សំឡេងទូរស័ព្ទតឺង​ តឺង ជាសញ្ញាបង្ហាញថា ប្រសិនបើនារីដែលជាម្ចាស់ទូរស័ព្ទមិនចង់ទៅធ្វើការយឺតទេ ត្រូវតែប្រញាប់ក្រោកឡើង រៀបចំខ្លួនចេញពីផ្ទះឥឡូវនេះហើយ។ ប៉ុន្តែមុននឹងទ្វារត្រូវបានបើក នាងក៏បានឈប់នៅត្រង់កញ្ចក់មួយផ្ទាំងធំ រួចញញឹមដាក់ខ្លួនឯងសិន​រួចទើបឈានជើងចេញទៅធ្វើការ។ ហើយនាងបានធ្វើបែបនេះជារៀងរាល់ព្រឹក។

ជឿថាមានមនុស្សមិនច្រើនទេ ដែលនឹកឃើញធ្វើបែបនេះប៉ុន្តែក្រៅពីការញញឹម ការនិយាយប្រយោគល្អៗលើកទឹកចិត្តខ្លួនឯងក៏ជារឿងមួយដែលបុគ្គលិកក្រុមហ៊ុន គួរធ្វើជារៀងរាល់ព្រឹកដើម្បីឱ្យមានថាមពលល្អក្នុងការចាប់ផ្តើមថ្ងៃថ្មី។ប្រសិនបើអ្នកនឹកមិនឃើញថាគួរនិយាយអ្វី ត្រូវតែអានអត្ថបទនេះឱ្យចប់។

១. “​ថ្ងៃនេះជាថ្ងៃថ្មី យើងនៅមានឱកាសចាប់ផ្តើមថ្មីជានិច្ច”

មិនថាថ្ងៃកន្លងមកជាថ្ងៃល្អឬ​មិនល្អ តែថ្ងៃនេះជាថ្ងីថ្មី ជាថ្ងៃដែលយើងអាចចាប់ផ្តើមធ្វើអ្វីថ្មីៗបាន។ ផ្លាស់ប្តូរនូវអ្វីដែលអ្នកចង់ប្តូរ ធ្វើជាមនុស្សដែលខ្លួនចង់ធ្វើ។ ប្រសិនបើរឿងល្អៗមិនបាននៅជាមួយយើងរហូតទេ រឿងមិនល្អក៏ដូចគ្នាដែរ​ហេតុដូច្នេះហើយព្យាយាមធ្វើថ្ងៃនេះឱ្យបានល្អបំផុតទៅគឺគ្រប់គ្រាន់ហើយ។

២. “ថ្ងៃថ្មីប្រៀបដូចជាកាដូរដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន”

យើងត្រូវប្រដូចថ្ងៃថ្មីឱ្យដូចជាអំណោយដ៏អស្ចារ្យពីព្រះជាម្ចាស់ ហើយបច្ចុប្បន្នភាពគឺជារឿងដ៏សំខាន់។ អព្ភូតហេតុតែងតែកើតមាននៅកន្លែងណាមួយលើពិភពលោកនេះ ការដែលយើងមិនទាន់បានជួបវាមិនមែនមានន័យថាវានឹងមិនកើតឡើងចំពោះយើងនោះទេ។

៣.“​ក្តីស្រម៉ៃរបស់ខ្ញុំនឹងក្លាយជាការពិតនៅថ្ងៃណាមួយ”

យើងអាចធ្វើតាមក្តីសុបិន្តរបស់យើងបានមិនថាអ្នកដទៃយល់ឃើញថាវាជារឿងប្លែក ឬគ្រាន់តែជាការស្រមើស្រម៉ៃទេ ប៉ុន្តែការពិត វាគឺជាក្តីស្រម៉ៃផ្ទាល់ខ្លួនដូចជាមនុស្សច្រើននាក់ទៀតដែរ។ នៅពេលយើងបានលះបង់ភាពព្យាយាមគ្រប់គ្រាន់ យើងក៏សមនឹងទទួលបានការសម្រេចគោលដៅដូច្នោះដែរ។ ហើយថ្ងៃនេះគឺជាថ្ងៃដែលយើងខិតជិតក្តីស្រម៉ៃមួយជំហានទៀតហើយ។

៤. “ខ្ញុំអាចចាប់ផ្តើមសារជាថ្មីបានគ្រប់ពេលវេលា”

ការចាប់ផ្តើមធ្វើអ្វីថ្មីៗ មិនមែនទាល់តែថ្ងៃឆ្លងឆ្នាំថ្មីទើបធ្វើបាននោះទេ។ យើងអាចចាប់ផ្តើមអ្វីថ្មីៗបានគ្រប់ទីកន្លែង ជារៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា។ ការផ្លាស់ប្តូររឿងអ្វីម្យ៉ាងនៅក្នុងជីវិត មិនអាស្រ័យលើពេលវេលាដែលសាកសមតែម្យ៉ាងនោះទេ។ តែវាអាស្រ័យលើទំនុកចិត្តនិងការប្តេជ្ញាចិត្តរបស់យើងដែលអាចកើតឡើងបានគ្រប់ពេលវេលា។

៥. “ជីវិតត្រូវតែបន្តដំណើរទៅមុខ មិនថាមានអ្វីកើតឡើងក៏ដោយ”

មិនថារឿងដែលបានកើតឡើងជារឿងល្អឬ​មិនល្អ ជារឿងហួសចិត្ត ឬដួលរលំប៉ុណ្ណានោះទេ ជីវិតត្រូវតែឆ្ពោះទៅមុខជានិច្ច។យើងត្រូវតែឈានជើងទៅមុខទោះបីជាលឿនឬយឺតក៏ដោយ ព្រោះលើលោកនេះគ្មានអ្វីស្ថិតស្ថេរឡើយ។ត្រូវបន្តកែលម្អរខ្លួនឯងឱ្យប្រសើរឡើងជារឿយៗ យកជម្នះលើភាពបរាជ័យ និងបន្តជីវិតដោយរស់នៅក្នុងផ្លូវល្អ៕