នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗអាចនឹងមានពេលវេលាណាមួយដែលអ្នកមានអារម្មណ៍ថាអស់កម្លាំងហត់នឿយ និងរស់នៅពោរពេញទៅដោយភាពស្មុគស្មាញ។ ក្នុងនោះផងដែរបច្ចុប្បន្នយើងសង្កេតឃើញថាយុវជនភាគច្រើនតែងតែកើតមាននូវជម្ងឺបាក់ទឹកចិត្តនៅពេលដែលពួកគេឈាន ចូលដល់វ័យត្រូវសម្រេចចិត្តជ្រើសរើសជំនាញ ដៃគូជីវិត និងមុខរបរចិញ្ចឹមជីវិតជាដើម។ ហេតុនេះតើអ្នកគួរធ្វើយ៉ាងណានៅពេលដែលអ្នកបាក់ទឹកចិត្តខ្លាំងក្នុងពេលនេះ:

១.រៀនឲ្យតម្លៃខ្លួនឯង

កំឡុងពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត ទុក្ខព្រួយច្រើនក្នុងជីវិត អ្នកអាចនឹងមានអារម្មណ៍អាក្រក់ច្រើនចំពោះខ្លួនឯង ព្រមទាំងគិតថាខ្លួនឯងមិនសូវមានតម្លៃ និងអំណាចក្នុងក្រសែភ្នែករបស់មនុស្សជុំវិញខ្លួន។ ដូច្នេះប្រសិនបើខណៈនេះ អ្នកកំពុងតែមានអារម្មណ៍មិនល្អ អ្នកគួរតែព្យាយាមស្វែងរកអ្វីដែលថ្មីដើម្បីផ្តល់តម្លៃ មកកាន់ជីវិតរបស់ខ្លួនជាជាងការបន្ទោសមកកាន់ខ្លួនឯង។

២.មើលថែសុខភាពខ្លួនឯង

សុខភាពជារឿងសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់អ្នក កំឡុងពេលដែលអ្នកនៅមានអាយុតិច អ្នកគីប្បមើលថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អហើយកុំបណ្តោយខ្លួនឲ្យទទួលទានអាហារមិនទៀងទាត់ មិនមានវីតាមីនគ្រប់គ្រាន់ និងគេងមិនបានគ្រប់គ្រាន់ជាដើម។ ដោយហេតុដែលអាចបណ្តាលឲ្យអ្នកងាយកើតមាននូវជម្ងឺកាចសាហាវ និងប៉ះពាល់ដល់អាយុជីវិតរបស់អ្នកនាថ្ងៃអនាគតថែមទៀតផង។

៣.នៅជុំវិញមនុស្សវិជ្ជមាន

មនុស្សវិជ្ជមានតែងតែនាំឲ្យអ្នកនូវអារម្មណ៍ល្អៗគំនិតថ្មីៗ និងកម្លាំងថាមពលក្នុងការប្រយុទ្ធប្រឆាំងជាមួយបញ្ហានានានៅក្នុងជីវិតរបស់ខ្លួន។ដូច្នេះអ្នកគីប្បមានមនុស្សវិជ្ជមាននៅក្បែរខ្លួនឲ្យបានច្រើន ខណៈពេលដែលអ្នកកំពុងតែជួបប្រទះនូវបញ្ហាមិនល្អក្នុងជីវិត។

៤.រៀនដោះស្រាយជាមួយភាពស្មុគស្មាញ 

នរណាក៏មានបញ្ហាស្មុគស្មាញដែលត្រូវដោះស្រាយផងដែរហើយគ្រប់បញ្ហាដែលអ្នកបានជួបប្រទះវាតែងតែមានទម្រង់ធំនិងតូច។ ដូច្នេះកុំធ្វើឲ្យខ្លួនឯងស្មុគស្មាញពិបាកចិត្ត គិតច្រើនពេកទៅនឹងហេតុការណ៍ដែលបានកើតមានឡើងចំពោះខ្លួនអ្នកត្រូវចងចាំពាក្យស្លោកមួយថា “គ្រប់បញ្ហាតែងតែមានដំណោះស្រាយជានិច្ច”។

៥.ធ្វើចិត្តឲ្យស្ងប់

មិនថាអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំងប៉ុណ្ណានោះទេ សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នក។ ដូច្នេះអ្នកត្រូវថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឲ្យបានល្អប្រសើរ។

៦.ចេះស្វែងរកជំនួយ បើអាច

ប្រសិនបើរឿងរ៉ាវដែលអ្នកបានជួបប្រទះនូវទុក្ខព្រួយច្រើន ហើយពិបាកក្នុងការស្វែងរកពន្លឺនិងក្តីសង្ឃឹមនាពេលអនាគត។អ្នកគីប្បស្វែងរកជំនួយពីមនុស្សដែលអ្នកទុកចិត្ត ដើម្បីចូលរួមស្តាប់ និងជួយដោះស្រាយបញ្ហាមកកាន់អ្នក៕