ប្រសិនបើអ្នកជាអ្នក​ញៀន​ផឹក​តែបៃតង សូមទទួលទានកុំឱ្យលើសពី ៥ កែវក្នុងមួយថ្ងៃ។
TheHealthSite.com

មិនមានការបដិសេធទេថា តែបៃតងពិតជាល្អសម្រាប់អ្នកប៉ុន្តែបើវាច្រើនពេកអាចបង្កគ្រោះថ្នាក់ច្រើនជាងផលល្អ។ តែបៃតងត្រូវបានគេចាត់ទុកថាជាភេសជ្ជៈមួយដែលល្អសម្រាប់សុខភាពបំផុតហើយមានលក្ខណៈសម្បត្តិជាឱសថ ដែលត្រូវបានគេទទួលស្គាល់អស់ជាច្រើនសតវត្សរ៍នៅទូទាំងពិភពលោក។ ដោយសារតែវាត្រូវបានផលិតចេញពីស្លឹក​តែ​ដែលគ្មានជាតិអាស៊ីតហើយមិនត្រូវបានកែច្នៃនោះ តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនបំផុតជាង​តែ​ផ្សេងទៀត។ វាមានឥទ្ធិពលប្រឆាំងនឹងការរលាក ប្រឆាំងនឹងការបង្កមហារីក ដោយសារសារធាតុគីមីធម្មជាតិដែល​គេ​ហៅថាប៉ូលីហ្វេណុលមាននៅក្នុងតែបៃតង។ លើសពីនេះទៅទៀតវាផ្ទុកមីក្រូសារជាតិជាច្រើនដូចជា៖ ស័ង្កសី ម៉ង់ហ្គាណែស និងវីតាមីន AB និងC។

អ្នកជំនាញផ្នែកសុខភាពបានណែនាំឱ្យទទួលទានតែបៃតងត្រឹមតែពីរទៅបីពែងក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកជាអ្នក​ញៀន​ផឹក​តែបៃតង សូមទទួលទានកុំឱ្យលើសពី ៥ កែវក្នុងមួយថ្ងៃ។ នេះគឺជាសញ្ញាដាស់តឿនមួយចំនួនដែលបង្ហាញ​ថាអ្នកកំពុងតែទទួលទានតែបៃតងច្រើនជាងអ្វីដែលអ្នកត្រូវការ។

ញ័រទ្រូង(បេះដូងលោតញ៉ាប់) និងសម្ពាធឈាមខ្ពស់

ទោះបីជាតែបៃតងមានផ្ទុកសារជាតិកាហ្វេអ៊ីនតិចជាងកាហ្វេក៏ដោយតែវាក៏ច្រើនល្មមក្នុងការផ្ដល់ផលប៉ះពាល់ប្រសិន​បើអ្នកទទួលទានច្រើនពែងក្នុងមួយថ្ងៃ។ ជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឱ្យញ័រទ្រូងនិងសូម្បី​តែ​សម្ពាធ​ឈាមក៏កើនឡើងដែរ។ នេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺបេះដូង។

ដូច្នេះសូមទទួលទានតែបៃតងឱ្យមានកម្រិតប្រសិនបើអ្នកមានជំងឺលើសឈាមជំងឺបេះដូង និងជំងឺដទៃទៀត ដើម្បីការពារកុំឱ្យមានផលវិបាកកើតឡើង។

ការកើនឡើងស្ត្រេស និងការថប់អារម្មណ៍

តែបៃតងមួយពែងអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលដោយសារលក្ខណៈពិសេសរបស់វា។ ទោះជាយ៉ាងណាក៏ដោយ ការផឹកតែបៃតងច្រើនពែងក្នុងមួយថ្ងៃអាចធ្វើឱ្យអ្នកកាន់តែតានតឹង។ នេះគឺដោយសារតែជាតិកាហ្វេអ៊ីនច្រើនពេកនៅក្នុងចរន្តឈាមរបស់អ្នកអាចបង្កឱ្យក្រពេញ Adrenal របស់អ្នកផលិតអរម៉ូនស្ត្រេសច្រើនដូចជាnorepinephrine, adrenaline និង cortisol ។

កង្វះជាតិដែក និងជំងឺខ្វះឈាម

នៅពេលទទួលទានតែបៃតងក្នុងបរិមាណច្រើនអាចរំខានដល់ការស្រូបយកជាតិដែកពីអាហារ និងអាចនាំឱ្យមានភាពស្លេកស្លាំង ខ្វះជាតិដែក ដែលក្នុងស្ថានភាពឈាមត្រូវបានកំណត់ឱ្យមានកោសិកាឈាមក្រហមមិនគ្រប់គ្រាន់ឬ RBCs ។

បន្ទាប់ពីទទួលទានអាហាររួច។ ប្រសិនបើអ្នកមានកង្វះជាតិដែកនិងជំងឺខ្វះឈាម អ្នកអាចនឹងអស់កម្លាំង វិលមុខ ស្បែកស្លេកស្លាំង ត្រជាក់ចុងដៃ ចុងជើងឈឺទ្រូង ដកដង្ហើមមិនដល់គ្នា និងចង្វាក់បេះដូងលោតញ៉ាប់។

ជំងឺក្រពះ និងជំងឺរាក

តែបៃតងក៏មានផ្ទុកសារធាតុតានីន ដែលជាសមាសធាតុក្នុងរុក្ខជាតិវាមានសមត្ថភាពអាចបង្រួមជាលិកាមួយចំនួននៅក្នុងខ្លួន។ សារធាតុទាំងនេះច្រើនពេកនៅក្នុងខ្លួនអាចបណ្តាលឱ្យស្ងួតមាត់ ក្អួតចង្អោរ និងឈឺក្រពះ។

លើសពីនេះទៀតសារធាតុនៃជាតិកាហ្វេអ៊ីនអាចធ្វើឱ្យអ្នករាករូសបានប្រសិនបើអ្នកផឹកតែបៃតងច្រើនពែងក្នុងមួយថ្ងៃ។ ការរាករូស ឬក្អួតជាញឹកញាប់អាចបណ្តាលឱ្យអ្នកខ្វះជាតិទឹក។ ការខ្វះជាតិទឹកធ្ងន់ធ្ងរអាចប៉ះពាល់ដល់មុខងារតម្រងនោមរបស់អ្នក។

បញ្ហាក្នុងការគេង

ជាតិកាហ្វេអ៊ីនលើសលប់ពីតែបៃតងអាចធ្វើឱ្យអ្នកកាន់តែពិបាកគេងលក់។ ការផឹកតែបៃតងមុនពេលចូលគេងក៏អាចធ្វើឱ្យអ្នកចង់នោមនៅពេលយប់ ដែលអាចរំខានដល់ដំណេករបស់អ្នកនិងធ្វើឱ្យអ្នកមានអារម្មណ៍ល្វើយនៅពេលព្រឹក។ វាអាចប៉ះពាល់ដល់ការបំពេញការងាររបស់អ្នកនៅកន្លែងធ្វើការ និងធ្វើឱ្យអ្នកចុះខ្សោយសមត្ថភាព ក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ៕