ការចិញ្ចឹមសត្វមិនត្រឹមតែអាចជួយបំបាត់ភាពអផ្សុកតែម្យ៉ាងទេ អ្នកដឹងទេថាសត្វទាំងនោះក៏អាចបង្ហាញពីបុគ្គលិក​លក្ខណៈ​និងឧបនិស្ស័យរបស់ម្ចាស់បានដែរ។​ បើមិនជឿ សាកចូលទៅអានរួចសង្កេតថាត្រូវនឹងអ្នកប៉ុន្មានភាគរយ។

១.ចូលចិត្តចិញ្ចឹមឆ្មា ៖ ញ៉ិកញ៉ក់ ស្រឡាញ់សេរីភាព

អ្នកដែលឃើញឆ្មាមិនបានចង់តែបបោសអង្អែល បីបមថ្នមថ្នាក់ដឹងខ្លួនទេថាបុគ្គលិកលក្ខណៈ​របស់អ្នកស្ទើរតែគ្មានអ្វីខុសពីឆ្មាឡើយ។ជាមនុស្សដែលញ៉ិកញ៉ក់ ចូលចិត្តសេរីភាព មិនចូលចិត្តនៅក្រោមអំណាចអ្នកដទៃ មានទេពកោសល្យក្នុងការងារ​ធ្វើអ្វីមួយប្រកបដោយភាពល្អិតល្អន់ ទន់ភ្លន់។ លើសពីនេះអ្នកមានរសនិយមល្អណាស់ចូលចិត្តប្រើរបស់ថ្លៃៗ របស់ប្រែនៗ​។ តែផ្ទុយទៅវិញអ្នកអាចជាមនុស្សដែលក្រអឺតក្រទមនៅក្នុងក្រសែភ្នែករបស់មនុស្សភាគច្រើនក៏ព្រោះតែអ្នកមិនសុខចិត្តចុះញមគេងាយៗរើសច្រើន និងពូកែសង្ស័យ​។

២.ចូលចិត្តចិញ្ចឹមសុនខ ​៖ មានភក្តីភាព​ ត្រង់ទៅត្រង់មក

សុនខជាសត្វចិញ្ចឹមអាចធ្វើជាដៃគូកំដរអផ្សុកនិងចិញ្ចឹមដើម្បីការពារផ្ទះ។ ចំណែកឯម្ចាស់ដែលចិញ្ចឹមសុនខច្រើនតែជាមនុស្សដែលសុចរិតនិយាយស្តីត្រង់ទៅត្រង់មក គិតបែបណាក៏និយាយចេញមកបែបនោះ។ តែងតែគិតដល់អ្នកដទៃជានិច្ចស្រឡាញ់មិត្តភក្តិ ស្មោះត្រង់ ហ៊ានសម្រេចចិត្ត មានភាពក្លាហាន និងមុះមត់ព្រោះមិនចូលចិត្តគេចវេសបញ្ហា។ប៉ុន្តែទម្លាប់និយាយត្រង់របស់អ្នកពេលខ្លះឈានដល់ការជ្រុលជ្រួស។

៣.ចូលចិត្តចិញ្ចឹមបក្សី ៖ ស្រឡាញ់សម្រស់ និងភាពស្រស់ស្អាត

មិនថាសត្វសេកសត្វព្រាប ឬបក្សីអ្វីនោះទេ មានន័យថាអ្នកជាមនុស្សដែលខ្វះសេរីភាពមិនបានមិនចូលចិត្តជាប់ជំពាក់អ្នកណា រហ័សរហួន និងមិនចូលចិត្តនៅមួយកន្លែងក្នុងរយៈពេលយូរ។ អ្នកស្រឡាញ់សម្រស់ និងភាពស្រស់ស្អាតណាស់ តែពេលខ្លះក៏តាមតែចិត្តខ្លួនឯង​ដែរ។

៤.​ចូលចិត្តចិញ្ចឹមត្រី ៖ ស្រមើស្រម៉ៃ សុទិដ្ឋិនិយម

ការចិញ្ចឹមត្រីមើលទៅអាចជារឿងងាយស្រួលប៉ុន្តែបើមិនស្រឡាញ់ពិតទេក៏មិនអាចចិញ្ចឹមឱ្យរស់បានដែរ​​ព្រោះការចិញ្ចឹមត្រីត្រូវការការយកចិត្តទុកដាក់ខ្លាំងមួយកម្រិតដែរ។បុគ្គលិកលក្ខណៈរបស់ម្ចាស់ត្រីជាមនុស្សមានក្តីស្រម៉ៃ រវើយៗតាមយថាកម្មមិនសូវលោតហក់ប៉ុន្មានទេ។ អ្នកជាមនុស្សសុភាពរាបសារ មានសុទិដ្ឋិនិយមតែពេលខ្លះដូចលន្លង់លន្លោចនឹងក្តីស្រម៉ៃជ្រុលពេក។ ចូលចិត្តចំណាយពេលវេលាជាមួយខ្លួនឯងមិនចូលចិត្តការប្រកួតប្រជែង ឬយកឈ្នះនរណាទេវាក៏អាចមកពីអ្នកខ្មាស់អៀនច្រើន មានមនោសញ្ចេតនាឆាប់ខឹងតែក៏ឆាប់បាត់ដែរ។

៥.ចូលចិត្តចិញ្ចឹមទន្សាយ ៖ ស្វាហាប់ ជឿជាក់លើខ្លួនឯងខ្ពស់

ទន្សាយជាសត្វដែលមិនចូលចិត្តឱ្យគេប៉ះពាល់ច្រើនភាគច្រើនគេចិញ្ចឹមក្នុងទ្រុងទុកមើល ទន្សាយចូលចិត្តស៊ីចំណី និងដេកច្រើន។ ចរិតលក្ខណៈរបស់ម្ចាស់ទន្សាយ គឺជាមនុស្សដែលមានភាពស្វាហាប់ពូកែការពារខ្លួន ជឿជាក់លើខ្លួនឯង។ សម្បកក្រៅមើលទៅដូចជាទន់ជ្រាយប៉ុន្តែខាងក្នុងវិញមានភាពរឹងមាំណាស់ មុតស្រួច បង្កប់ទៅដោយភាពស្វាហាប់និងល្អិតល្អន់។