សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ជម្ងឺដែលបង្កឡើងដោយវីរុសកូវីត១៩ គឺជាជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍ជាខ្លាំង និងកំពុងព្យាយាមរកដំណោះស្រាយក្នុងការព្យាបាល ក៏ដូចជាធ្វើការពិសោធន៍យ៉ាងស្វិតស្វាញ ដើម្បីបង្កើតវ៉ាក់សាំងបង្ការការពារពីវីរុស។ ជម្ងឺនេះបានបង្ករផលប៉ះពាល់ និងភាពចលាចលទូទាំងប្រទេសកម្ពុជា និងពិភពលោក ដែលធ្វើឱ្យប្រជាជនមានការលំបាកព្រមទាំងទទួលរងនូវការគំរាមគំហែងផ្លូវចិត្តជាខ្លាំង។​ បញ្ហាផ្លូវចិត្តដែលបង្កឡើងដោយជម្ងឺនេះមានដូចជា:

១) ងាយនឹងកើតមានជម្ងឺភ័យខ្លាចជ្រុល

ដោយសារវាជាប្រភេទជំងឺផ្លូវដង្ហើម ដែលងាយនឹងឆ្លងបំផុតតាមរយៈការក្អក កណ្តាស់ ឬការពាល់ជាមួយអ្នកផ្ទុកជំងឺ។ បែបនេះហើយ ទើបបណ្តាលឱ្យមនុស្សមួយចំនួនមានការភ័យខ្លាចខ្លាំងពេក​ រហូតដល់មានបញ្ហាផ្លូវអារម្មណ៍ដូចជាគេងមិនលក់ គិតច្រើន ភ័យខ្លាចគ្រប់ពេលវេលា មិនហ៊ានសូម្បីចេញពីបន្ទប់ ឬឈានជើងចេញពីផ្ទះ។

២) បាត់បង់ប្រាក់ចំណូលឬប្រភពចំណូល

ជាការពិតណាស់បញ្ហាជំងឺកូវីត១៩ គឺពិតជាផ្តល់ការរាំងស្ទះជាខ្លាំង ក្នុងការប្រកបការងាររបស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនអាជីវកម្មមួយចំនួនត្រូវបានបិទទ្វារ ដែលជាហេតុធ្វើ ឱ្យកម្មករត្រូវឈប់សម្រាកពីការងារដូចគ្នា។ ទាំងអាជីវកម្មតូចៗ ទាំងការលក់ដូរតាមផ្ទះ ឬតាមទីសាធារណៈជាច្រើន មិនហ៊ានចេញក្រៅផ្ទះឡើយពោលគឺផ្អាកដំណើរការរកស៊ីមួយរយៈសិន ដែលបានធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេមានការបាត់បង់។ នេះចាត់ទុកជាបញ្ហាចោទមួយដែលបានរំខានដល់ផ្លូវចិត្ត ក្នុងការគិតគូរធ្វើយ៉ាងណាដើម្បីអាចគ្រប់គ្រប់គ្រងជីវភាពគ្រួសាររបសខ្លួន។

៣) បង្កើតជាអារម្មណ៍ស្រ្តេស

ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺនេះ មនុស្សតែងតែសំងំក្នុងផ្ទះ​មិនសូវមានការ ចេញទៅក្រៅ ឬមានការជួបជុំឡើយដោយធ្វើតាមការណែនាំរបស់ក្រួងសុខាភិបាល ក្នុងការរក្សាគម្លាតសង្គម។ វាបានបង្ករជាការធុញទ្រាន់​និងតក់ប្រម៉ល់ចំពោះអ្នកដែល ចូលចិត្តភាពអ៊ូអរនិងការដើរលេងខាងក្រៅដូចជាការមើលកុន ឬទៅសួនសាធារណៈ ជាដើម។ ទាំងនេះគឺជាបញ្ហាផ្លូវមួយដែលបណ្តាលឱ្យពួកគេមានការធុញថប់​និងពិបាកក្នុង ការសំងំក្នុងផ្ទះបន្តទៀត។

៤) ប៉ះពាល់ដល់ការសិក្សា

ដូចដែលអ្នកដឹងស្រាប់ហើយថា បច្ចុប្បន្ននេះ សាលានិងសាកលវិទ្យាល័យទូទាំងប្រទេសកម្ពុជាត្រូវបានបិទម្តងហើយម្តងទៀត។ ដោយហេតុនេះហើយដែលបានផ្តល់ផល ប៉ះពាល់ដល់សិស្សនិស្សិតមួយចំនួនក្នុងការសិក្សារបស់ពួកគេ។ដោយសាលាខ្លះត្រូវឈប់ សម្រាកហើយសាលាខ្លះក៏ត្រូវបន្តការបង្រៀនតាមប្រព័ន្ធអនឡាញ​ដែលធ្វើឱ្យមានការ លំបាកជាខ្លាំងសម្រាប់ពួកគេព្រោះតំបន់ខ្លះខ្សោយសេវាអ៊ិនធឺណេត ហើយតំបន់ខ្លះទៀត គឺរៀនមិនកើតតែម្តង។បញ្ហានេះបានធ្វើឱ្យការរៀនសូត្ររបស់ពួកគេមានការចុះ ខ្សោយជាខ្លាំងរហូតដល់សិស្សមួយចំនួនបានសម្រេចចិត្តបញ្ឈប់ការសិក្សារបស់ខ្លួនថែមទៀតផង។

៥) ប៉ះពាល់ដល់ការទំនាក់ទំនង

ជាការពិតណាស់ ទំនាក់ទំនងរបស់មនុស្សគ្រប់រូបគឺពិតជាមានសារៈសំខាន់។ ប៉ុន្តែក្នុងស្ថានភាពដែលជំងឺនេះកំពុងរាតត្បាតការជួបជុំក៏ដូចជាទំនាក់ទំនង ផ្សេងៗត្រូវបានកាត់បន្ថយ។ វាបានធ្វើឱ្យមានការឃ្លាតឆ្ងាយគ្នា ក៏ដូចជាបាត់បង់នូវ ភាពស្និតស្នាលរវាងពួកគេក្នុងសង្គម។ប៉ុន្តែទោះបីជាយ៉ាងណា អ្នកគួរតែមានការប្រុង ប្រយ័ត្នខ្ពស់តាមកាណែនាំពីក្រសួងសុខាភិបាលកម្ពុជាក្នុងការការពាខ្លួនអ្នកក៏ដូចជាចូលរួម ទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីត១៩ ក្នុងប្រទេសយើង៕