ចង់រស់នៅក្នុងភាពងាយស្រួលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប តែអ្វីដែលធ្វើឱ្យមនុស្សជាច្រើនខកបំណងនោះគឺការងារលំបាកទំនងជាមិនអាចចេញឆ្ងាយពីជីវិតនោះទេ ព្រោះធម្មជាតិកំណត់ឱ្យមនុស្សត្រូវតែឆ្លងកាត់រឿងគ្រប់យ៉ាងក្នុងការរស់នៅគ្រាន់តែការលំបាកនោះស្ថិតក្នុង​ទម្រង់ខុសគ្នាប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Brian Tracy អ្នកនិពន្ធសៀវភៅ Eat That frog បានបញ្ជាក់ថា មនុស្សគ្រប់គ្នាត្រូវតែធ្វើការផ្លាស់ប្តូរជាចាំបាច់ ព្រោះបើយើងមិនប្តូរស្ថានការណ៍ក៏ស្ថានការណ៍ផ្លាស់ប្តូរខ្លួនយើងដែរ។ ហេតុនេះចំណុចល្អបំផុតក្នុងការជំរុញឱ្យជីវិតទទួលបាននូវការរីកចម្រើន គឺមនុស្សម្នាក់ៗត្រូវតែហ៊ានប្រឈមមុខជាមួយនឹងការងារលំបាក។ លោកថាការងារលំបាកជាអ្វីដែលមនុស្សគ្រប់គ្នា​មិនចង់ធ្វើ ខ្លាចរអារនិងជានិច្ជជាកាលវាត្រូវបានគេទុកចោលរហូតវាក្លាយជារឿងបន្ទាន់បំផុតទើបគេចាប់ផ្តើមធ្វើ ដែលពេលខ្លះការដោះស្រាយបញ្ហាលំបាក​នៅដំណាក់កាលទាល់ច្រកនេះ បានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ជីវិតរបស់មនុស្សម្នាក់ៗ។

លោក Brian Tracy បានបញ្ជាក់ថា៖ «​នៅពេលយើងមិនបានយករឿងលំបាកក្នុងថ្ងៃនីមួយៗ​មកធ្វើមុនគេទេនោះរឿងទាំងអស់នោះនឹងកប់យូរទៅៗ រហូតធ្វើឱ្យយើងខ្លាចរអារ ហើយវាក៏ក្លាយជារឿងធំឡើងៗនិងបន្តលំបាកជាលំដាប់»។

ជាការណែនាំអ្នកជំនាញខាងអភិវឌ្ឍមនុស្សខាងលើបញ្ជាក់ថា មនុស្សម្នាក់ៗមានជម្រើសពីរយ៉ាងសំខាន់គឺទី១ ប្រសិនបើមិនព្រមចាប់ផ្តើមធ្វើរឿងលំបាកមុនទេ នោះការលំបាកនឹងផ្លាស់ប្តូរជីវិតរបស់យើងឱ្យកាន់តែលំបាកតែប្រសិនបើយើងចាប់ផ្តើមពីរឿងលំបាកបានមុនគេបំផុតនោះ ជីវិតយើងនឹងផ្លាស់ប្តូរទៅរកស្ថានភាពថ្មីមួយគឺភាពរីកចម្រើន។ ទោះជាយ៉ាងនេះក្តី មនុស្សម្នាក់ៗនៅតែត្រូវឆ្លងកាត់រឿងលំបាកដដែល ព្រោះក្រោយពេលឆ្លងរឿងលំបាកមួយផុតទៅរឿងលំបាកដទៃទៀត​នឹងចូលមកឱ្យយើងដោះស្រាយជាបន្តបន្ទាប់។

ចំពោះមុខនៃការប្រឈមមុខជាមួយនឹងស្ថានភាពលំបាកនេះ មនុស្សដែលចូលចិត្តយករឿងលំបាកជាចំនុចអាទិភាពដែលត្រូវដោះស្រាយមុនគេ នឹងអាចឆ្លងកាត់រឿងលំបាកជាច្រើនដោយគ្មានការរួញរាហើយបន្តអភិវឌ្ឍជីវិតបានកាន់តែប្រសើរ។ ផ្ទុយមកវិញនៅពេលមនុស្សគេចវេសជាមួយនឹងរឿងលំបាក​ណាមួយ នោះរឿងលំបាកជាច្រើនបន្តបន្ទាប់គ្នានឹងចូលមកក្នុងជីវិតរបស់គាត់ដែលធ្វើឱ្យបញ្ហាកើតឡើងកាន់តែច្រើន រហូតគាត់ចំណេញពេលជាច្រើនឆ្នាំដើម្បីដោះស្រាយរឿងដដែលៗដោយគ្មានការអភិវឌ្ឍអ្វីទាំងអស់៕