ទូរសព្ទ​​កាន់​ប្រើ​រាល់​ថ្ងៃ​ ចៀស​មិន​បាន តែ​បើ​ភ្លេច​ខ្លួន គ្នាយើង​ដឹង​ហើយ​ថា ទាំង​អេក្រង់​ និង​តួ​ទូរសព្ទ​សុទ្ធ​តែ​ជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​​មេរោគ​ផ្សេង​ៗ ដែល​យើង​មិន​ដឹង​។ ​​ស្រប​ពេល​ដែល​ហានិភ័យ​ពី​ COVID-19 ពុំ​ទាន់​ស្រាក​ស្រាន្ត ចំណុច​មួយ​ចំនួន​ដែល​ណែ​នាំ​ដោយ​ក្រុម​​អ្នក​ជំនាញ​​នៅ​មន្ទីរ​ពិសោធ​ផ្នែក​កម្ចាត់​មេរោគ បាន​ណែ​នាំ​​ជា​គន្លឹះ​ដូច​ខាង​ក្រោម​៖

១. បើអាចចៀសបាន ពីទីកន្លែង ឬមធ្យោបាយសាធារណៈ គួរចៀស

ចំណុច​ក្រើន​រំលឹក​​សំខាន់​​ ដែល​អ្នក​ជំនាញ​​ណែ​នាំ​នោះ​គឺ គួរ​ចៀស​វាង ការ​ចុច​ទូរសព្ទ​ញឹក​ញាប់​​នៅ​ទី​​កន្លែង​សាធារណៈ​ ឬ​នៅ​​ទី​កន្លែង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​រួម​មួយ​ចំនួន។ ប្រការ​នេះ ព្រោះ​ថា នៅ​ទី​កន្លែង​សាធារណៈ អ្នក​អាច​កាន់ ឬ​ប៉ះ​ពាល់​វត្ថុ​មួយ​ចំនួន​ ដែល​មាន​មេរោគ រួច​មក​កាន់​​ទូរសព្ទ​​ដោយ​​មិន​បាន​ចាប់​អារម្មណ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ហានិភ័យ​ផង​ដែរ ពិសេស​នៅ​លើ​អេក្រង់​ទូរសព្ទ​​ដែល​ជា​កន្លែង​ប៉ះ​ពាល់​ច្រើន​ និង​​ជា​បណ្តុំ​នៃ​មេរោគ។

២. ប្រើទូរសព្ទនៅបន្ទប់ទឹក ក៏គួរគប្បីចៀសវាង

ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​​នៅ​ឆ្នាំ​២០១៨ បាន​រក​ឃើញ​ថា វត្ថុ​ដែល​យក​ចេញ​ចូល​បន្ទប់​ទឹក គឺ​មាន​បាក់​តេរី និង​មេរោគ​តោង​ជាប់​​ ដែល​ល្មម​អាច​បង្ក​បញ្ហា​ជា​ជំងឺ​ផ្សេង​ៗ​ដល់​អ្នក​ប្រើ​។ ដូច​នេះ​ការ​ ចេញ​ទៅ​ប្រើ​ទូរសព្ទ​ខាង​ក្រៅ​​ទី​កន្លែង​បន្ទប់​ទឹក​ ជា​ជម្រើស​​​ប្រសើរ​។

៣. នៅកន្លែងផ្ទះបាយ កំពុងធ្វើម្ហូបក៏គួរចៀសវាងដែរ

ពេល​អ្នក​កាន់​ទូរសព្ទ​មើល​វីដេអូ​បណ្តើរ ចុច​បណ្តើរ ហើយ​​ទៅ​កាន់​គ្រឿង​សាច់​​ឆៅ​មិន​ទាន់​ចម្អិន និង​ក្រោយ​ពេល​ចម្អិន ហានិភ័យ​​មេរោគ​ច្រើន​នៅ​លើ​អេក្រង់​ទូរសព្ទ ឆ្លង​ទៅ​ម្ហូប និង​ប៉ះ​ពាល់​​ដោយ​ប្រយោល​ទៅ​ក្នុង​​រាង​កាយ​របស់​អ្នក។​ ជម្រើស​ល្អ​នោះ​គឺ​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​សិន និង​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត ទាំង​មុន និង​ក្រោយ​ពេល​ចម្អិន​។

៤. ការពារទូរសព្ទចៀសឆ្ងាយពីមេរោគ នៅកន្លែងហាត់ប្រាណ (Gym)

កន្លែង​ហាត់​ប្រាណ ឧបករណ៍​ហាត់​ប្រាណ ជា​​ទី​កន្លែង​មនុស្ស​ប្រើ​ប្រាស់​ច្រើន​នាក់ ដូច​នេះ បាក់​តេរី មេរោគ​ផ្សេង​ៗ នឹង​តោង​ជាប់ ប្រសិន​បើ​ទី​កន្លែង​​នោះ ពុំ​បាន​សម្អាត អនាម័យ​បាន​ត្រឹម​ត្រូវ​។ ដូច​នេះ​ការ​ទុក​ទូរសព្ទ​ក្នុង​កាបូប កាតាប​​អ្នក​ឱ្យ​ត្រឹម​ត្រូវ​ ជា​ជម្រើស​ដ៏​ប្រសើរ។

បន្ថែម​​ពី​គន្លឹះ​ខាង​លើ ការ​ជូត​សម្អាត​ទូរសព្ទ​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ ក៏​ជា​​ចំណុច​សំខាន់​មួយ​ផង​ដែរ ដែល​​ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​៕