ក្នុងទំនាក់ទំនងគ្រួសារមួយ ដើម្បីធានាបានថាមានដំណើរប្រកបដោយសុភមង្គល ក៏តម្រូវឱ្យមានការសិក្សាស្វែងយល់ពីចំណុចតូចធំខ្លះៗផងដែរ ។ តាមរយៈគន្លឹះចែករំលែកពីប៉ាៗ ដែលជាមេគ្រួសារនៅក្នុងកម្មវិធី All Pro Dad របស់សហរដ្ឋអាមេរិក ក៏បានបង្ហាញពីចំណុចមួយចំនួន ទៅលើទំនាក់ទំនងគ្រួសារក្នុងការចិញ្ចឹមកូន ពិសេសប៉ាៗ ដែលមានកូនស្រីៗក្នុងគ្រួសារ៖

. នាងចង់ឱ្យអ្នកចូលរួមជាមួយគេ

ក្មេងស្រីច្រើនចង់ឱ្យប៉ារបស់គេចូលរួមសកម្មភាពជាមួយពួកគេ។ ដូចនេះ ក្នុងនាមជាប៉ាមួយរូប អ្នកអាចចូលរួមក្នុងសកម្មភាពកម្សាន្តរបស់គេ មិនថាសកម្មភាពជាចំណង់ចំណូលចិត្តរបស់នាងឬកិច្ចការសាលារបស់នាងឡើយ។ ជាឧទាហរណ៍ កូនស្រីចូលចិត្តលេងមើលថែតុក្កតា អ្នកចូលរួមជាមួយកូនមិនថាសាកសួរពីការគិតរបស់គេ ឬមួយនាំកូនទៅហាងតុក្កតា ទៅរកមើលអ្វីដែលគេចូលចិត្តជាដើម។

២. នាងត្រូវការអ្នកជាគំរូគ្រួសារស្រលាញ់ មើលថែម៉ាក់របស់នាង

គំរូដំបូងក្នុងគ្រួសារដែលក្មេងស្រីនឹងជួបគឺទំនាក់ទំនងរវាងប៉ា និងម៉ាក់របស់នាង។ ក្តីស្រលាញ់ ភាពកក់ក្តៅ និងការមើលថែទាំក្រុមគ្រួសារទាំងកាយ និងស្មារតី នឹងក្លាយជាឧទាហរណ៍ និងគំរូល្អដែលមានឥទ្ធិពលខ្លាំងទៅលើអនាគតរបស់ក្មេងស្រី នៅពេលពួកគេដល់វ័យ ជួបដៃគូជីវិតឬមានគ្រួសារដូចអ្នកដែរ។ ដូច្នេះក្នុងនាមឈ្មោះជាឪពុក អ្នកគួរផ្តល់ចំណុចដូចខាងលើនេះបានដល់ក្រុមគ្រួសារមួយ។

៣. នាងត្រូវការអ្នកដែលជាទំនុកចិត្តរបស់នាង

ពិតមែនក្មេងស្រីច្រើនត្រូវការជំនួយ ជំនឿជឿជាក់ ការគាំទ្រ ដល់ពួកគេក្នុងនាមអ្នកជាប៉ារបស់គេ។ជាឧទាហរណ៍តូចមួយ ពេលអ្នកបង្រៀនពួកគេឱ្យផ្តើមរៀនជិះកង់ គឺអ្នកនៅតែតាមមើលចាំជួយពួកគេប៉ុន្តែអ្នកគឺផ្តល់កម្លាំងចិត្ត ទំនុកចិត្ត និងភាពជឿជាក់ដល់រូបគេថាកូនពិតជាអាចធ្វើបាន។

៤. នាងត្រូវការក្តីស្រលាញ់និងភាពកក់ក្តៅទុកចិត្តពីអ្នក

មែនហើយ នៅពេលនាងមានបញ្ហាណាមួយពិភាក្សាជាមួយអ្នក ប្រាកដណាស់ ការគោរព និងតម្លៃនៃភាពកក់ក្តៅទុកចិត្ត គឺត្រូវតែមានក្នុងនាមជាប៉ា ក្នុងការជួយដោះសា្រយបញ្ហានោះ។ ដូច្នេះ ជាឪពុកមួយរូប អ្នកពិតជាអាចផ្តល់ឱ្យកូនៗនូវទំនុកចិត្តក្នុងការពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗ។

៥. នាងត្រូវការក្តីស្រលាញ់ដោយគ្មានលក្ខខណ្ឌពីឪពុករបស់នាង

ចិញ្ចឹមកូនៗ គឺមានទាំងការផ្គត់ផ្គង់សម្ភារៈនិងការរស់នៅប្រចាំថ្ងៃ ទន្ទឹមនឹងនោះក្តីស្រលាញ់ក្នុងនាមជាឪពុកក៏ត្រូវមានមកជាមួយផងដែរជាក្តីស្រលាញ់មួយដែលគ្មានលក្ខខណ្ឌ បើទោះនាងបានធ្វើខុសមិនដឹងខ្លួនក៏ដោយ។ ដែលជាឧទាហរណ៍មួយ ដល់ពេលវេលាមួយដែលមនុស្សដើរផ្លូវខុស និងភ្ញាក់ខ្លួនពិតណាស់ក្តីស្រលាញ់គ្មានលក្ខខណ្ឌគឺមនុស្សនោះពិតជាចង់បាន ដូចទៅនឹងម្តាយសណ្តោសកូនៗពេលធ្វើខុសផងដែរ។

៦. នាងចង់បានគំរូល្អក្នុងការដឹកនាំរបស់អ្នក

ឈ្មោះជាប៉ាគឺជាបុរសម្នាក់ ដែលកូនស្រីស្គាល់មុនគេ និងជាគំរូដល់រូបគេផងដែរ។ ដូច្នេះគំរូល្អៗជាបុរស ជាឪពុក អ្នកគួរមាន ដោយហេតុថាវាមានឥទ្ធិពលទៅដល់អនាគតពួកគេនៅថ្ងៃខាងមុខបើអ្នកចាប់អារម្មណ៍។ គំរូល្អៗ ប្រៀបដូចជាការផ្សាយទៅដល់អ្នកជុំវិញខ្លួនហើយពិតណាស់កូនៗ ក្មួយៗរបស់អ្នកដែលនៅក្បែរអ្នកនឹងមានគំរូទាំងនោះក្នុងផ្នត់គំនិតរបស់ពួកគេផងដែរ ដែលនេះសម្តៅទៅលើលំនាំតាមនៅថ្ងៃខាងមុខរបស់ពួកគេ ពិសេសកូនស្រីនៅពេលពួកគេឈានដល់វ័យជ្រើសគូស្រករ៕