ក្នុងអំឡុងពេលបិទខ្ទប់ (Lock down) ដែលមនុស្សគ្រប់គ្នាត្រូវការទិញអាហារទាំងស្រស់ និងក្រៀមបម្រុងទុកនោះ ទូរទឹកកកនឹងជាកន្លែងតែមួយគត់សម្រាប់ការរក្សាទុកបន្លែ ត្រី​ សាច់និងរបស់ចាំបាច់ផ្សេងៗ។ ការរៀបចំទូរទឹកកកឱ្យបានរៀបរយគឺជារឿងសំខាន់ ព្រោះបើមិនដូច្នោះទេអាហារដែលអ្នកទុកក្នុងនោះអាចទៅជាខូច ឬមានក្លិនមិនល្អភាយពាសពេញក្នុងទូរនោះតែម្ដង។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗដែលអ្នកត្រូវដឹងដើម្បីរៀបចំទូរទឹកកករបស់អ្នកឱ្យមានរបៀបនិងអាចទុករបស់បានច្រើន។

១. ដករបស់ដែលមិនត្រូវទុកក្នុងទូរចេញមកក្រៅ

មិនមែនរបស់គ្រប់យ៉ាងសុទ្ធតែត្រូវទុកក្នុងទូរទឹកកកទាំងអស់នោះទេ។ ដើម្បីរក្សាគុណភាពបន្លែ និងសាច់បានយូរ ក៏ដូចជាមានកន្លែងទំនេរទុករបស់បានច្រើន អ្នកគួរដករបស់ដែលគួរទុកនៅខាងក្រៅចេញដូចជាពពួកមើម ដូចជាដំឡូងបារាំង ដំឡូវជ្វា ត្រាវ ខ្ញី ខ្ទឹមបារាំង ខ្ទឹមស-ក្រហម មើមឈូក ប៉េងប៉ោះ ស៊ុត ដែលបន្លែទាំងនេះអាចទុកបានយូរនៅក្នុងសីតុណ្ហភាពបន្ទប់ក្រៅទូរទឹកកក។

២. រៀបចំអាហារដែលត្រូវទុកក្នុងទូរឱ្យត្រឹមត្រូវតាមប្រភេទ

ប្រភេទសាច់ឆៅ

របស់ដែលអ្នកគួរទុកក្នុងទូរទឹកកកមានដូចជាសាច់ឆៅ ត្រី ដោយរៀបចំទុកដាក់ដោយមានគម្របជិត ឬច្រកថង់ដើម្បីការពារបាក់តេរីសាយភាយលើអាហារផ្សេងទៀតដែលអាចបណ្ដាលឱ្យពុលអាហារបាន។ ការរក្សាទុកសាច់ឆៅ ឬរបស់ដែលមានឈាមទុកឱ្យបានត្រឹមត្រូវបែបនេះនឹងជួយឱ្យទូរទឹកកករបស់អ្នកមិនមានក្លិនស្អុយ ឬហូរទឹកឈាមមកដល់បន្លែ ឬអាហារផ្សេងទៀត។​

ប្រភេទបន្លែ-ផ្លែឈើ

ប្រភេទអាហារស្រស់ដូចជាបន្លែនិងផ្លែឈើល្អបំផុតត្រូវទុកក្នុងឃ្លុបខាងក្រោមដែលមិនត្រជាក់ខ្លាំង។ ក្នុងឃ្លុបនោះមានសភាពធំទូលាយជាងកន្លែងផ្សេង និងមានសីតុណ្ហភាពអំណោយផលសម្រាប់ការរក្សាទុកបន្លែ និងផ្លែឈើឱ្យនៅស្រស់បានយូរ។ ទោះជាយ៉ាងណា ការរក្សាទុករបស់ទាំងនេះក៏ត្រូវបែងចែកតាមប្រភេទឱ្យបានត្រឹមត្រូវផងដែរ ជៀសវាងការដាក់បន្លែច្របល់ចូលគ្នាគ្មានសណ្ដាប់ធ្នាប់ ហើយយកល្អគួររុំដោយថង់បឺតខ្យល់ កុំឱ្យខ្យល់ចេញចូលនាំឱ្យករជាញើសឆាប់រលួយ។

ប្រភេទអាហារកំប៉ុង ឬទឹកជ្រលក់

អាហារកំប៉ុង គ្រឿងទេស និងប្រភេទទឹកជ្រលក់គឺសុទ្ធតែជាប្រភេទទុកបានយូរ។ មានវិធីពីរយ៉ាងក្នុងការរក្សាទុករបស់ទាំងនេះ ទីមួយ ប្រសិនបើអ្នកទើបតែទិញមកហើយមិនទាន់បើកគម្រប អ្នកគួររក្សាទុកវានៅខាងក្រៅទូរទឹកកក តែប្រសិនបើអ្នកបើកប្រើបានខ្លះហើយត្រូវទុកវាប្រើបន្ត វិធីទីពីរគឺអ្នកត្រូវរក្សាទុកវាក្នុងទូរទឹកកកត្រង់ផ្នែកទ្វារដើម្បីងាយស្រួលយកមកប្រើនៅពេលក្រោយ ព្រោះអាហារដែលបើកប្រើរួចទាំងនេះ អាចនឹងខូចគុណភាពបើរក្សាទុកនៅសីតុណ្ហភាពខាងក្រៅទូរ៕