សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅពេល​រាងកាយ​មនុស្ស​ចាប់​ផ្ដើម​វិវត្ត​ទៅ​ជា​ចាស់​បណ្ដើរៗ​ទៅ សមត្ថភាព​នៃ​ការ​បឺត​ស្រូប​យក​វីតាមីន​B12 ក៏​កាន់​តែ​ចុះ​ខ្សោយ​ដែរ។ សារជាតិ​វីតាមីន​B12​មាន​តួនាទី​ជួយ​បង្កើត​​កោសិកា​គ្រាប់​ឈាន​ក្រហម ហើយនិង​ DNA។ ដោយ​សារ​តែ​រាងកាយ​មនុស្ស​មិន​អាច​​ផលិត​វីតាមីន​B12​បាន​ដោយ​ខ្លួន​ឯង ទើប​​យើង​ត្រូវ​ការ​ចាំបាច់​បំផុត​នូវ​អាហារូបត្ថម្ភ​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​​ដូច​ជា ​អាហារ​បំប៉ន និង​ម្ហូប​ពី​សាច់​សត្វ​ជា​ដើម។ ប៉ុន្តែ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ ហើយ​ញ៉ាំ​អាហារ​មិន​មាន​សារធាតុ​បំប៉ន​គ្រប់​គ្រាន់។ សូម​ស្វែង​យល់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​រាងកាយ​របស់​អ្នក​កំពុង​តែ​ខ្វះ​វីតាមីន​B12។

១.ចេះតែ​អស់​កម្លាំង​មិន​ឈប់

ចំណុច​សំខាន់​ដំបូង​គេ​នៃ​កង្វះ​វីតាមីន​ B12​ក្នុង​រាងកាយ​គឺ​អាការៈ​អស់​កម្លាំង មិន​ថា​អ្នក​បាន​គេង​គ្រប់​៨​ម៉ោង​ក៏​ដោយក៏​ពេល​ក្រោក​ឡើង​នៅ​តែ​មាន​អារម្មណ៍​ល្ហិតល្ហៃ ដូច​មិន​បាន​គេង​សោះ​តែ​ម្ដង។ ជា​ធម្មតា រាងកាយ​មនុស្ស​ត្រូវ​ពឹង​ផ្អែក​លើ​វីតាមីន​B12​នេះ​ហើយ ​ដើម្បី​ផលិត​កោសិកា​ឈាម​ក្រហម​ដើម្បី​ឱ្យ​អុកស៊ីសែន​ត្រូវ​បាន​ប្រើ​ប្រាស់​ពាសពេញ​រាងកាយ។ ប៉ុន្តែ​ចំណុច​នេះ​តែ​មួយ​នៅ​មិន​ទាន់​អាច​សន្មត​បាន​នៅ​ឡើយ​ទេ អ្នក​កំពុង​តែ​ខ្វះ​ វីតាមីន​B12​តែ​មួយ​មុខ។ នៅ​មាន​ចំណុច​សំខាន់​ផ្សេង​ទៀត​ដែល​គួរ​ពិចារណា។

២.សាច់ដុំ​ចុះ​ខ្សោយ

ដើម្បី​ឱ្យ​សាច់​ដុំ​រឹង​មាំមនុស្ស​ត្រូវ​ការ​អុកស៊ីសែន។ កោសិកា​ឈាម​ក្រហម​ដូច​ជួយ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​សាច់ដុំ​ត្រូវ​ពឹង​ផ្អែក​លើ​វីតាមីន​ B12 ​នេះ​ហើយ។ ដូច្នេះ​ប្រសិន​បើ​សាច់​ដុំ​របស់​អ្នក​ប្រែ​ជា​ចុះ​ខ្សោយ​នោះ បាន​ន័យ​ថា​អ្នក​កំពុង​បាត់​បង់​សារធាតុ​វីតាមីន​ B12 ​ហើយ។

៣.មាន​បញ្ហា​ភ្នែក

ក្នុង​ករណី​មួយ​ចំនួនការ​បាត់​បង់​ វីតាមីន ​B12​ ក្នុង​រាងកាយ​ក៏​អាច​បណ្ដាល​ឱ្យ​ភ្នែក​របស់​អ្នក​មាន​បញ្ហា​ផង​ដែរ។ វា​ធ្វើ​ឱ្យ​ភ្នែក​ឡើង​ស្រវាំង ​ឬ​ព្រិលពិបាក​មើល​របស់​ដែល​នៅ​ចំពោះ​មុខ​ក្នុង​ពេល​មួយ​រយៈ។ ប្រសិន​បើ​​អ្នក​​នៅ​សុខៗ​បែរ​ជា​មាន​បញ្ហា​ភ្នែក សូម​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ជៀសវាង​ការ​សន្និដ្ឋាន​និង​ប្រើ​ថ្នាំ​ដោយ​ខ្លួន​ឯង។

៤.ស្បែក​ឡើង​ស្លេកស្លាំង

កង្វះ​វីតាមីន​ B12​ នឹង​ធ្វើ​ឱ្យ​ស្បែក​ប្រែ​ជា​ស្លេកស្លាំងបាត់​បង់​ជាតិ​ពណ៌​ក្រហម។ នេះ​ក៏​ដោយ​សារ​តែ​រាងកាយ​កំពុង​បាត់​បង់​កោសិកា​ឈាម​ក្រហម​ដែល​មិន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​វីតាមីន​ B12​នេះ​ឯង។ មិន​ថា​អ្នក​កំពុង​ជួប​ប្រទះ​នូវ​សញ្ញា​ណា​មួយ​ខាង​លើ វា​អាច​ជា​អ្វី​ដែល​អ្នក​ចំណាំ​ទុក​ និង​សង្កេត​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ពិនិត្យ​ឱ្យ​បាន​ច្បាស់ និង​ស្ដាប់​តាម​វេជ្ជបញ្ជា​ដើម្បី​ឱ្យ​រាងកាយ​មាន​សុខភាព​ល្អ​ឡើង​វិញ៕