ការត្រៀមខ្លួនជាមុនបានល្អក្នុងផែនការហិរញ្ញវត្ថុជារឿងល្អមួយ ជាមួយគ្នានេះផែនការសន្សំសម្រាប់ពេលខាងមុខតួយ៉ាង ប្រភពថវិកាសម្រាប់ចាយពេលចម្រើនដល់វ័យចំណាស់ជារឿងមួយ ត្រូវបង្ការទុកជាមុនផងដែរ។ តាមរយៈដំបូន្មានអ្នកមានបទពិសោធសន្សំមុនៗ នៅលើវិបសាយ Life Hack បានចែករំលែកជាតិចនិកសន្សំខ្លះៗ សម្រាប់ចាយវាយពេលវ័យចាស់ដូចខាងក្រោម៖
១.ផ្តើមសន្សំតាំងពីប្រភពចំណូលនៅទាប
បទពិសោធទីមួយនោះ គឺការចាប់ផ្តើមសន្សំបណ្តើរៗតាំងពីប្រភពថវិកាចំណូលនៅតិចតួច ដែលនេះគឺជាការដាក់វិន័យក្នុងការសន្សំ។ កុំរង់ចាំដល់ពេលអ្នកមានចំណូលច្រើន ទើបផ្តើមសន្សំព្រោះថាពេលវេលារង់ចាំរហូតចំណូលខ្ពស់ មិនច្បាស់លាស់អាចបង្កឱ្យខកខានឱកាសវិញក៏ថាបាន។
គេអាចប្រើវិធានការសន្សំសំចៃពិតប្រាកដ ដើម្បីអនុវត្តឈានទៅរកគោលដៅខាងលើដោយប្រើវិធីសរសេរចេញជាបញ្ជី"តម្រូវការ"និងបញ្ជី"ចង់បាន"។ ជាឧទាហរណ៍មួយគឺសេវាបង់ថ្លៃអ៊ីនធើណេតឬ វីដេអូភាពយន្តកម្សាន្ត Netflix ស្ថិតនៅក្នុងបញ្ជី "ចង់បាន" ចំណែកឯកុំព្យូរទ័រ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ១គ្រឿងស្ថិតក្នុងបញ្ជី "តម្រូវការ"។ ធ្វើដូចនេះយើងអាចសន្សំសំចៃលើថវិកា ដែលត្រូវប្រើចំទិសដៅនិងអាទិភាពសំខាន់បាន។
២.សន្សំលុយរាល់ខែ
ត្រង់ចំណុចនេះក្រោយពីធ្វើបញ្ជីសម្រាប់ចំណាយលើតម្រូវការចាំបាច់រួច យើងអាចស្មានពីចំនួនទឹកប្រាក់ដែលអាចរំលែកសន្សំខ្លះសម្រាប់ចូលនិវត្ត អាស្រ័យទៅលើអាយុរបស់យើង។ ប៉ុន្តែវិធីក៏គួរគប្បីមានវិន័យជាប់ជាមួយផងដែរ ឧទាហរណ៍គឺការរំលែក១០% នៃប្រាក់ចំណូលប្រចាំខែ ឬប្រចាំសប្តាហ៍សម្រាប់ជាប្រាក់ចូលនិវត្តហើយយើង ក៏អាចពិនិត្យដំណើរការរបស់វា។ វិធីនេះគឺបានផ្តោតទៅលើវិន័យនៃការសន្សំពោល គឺមិនសម្តៅទៅលើផែនការសន្សំទឹកប្រាក់ឱ្យបានច្រើននោះទេ តែគួរប្រាកដថាការសន្សំរបស់អ្នកដើរក្នុងវិន័យជានិច្ចជាកាល។
៣.វគ្គបង្កើនការសន្សំ
ក្រោយពេលពិនិត្យមើលវិន័យសន្សំរបស់យើងក្លាយជាទម្លាប់ល្អមួយហើយ ដូចនេះយើងក៏អាចពិចារណារកមើលការបន្ថែមទឹកប្រាក់លើប្រភពសន្សំផងដែរ តាមរយៈចំណូលបន្ថែមដោយមិនចាំបាច់ពឹងផ្អែកតែលើប្រាក់ខែ។ ចំណូលបន្ថែមនោះអ្នកអាចអភិវឌ្ឍវាបាន ដោយការចាប់ផ្តើមជាជំនួញតូចតាចណាមួយសម្រាប់ជាប្រភពចំណូលថែមដូចជាការលក់អីវ៉ាន់អនឡាញ ឬជាការងារក្រៅម៉ោង ឬFreelance ដែលអ្នកអាចធ្វើពេលទំនេរ សម្រាប់បម្លែងជាប្រភពចំណូលបន្ថែមក៏បាន។
៤.ឈានដល់សេរីភាពហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត
សេរីភាពហិរញ្ញវត្ថុសម្តៅលើ ប្រភពថវិការបស់អ្នកនៅពេលមួយដែលអ្នកគិតថារឿងថវិកាវាលែងជាក្តីបារម្ភចំពោះអ្នកទៀតហើយរាប់តាំងពីចំណូលគ្រប់គ្រាន់ និងគ្មានបំណុលជាប់ជំពាក់ផ្សេងៗ ដែលមានន័យថាយើងមានហិរញ្ញវត្ថុរឹងមាំមានគ្រប់គ្រាន់ ទុកចិត្តបាននិងលែងខ្វល់បារម្ភបញ្ហាផ្សេងៗទាក់ទងនឹងលុយ។ ហើយសេរីភាពហិរញ្ញវត្ថុគឺកើតឡើងដោយសារតែទម្លាប់សន្សំប្រកាន់ភ្ជាប់វិន័យល្អ និងផែនការច្បាស់លាស់របស់អ្នក ហើយអ្នកអាចជួបសេរីភាពហិរញ្ញវត្ថុនេះនៅមុនផែនការកំណត់ចូលនិវត្តរបស់អ្នកទៀតក៏ថាបាន៕