ចូលធ្វើការអំឡុងពេលរៀននៅសកលវិទ្យាល័យ គោលដៅរបស់និស្សិតគឺ ចង់បានបទពិសោធន៍ ចង់រកចំណូលខ្លះផ្គត់ផ្គង់លើការចំណាយដែលចាំបាច់ផ្សេងៗ។ យ៉ាងណាមិញរឿងដែលសំខាន់នោះគឺជ្រើសកន្លែងការងារត្រូវ មានពេលវេលាគ្រប់គ្រាន់សម្រាប់រៀនសូត្រ។ តើយើងគួរសម្លឹងមើលទៅលើអ្វីខ្លះ ដើម្បីជ្រើសកន្លែងការងារឱ្យបានសមស្របជាមួយការសិក្សារបស់យើងទៅ?

១.ត្រូវជាមួយជំនាញ

កន្លែងការងារដែលត្រូវជាមួយជំនាញកំពុងសិក្សា និងកន្លែងដែលអ្នកចង់រៀនសូត្របន្ថែមបន្ទាប់ពីសាលា ដោយការអនុវត្តផ្ទាល់ នឹងធ្វើឱ្យការសិក្សាដើរទន្ទឹមជាមួយការងារ ហើយធ្វើឱ្យកម្រិតចំណេះដឹងរបស់យើងកាន់តែកើនឡើង។

២.មិនប៉ះពាល់ការសិក្សា

ពេលវេលាធ្វើការមិនប៉ះពាល់ជាមួយម៉ោងសិក្សារបស់អ្នក ដែលបណ្ដាលឱ្យបាត់សមាធិសម្រាប់រៀន ជ្រើសយកពេលវេលាណាមួយឱ្យច្បាស់លាស់ និងបែងចែកម៉ោងរៀន ម៉ោងធ្វើការ កុំឱ្យលាយបញ្ចូលគ្នា។

៣.កន្លែងដែលអភិវឌ្ឍន៍សមត្ថភាព

ជ្រើសត្រូវជាមួយជំនាញហើយ ត្រូវតែជាកន្លែងដែលអាចធ្វើឱ្យសមត្ថភាពកាន់តែអភិវឌ្ឍន៍ ទៅតាមក្ដីស្រមៃរបស់ខ្លួន ដូចជាអាចឱ្យយើងបានរៀនបន្ថែម សាកល្បងធ្វើអ្វីថ្មី និងពង្រឹងសមត្ថភាព កាន់តែល្អប្រសើរជាមុន។

៤.កន្លែងដុសខាត់ចំណេះដឹង

ចំណេះដែលបានរៀននៅសាលា គឺទុកសម្រាប់បង្ហាញផ្លូវឱ្យអ្នកបានយកទៅអនុវត្ត នៅកន្លែងធ្វើការ មានទាំងចំណេះដឹងនិងចំណេះធ្វើ។ ដូច្នេះហើយត្រូវតែក្រេបចំណេះដឹងពីកន្លែងការងារឱ្យបានច្រើន និងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីរកខ្លួនឯងឃើញ និងដុសខាត់ចំណេះដឹងបន្ថែមឱ្យកាន់តែល្អ។

៥.ផ្តល់បទពិសោធន៍ល្អ

ធ្វើការងារយកបទពិសោធន៍ ពេលកំពុងរៀនបែបនេះ ធ្វើឱ្យនិស្សិតទទួលបានបទពិសោធន៍ការងារ។ ប៉ុន្តែកន្លែងការងារត្រូវតែជាកន្លែងដែលអាចផ្ដល់ឱ្យអ្នកនូវបទពិសោធន៍ល្អ មានទាំងទំនាក់ទំនងជាមួយអ្នកដទៃ។

ជ្រើសរើសកន្លែងហាត់ការងារ ធ្វើការ ដោយផ្អែកលើចំណុចទាំង៥នេះ អំឡុងពេលនិស្សិតកំពុងរៀន ធ្វើឱ្យអ្នកមានឱកាសទទួលបានការងារល្អ បទពិសោធន៍នៅពេលដែលបញ្ចប់ការសិក្សា និងដឹងពីខ្លួនឯងច្បាស់ថាចង់ធ្វើអ្វីនៅក្នុងពេលអនាគត៕