ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថាមនុស្សដែលពូកែមនុស្សដែលខ្លាំង និងមនុស្សដែលល្អលើសគេ តែងតែមានចំណុចពិសេសអ្វីមួយដែលធ្វើឱ្យបុគ្គលទាំងនោះទទួលបានភាពជោគជ័យនៅក្នុងជីវិត។ ហើយក៏ជារឿងដែលមនុស្សធម្មតាទូទៅត្រូវយកមកស្វែងយល់ ដើម្បីធ្វើឱ្យខ្លួនឯងមានស្មារតីភ្ញាក់រំឮកខ្លះៗ។ ដូច្នេះខាងក្រោមនេះជាទម្លាប់មួយចំនួនរបស់បុគ្គលជោគជ័យដែលអ្នកអាចយកគំរូតាមបាន៖

១.លោក Mark Zuckerberg ស្ថាបនិក Facebook 

គាត់តែងតែក្រោកនៅពេលព្រឹកម៉ោង៨ជារៀងរាល់ថ្ងៃ ហើយចូលចិត្តពាក់អាវយឺតពណ៌ប្រផេះ និងប្រ៊េនដដែលៗគ្រប់ពេលវេលា ដើម្បីកាត់បន្ថយការចំណាយពេលឥតប្រយោជន៍ទៅលើការជ្រើសរើសសម្លៀកបំពាក់។ ជាងនេះទៅទៀតគាត់ក៏មិនចាំបាច់ត្រូវចំណាយប្រាក់ច្រើន ទៅលើរឿងសម្លៀកបំពាក់ផងដែរ។

បើទោះបីជាគាត់ជាមហាសេដ្ឋីមានប្រាក់រាប់រយលានដុល្លារក៏ដោយចុះ ប៉ុន្តែការសំន្សសំចៃប្រាក់ និងពេលវេលាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់។ មានទ្រឹស្ដីមួយដែលសម្រង់ចេញពីសម្ដីលោក‍‍«អ្នកដទៃមិនខ្វល់ពីអ្វីដែលអ្នកនិយាយនោះទេ ប៉ុន្តែពួកគេរង់ចាំតែមើល ពីលទ្ធផលរបស់អ្នកតែប៉ុណ្ណោះ»។

២.លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft

ទម្លាប់របស់លោក Bill Gates ជារៀងរាល់ព្រឹកព្រលឹម គឺលោកតែងតែចាប់ផ្ដើមថ្ងៃថ្មីពីម៉ោង៧ព្រឹក លោកហ្វឹកហាត់រាងកាយដោយចំណាយពេលវេលាក្នុងការរត់លើម៉ាស៊ីន និងមើលវីដេអូអប់រំពីសុខភាព។ ជាភាពវ័យឆ្លាតមួយរបស់លោកហើយក៏ជាទម្លាប់ដែលយើងគួរកោតសរសើរ ចំពោះការប្រើប្រាស់ពេលវេលាឱ្យមានតម្លៃរបស់មហាសេដ្ឋីមួយរូបនេះ។ ក្នុងនោះផងដែររាល់សម្រង់ទ្រឹស្ដីរបស់លោក «បើទោះបីជាមានភាពសប្បាយរីករាយនៅពេលយប់ ប៉ុន្តែខ្ញុំត្រូវការពេលសម្រាកយ៉ាងតិច៧ម៉ោងក្នុងមួយថ្ងៃ»។

៣.លោកស្រី Tory Burch អ្នកច្នៃម៉ូត និងជាប្រធានក្រុមហ៊ុន Tony Burch

ជាធម្មតាលោកស្រី មានទម្លាប់ក្រោកពីគេងនៅម៉ោង៥ និង៤៥នាទីព្រឹក​ ហើយគាត់ចូលទៅពិនិត្យមើល Email ភ្លាម បន្ទាប់មកចាប់ផ្ដើមរៀបចំខ្លួនធ្វើលំហាត់ប្រាណខ្លួនដូចជាការរត់ ការដើរលឿននិងលើដុំដែកទំហំតូចៗ។ ក្នុងនោះផងដែរនេះជាប្រយោគមាសមួយឃ្លារបស់អ្នកស្រីគឺ «ប្រសិនបើវាមិនធ្វើឱ្យអ្នកភ័យខ្លាចនោះទេ អ្នកមិនទាន់បង្កើតនូវមហិច្ឆិតាឱ្យបានធំគ្រប់គ្រាន់នោះទេ»។

៤.លោក Jack Dorsey ស្ថាបនិក Twitter និង Square

ជារៀងរាល់ថ្ងៃលោកតែងតែក្រោកពីដំណេកនៅម៉ោង​ ៥និង៣០នាទីព្រឹក ហើយធ្វើការតាំងសមាធិផ្ចង់អារម្មណ៍ ហើយរត់ហាត់ប្រាណប្រមាណ ៦ miles ដែលវាក្លាយជាទម្លាប់ដ៏ល្អមួយរបស់គាត់ក្នុងចំណោមទម្លាប់ជាច្រើនផ្សេងទៀត។ ក្នុងនោះផងដែរ លោកតែងតែមានប្រយោគមួយឃ្លាដែលមានអត្ថន័យបង្កប់យ៉ាងសុីជម្រៅគឺ«រំពឹងអ្វីដែលគេមិនរំពឹងដល់ ហើយពេលដែលពេលវេលាមកដល់ ត្រូវធ្វើជាអ្វីដែលគេរំពឹងមិនដល់»។

៥.លោក Steve Jobs ស្ថាបនិក Apple

គាត់តែងតែក្រោកពីព្រលឹមនៅម៉ោង៦ព្រឹក ហើយសម្លឹងមើលទៅក្នុងកញ្ចក់ បន្ទាប់មកសួរខ្លួនឯងអំពីគោលបំណងនៅក្នុងជីវិតរបស់គាត់ ដើម្បីរំឮកដល់ការតាំងចិត្តរបស់គាត់ ដែលបានដាក់គោលដៅសម្រាប់ជីវិតខ្លួនឯងមិនឱ្យមានការធ្វេសប្រហែសឡើយ។ក្នុងនោះផងដែរទ្រឹស្ដីដែលលោកនិយមលើកឡើងគឺ «ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំនៅតែចង់ធ្វើអ្វីដែលខ្ញុំកំពុងធ្វើនេះទៀតដែរទេ?»។

ជាចុងក្រោយទម្លាប់ទាំងអស់ខាងលើនេះគឺត្រូវបានអនុវត្តដោយបុគ្គលជោគជ័យ ដែលមានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ហើយក៏ត្រូវមានការទទួលស្គាល់ពីប្រជាជនជុំវិញពិភពលោកដូចគ្នា។ ទន្ទឹមនឹងនេះដែរទម្លាប់ទាំងនោះក៏ជាមូលដ្ឋានគ្រឹះ ដែលបណ្ដាលឱ្យពួកគាត់ទទួលបាននូវភាពជោគជ័យ ដែលមនុស្សគ្រប់រូបស្ទើរតែនឹកស្មានមិនដល់។ ដូច្នេះហើយលោកអ្នកក៏ដូចគ្នាត្រូវតែព្យាយាមផ្លាស់ប្ដូរទម្លាប់ក្រោកយឺតនៅពេលព្រឹកដើម្បីទទួលបានអ្វីដែលថ្មីជាប្រចាំថ្ងៃ៕​