់មនុស្សគ្រប់ប្រភេទដែលអ្នកបានជួប និងស្គាល់ផងដែរ។ ដោយហេតុថាមានមនុស្សខ្លះ គឺជាមនុស្សដែលមានសន្តានចិត្តល្អបរិសុទ្ធគួរជាទីរាប់អាន រីឯអ្នកខ្លះផ្សេងទៀតគឺរស់នៅពោរពេញទៅដោយសេចក្តីពិសពុល ចងគំនុំ និងសន្តានចិត្តអាក្រក់ចំពោះមនុស្សជុំវិញខ្លួន។ 

ជ្រើសរើសការរាប់អានមនុស្សជុំវិញខ្លួនឲ្យបានល្អ ជាមួយប្រភេទមនុស្សដែលពេញចិត្តក្នុងការជួយអ្នក ចង់ឃើញអ្នកល្អប្រសើរជាប្រចាំថ្ងៃ និងតែងតែចែករំលែកផ្តល់ជាដំបូន្មានល្អៗ ឲ្យអ្នកជានិច្ចបើទោះបីជាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពអាក្រក់យ៉ាងណាក៏ដោយចុះ ។

៣.មានវិន័យសម្រាប់ខ្លួនឯង

មានមនុស្សជាច្រើនបានសម្រេចចិត្តបោះបង់ចោលគោលដៅ និងកិច្ចការងាររបស់ខ្លួនចោល ក៏ព្រោះតែឧបសគ្គ នៃការប្រឈមផ្សេងៗក្នុងពេលចាប់ផ្ដើម ឬនៅចំនុចមួយដែលមិនអាចព្យាករបានជាមុន។ ការដាក់វិន័យខ្លួនឯង ក្នុងការធ្វើអ្វីមួយ វាពិតជាប្រភពថាមពល និងកម្លាំងចិត្តសម្រាប់អ្នកចំពោះបញ្ហាទាំងនេះ ដោយរាល់កិច្ចការងារនីមួយៗគឺ មិនងាយសម្រេចចិត្តបោះបង់ចោល ពេលប្រឈមឧបសគ្គបន្តិចបន្តួច។ 

៤.រៀនសាកល្បងអ្វីដែលថ្មី

ពិភពលោកកាន់តែជឿនលឿន ជារៀងរាល់ថ្ងៃមានបច្ចេកវិទ្យា ឧបករណ៍ទំនើប និងរឿងរ៉ាវជុំវិញខ្លួនអ្នកដែលត្រូវបានកើតឡើងថ្មីៗជានិច្ច។ ហេតុដូច្នេះដើម្បីឲ្យដំណើរជីវិតរបស់អ្នករស់នៅពោរពេញទៅ ភាពទាន់សម័យនិងដើរទាន់សម័យកាលថ្មី អ្នកក៏ត្រូវរៀនចេះអភិវឌ្ឍខ្លួនជានិច្ច រៀនពីការសាកល្បងអ្វីដែលថ្មី ដែលអ្នកមិនធ្លាប់បានធ្វើពីមុនមក។

ឧទាហរណ៍ដូចជាការរៀនតន្រ្តី រៀនភាសាបន្ថែម និងរៀន ពីជំនាញថ្មីៗជាដើម។ ការជ្រើសរើសរៀននូវអ្វីដែលថ្មី អ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីក្នុងជីវិត ដែលពេលខ្លះវាឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយជាមួយបទពិសោធន៍ថ្មី ដែលមិនធ្លាប់បានឆ្លងកាត់៕