ចរន្តនៃសាកលភាវូបនីយកម្ម បានជំរុញឱ្យប្រទេសទាំងអស់ត្រូវធ្វើការពង្រីកទីក្រុង និងអភិវឌ្ឍទីក្រុងដែលខ្លួនកំពុងរស់នៅឱ្យក្លាយជាទីក្រុងកាន់តែទំនើប ឆ្លើយតបជាមួយនឹងកំណើតប្រជាជន និងការរីកចម្រើននៃបច្ចេកវិទ្យា។ ចរន្តបែបនេះ បានជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងច្រើនដែលវាអាចជាឱកាសផង និងអាចជាកត្តាប្រឈមផងសម្រាប់ប្រទេសនានា ក្នុងពេលបច្ចុប្បន្ន។
លោកបណ្ឌិត Patrick Dixon អ្នកជំនាញយុទ្ធសាស្រ្ត និងការព្យាករណ៍ បានលើកឡើងថាទីក្រុងទាំងអស់លើពិភពលោកហាក់កំពុងប្រែប្រួលរូបរាងបន្តិចម្តងៗ ដើម្បីឆ្លើយតបជាមួយនឹងកំណើនប្រជាជន។ តំបន់នានាដែលមិនធ្លាប់មានអគារខ្ពស់ បានក្លាយជាតំបន់ដែលពោរពេញដោយអគារប្រណីតនាពេលបច្ចុប្បន្ន។ ក្នុងនោះតំបន់អនាធិបតេយ្យកាលពីមុន ក៏កំពុងក្លាយជាតំបន់ដែលពោរពេញទៅដោយអគារទំនើបៗផងដែរ។ កត្តានេះជំរុញឱ្យអ្នកគ្រប់គ្រងតំបន់នីមួយៗ ត្រូវតែរៀបចំឱ្យមានការអភិវឌ្ឍតំបន់មិនរៀបរយទាំងអស់នោះ ដើម្បីបន្សីគ្នាជាមួយនឹងតំបន់ជុំវិញនោះ។
បណ្ឌិត Patrick Dixon បានបញ្ជាក់ថា ដោយសារតែតំបន់អនាធិបតេយ្យដែលប្រជាជនមួយចំនួនធ្លាប់បោះទីតាំងក្រៅផ្លូវការកាលពីមុន ក្លាយជាកណ្តាលតំបន់អភិវឌ្ឍ វាបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវបង្ខំចិត្តផ្តល់សិទ្ធដីធ្លីនិងរៀបចំឱ្យពួកគេទៅកន្លែងសមរម្យណាមួយនាពេលបច្ចុប្បន្ន។ ចរន្តនេះបានក្លាយជាឱកាសសម្រាប់អ្នកដែលបោះទីតាំងនៅតំបន់អនាធិបតេយ្យទាំងអស់នោះ ឱ្យទទួលបានផលប្រយោជន៍ជាច្រើន ខណៈវាក៏អាចជាឧបសគ្គផងដែរសម្រាប់ការអភិវឌ្ឍជាក់ស្តែង។
បច្ចុប្បន្ននេះ ប្រទេសជាច្រើនកំពុងកសាងទីក្រុងប្រកបដោយប្រណីតភាព ខណៈទីក្រុងខ្លះក៏បានចាប់ផ្តើមអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃជាច្រើន រហូតក្លាយជាទីក្រុងឆ្លាតវៃដែលផ្តល់ផាសុកភាពសម្រាប់អ្នករស់នៅ រក្សាបរិស្ថានស្អាត និងកាត់បន្ថយផលប៉ះពាល់នៃសកម្មភាពរបស់មនុស្សចំពោះបរិស្ថានថែមទៀតផង។
តែទោះជាយ៉ាងនេះក្តី ប្រទេសជាច្រើននាពេលបច្ចុប្បន្ន ក៏កំពុងតែព្យាយាមដោះស្រាយបញ្ហានានាដែលកំពុងកើតឡើងដើម្បីសម្រេចឱ្យបាននូវផែនការមេរបស់ខ្លួន មុននឹងឈានទៅដល់ការអភិវឌ្ឍបែបបៃតង ឬអភិវឌ្ឍដោយគិតពីភាពឆ្លាតវៃដើម្បីនិរន្តរភាព (sustainable)ជាដើម៕