ពេលអាកាសធាតុប្រែប្រួល បើកថ្ងៃសុខៗស្រាប់តែភ្លៀងជាញឹកញាប់ នោះអាចនឹងធ្វើឱ្យសុខភាពមនុស្សមានការប្រែប្រួលដូចគ្នា។ ជាពិសេសនៅពេលថ្ងៃក្ដៅខ្លាំង រាងកាយនឹងឡើងកម្ដៅរមាស់ រោល ឬឡើងកន្ទួលដែលធ្វើឱ្យអ្នកនៅមិនសុខឡើយ។ ខាងក្រោមនេះគឺជាទឹកផ្លែឈើធម្មជាតិទាំង៦មុខ ដែលអាចជួយការពាររាងកាយអ្នកក្នុងអាកាសធាតុប្រែប្រួលបែបនេះ ជួយបណ្ដេញជាតិពុលពីក្នុងថ្លើម និងបន្សុទ្ធរាងកាយបានយ៉ាងល្អ។

១. ទឹកក្រូចឆ្មារ

ក្រូចឆ្មារមានផ្ទុកជាតិវីតាមីន C ខ្ពស់បំផុត។ ដូច្នេះភេសជ្ជៈជូរប្រភេទនេះអាចមានប្រសិទ្ធភាពបំបាត់អាការស្រេកទឹកថែមទាំងល្អចំពោះការធ្វើឱ្យខាងក្នុងខ្លួនចុះត្រជាក់ បំបាត់ក្អកនិងសម្លាប់មេរោគយ៉ាងមានប្រសិទ្ធភាព។

២. ទឹកដូង

ទឹកដូងគឺជាភេសជ្ជៈដែលអាចបំបាត់ភាពស្រេកទឹកបានភ្លាមៗនៅរដូវក្តៅ។ មិនត្រឹមតែមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែល​ល្អចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែ​ទឹកដូងស្រស់ៗអាចជួយបង្កើនភាពរឹងមាំ និងបញ្ចុះកម្ដៅបានលឿនទៀតផង។

៣. ទឹកអំពៅ

នេះគឺជាភេសជ្ជៈដ៏ពេញនិយមមួយនៅរដូវក្តៅ ព្រោះទឹកអំពៅមិនត្រឹមតែត្រជាក់ឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានប្រសិទ្ធិភាពធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ជួយកាត់បន្ថយកម្ដៅបានយ៉ាងល្អព្រមទាំងអាចផ្តល់ថាមពលដល់រាងកាយបានភ្លាមៗដើម្បីប្រឆាំងនឹងភាពអស់កម្លាំងផងដែរ។

៤. តែបៃតង

តែបៃតង​គឺជាភេសជ្ជៈដែលគ្រប់គ្នាស្គាល់ថា ជាភេសជ្ជៈដែលមិនត្រឹមតែជួយឱ្យរាងកាយចុះកម្ដៅនិងបន្សាបជាតិពុលប៉ុណ្ណោះទេ តែថែមទាំងមានប្រសិទ្ធិភាពក្នុងការការពារជំងឺមួយចំនួន ដូចជាជំងឺលើសឈាមជំងឺក្រិនសរសៃឈាមជាដើម។

៥. ទឹកសក់ពោត

​ប្រហែលមិនសូវមានអ្នកដែលស្គាល់ភេសជ្ជៈធម្មជាតិមួយមុខនេះឡើយ ព្រោះសក់ពោតត្រូវបានគេចោល ក្រោយញ៉ាំសាច់វារួច។ ប៉ុន្តែអ្នកមិនបានដឹងទេថាការដាំទឹកសក់ពោតទទួលទានអាចផ្ដល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពដូចជាផឹកជំនួសទឹកចម្រោះបានជាប្រចាំ ដែលមានសមត្ថភាពបណ្ដេញជាតិពុលការនោមច្រើន។ អ្នកដែលមានជំងឺលើសឈាម ទឹកនោមផ្អែមក៏អាចផឹកទឹកនេះបានដែរដែលមិនបង្កផលរំខានដល់ស្ថានភាពជំងឺឡើយ។ ក្រៅពីនេះ ទឹកសក់ពោតអាចជួយបញ្ចុះកម្ដៅក្នុងខ្លួនបានល្អ។

៦. ទឹកឪឡឹក

​ឪឡឹក គឺជាផ្លែឈើដែលមានជាតិទឹកច្រើន ហើយត្រូវបានអ្នកជំនាញសុខភាពនៅទូទាំងពិភពលោកណែនាំឱ្យបរិភោគនៅរដូវក្តៅឬនៅពេលស្រេកទឹក។ បើផឹកទឹកឪឡឹកជាប្រចាំអាចជួយការពារនិងព្យាបាលអាការក្ដៅខ្លួន​ ក្តៅមាត់ស្ងួតមាត់ ស្រេកទឹក ទល់លាមក និងបាត់បង់ចំណង់អាហារជាដើម៕