លោកអ្នកធ្លាប់បានដឹងខ្លះហើយថាលោក Bill Gate គឺជាមហាសេដ្ឋីដ៏មានជាងគេម្នាក់ក្នុងពិភពលោកគាត់ជាស្ថាបនិកក្រុមហ៊ុន Microsoft ហើយក៏ជាអ្នកដែលបោះបង់ការសិក្សាថ្នាក់មហាវិទ្យាល័យផងដែរ។លោក Bill Gates តែងតែចែករំលែកនូវបទពិសោធន៍និងដំបូន្មានដល់យុវជនជាបន្តបន្ទាប់ តាមរយៈ កិច្ចសន្ទនា សន្ទរកថា អត្ថបទសារព័ត៌មាន តាមបណ្ដាញសង្គមជាដើម។
ខាងក្រោមនេះខ្ញុំសូមលើកយកនូវដំបូន្មានមួយចំនួន ដែលគាត់បានផ្ដល់សម្រាប់យុវជនឬជានិស្សិត៖
ទី១. នៅជាមួយមនុស្សដែល មានការប្រកួតប្រជែងឬចេះតតាំងជាមួយយើង
លោក Bill Gates បានណែនាំនិស្សិតឲ្យមានការពិចារណាថា តើពួកគេត្រូវចំណាយពេលនៅជាមួយនរណាឲ្យបានច្រើនជាងគេដើម្បីឲ្យមានការរីកចម្រើនក្នុងជីវិត។
គាត់តែងតែលើកពីពាក្យសម្ដីរបស់មិត្តភក្តិដ៏ល្អបំផុតរបស់គាត់ម្នាក់គឺលោក Warren Buffett ថា " អ្នកនឹងធ្វើដំណើរក្នុងទិសដៅនៃនរណាម្នាក់ ដែលអ្នកនៅជាប់ជាមួយ" ដូច្នេះជ្រើសរើសមនុស្សនោះ ដោយភាពឈ្លាសវៃ។ សម្រាប់លោក Bill Gates មនុស្សនោះ គឺជាប្រពន្ធរបស់គាត់អាយុឈ្មោះ មីលីនដា។
ទី២. ជឿជាក់ថា ពិភពលោកកាន់តែប្រសើរហើយអាចកែលម្អបន្ថែមទៀត។
លោក Bill Gates ចូលចិត្តរំលឹកដល់ប្រជាជនថា ពិភពលោកគឺល្អបំផុត មិនធ្លាប់មានពីមុនមក។ ឃា្លមួយត្រូវបានគេនិយាយថា “ប្រសិនបើអ្នកគិតថាពិភពលោកកាន់តែប្រសើរឡើង អ្នកចង់ផ្សព្វផ្សាយវឌ្ឍនភាពទៅកាន់មនុស្ស និងទីកន្លែងកាន់តែច្រើន”។ ក្នុងន័យនេះ មិនមានន័យថា អ្នកមិនអើពើនឹងបញ្ហាធ្ងន់ធ្ងរដែលយើងប្រឈមមុខនោះទេ តែវាមានន័យថាបញ្ហាទាំងនោះនឹងត្រូវបានគេដោះស្រាយ។
ទី៣. ត្រូវមានសុទិដ្ឋិនិយមទើបអាចនាំអ្នកទៅបានឆ្ងាយ
លោក Gates បាននិយាយកាលពីឆ្នាំ ២០១៤ ថា "សូម្បីតែនៅក្នុងស្ថានភាពដ៏អាក្រក់ក៏ដោយមានក្តីសុទិដ្ឋិនិយម គឺអាចជំរុញឲ្យមានការច្នៃប្រឌិត និងនាំឱ្យបង្កើតបានអ្វីមួយថ្មីសម្រាប់លុបបំបាត់ការឈឺចាប់នោះ" ។
ទី៤. មានការជឿជាក់ និងចង់ដឹងចង់ឃើញ
លោក Bill Gates ជាធម្មតា គាត់អានសៀវភៅប្រហែល ៥០ ក្បាលក្នុងមួយឆ្នាំៗ។ សៀវភៅទាំងនោះនឹងបញ្ជាក់ឃើញពីការយល់ឃើញរបស់គាត់ពីពិភពលោក។ ឃ្លាមួយគាត់បាននិយាយថា "ព្យាយាមព្យាករណ៍ពីអ្វីដែលនឹងកើតឡើង" នៅពេលដែលវាមិនកើតឡើង ដូចដែលអ្នកបានគិតចូរសួរខ្លួនឯងថា តើគំរូនៃពិភពលោក កំពុងដើរស្របផ្នត់គំនិតរបស់អ្នក ឬមានអ្វីខុសឆ្គង?
ទី៥. ចំណាយពេលគិតអំពី វិសមភាពឬភាពមិនស្មើគ្នា
លោក Bill Gates បានប្រាប់ទៅនិស្សិតជាច្រើនលើកមកហើយថាការសោកស្តាយដ៏ធំមួយរបស់គាត់ នៅពេលចាកចេញពីសាលាហាវ៉ាដគឺ ធ្វើឲ្យគាត់ខ្វះការយល់ដឹងអំពីវិសមភាពក្នុងពិភពលោក លើផ្នែកសុខភាព ទ្រព្យសម្បត្តិ និងធនធាន។
ក្នុងឆ្នាំ ២០០៧ លោកបាននិយាយនៅពីមុខនិស្សិតជាច្រើនថា៖ “ក្នុងយុគសម័យនៃបច្ចេកវិទ្យាដ៏ជឿនលឿននេះ ខ្ញុំសង្ឃឹមថា អ្នកនឹងមានឱកាសគិតពីការដោះស្រាយវិសមភាពឲ្យបាន” ៕