មូលហេតុដែលធ្វើឱ្យប្រេះកែងជើងមានច្រើនអាចមកពីរបបអាហារ ខ្វះជីវជាតិ កង្វះជាតិទឹកក្នុងខ្លួន ការមិនបានសម្អាតជើងឱ្យបានត្រឹមត្រូវ និងការដើរក្នុងទឹកកខ្វក់ញឹកញាប់ជាដើម។ មានថ្នាំវិទ្យាសាស្ត្រលាបបំបាត់ប្រេះកែងជើងនេះលក់នៅតាមឱសថស្ថាន ប៉ុន្តែប្រសិនបើអ្នកចង់ប្រើវិធីតាមបែបធម្មជាតិ និងអស់លុយតិចអាចសាកល្បងវិធីសាស្ត្រខាងក្រោមដែលមិនមានប៉ះពាល់សុខភាពឡើយ។
១.ដាក់ចំណិតក្រូចឆ្មារនៅក្រោមកែងជើង៖
វិធីសាស្ត្រនេះពិតជាមានប្រសិទ្ធភាពខ្ពស់។ ក្រូចឆ្មារមានជាតិវីតាមីនC និងរ៉ែខនិជដែលជួយកាត់បន្ថយសភាពស្ងួតក្រាំង និងជួយឱ្យឆាប់ជាសះស្បើយ។ អ្វីដែលអ្នកត្រូវការគឺកាត់ក្រូចឆ្មារជាពីរ ច្របាច់ទឹកចេញ (ទុកនៅតែតិចៗបានហើយ) ហើយយកមកដាក់នៅក្រោមកែងជើង រួចពាក់ស្រោមជើងកុំឱ្យជ្រុះ។ ទុកវាចោលប្រហែល៣០ទៅ៦០នាទី រួចដកចេញ និងលាងទឹកសម្អាតជាការស្រេច។
២.ប្រើប្រេងអូលីវ៖
វិធីសាស្ត្រនេះជួយឱ្យស្បែកប្រែជាទន់ និងកាត់បន្ថយសភាពប្រេះបានឆាប់ដោយមិនចាំបាច់ប្រើវត្ថុធាតុគីមី។ គ្រាន់តែលាបប្រេងអូលីវនៅត្រង់កែងជើង នៅមុនពេលចូលគេងរាល់យប់ ដោយពាក់ស្រោមជើងដើម្បីកុំឱ្យប្រេងប្រឡាក់ភួយឬកម្រាលពូក។ ធ្វើដូចនេះជាប្រចាំនៅពេលភ្ញាក់ឡើងពេលព្រឹកអ្នកនឹងមានអារម្មណ៍ថាស្បែកកែងជើងឡើងទន់ជាងមុនហើយភាពប្រេះដែលជ្រៅនោះក៏បាត់បន្តិចម្ដងៗ។
៣.ទឹកដោះគោនិងទឹកឃ្មុំ៖
គ្រឿងផ្សំទាំងពីរនេះមានគុណប្រយោជន៍ខ្លាំងសម្រាប់ស្បែកគ្រប់កន្លែងនៃរាងកាយ។ វាជួយឱ្យស្បែកឡើងទន់ និងម៉ត់រលោង នៅពេលប្រើជាប្រចាំ។ វិធីធ្វើដើម្បីបំបាត់ប្រេះកែងជើង អ្នកត្រូវលាយគ្រឿងផ្សំទាំងពីរនេះចូលគ្នាឱ្យសព្វសាច់ រួចយកទៅលាយក្នុងកាធុន ឬធុងទឹកក្ដៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ១៥នាទី សឹមលាងសម្អាតចេញ៕