គ្រប់គ្នាសុទ្ធតែដឹងពីសារសំខាន់នៃអាហារពេលព្រឹកចំពោះសុខភាព ប៉ុន្តែមិនមានមនុស្សច្រើនទេដែលបានអនុវត្តពេញលេញដោយយកចិត្តទុកដាក់លើការញ៉ាំវាដើម្បីបំពេញកម្លាំងធ្វើការពេញមួយថ្ងៃ។ ចំពោះអ្នកដែលឧស្សាហ៍គេចអាហារពេលព្រឹក សូមតាមដានគុណវិបត្តដ៏ធ្ងន់ធ្ងរដែលនឹងកើតឡើងចំពោះរាងកាយ និងសុខភាពរបស់អ្នកដូចខាងក្រោម។

១. មិនល្អចំពោះសុខភាពបេះដូង

អ្នកដែលមិនញ៉ាំអាហារពេលព្រឹកញឹកញាប់នឹងមានឱកាសប្រហែល២៧%ដែលប្រឈមនឹងការកើតរោគបេះដូងបើប្រៀបធៀបជាមួយអ្នកដែលញ៉ាំអាហារពេលព្រឹកជាប្រចាំ។ ជាងនេះទៅទៀតអ្នកដែលចូលចិត្តគេចអាហារពេលព្រឹកក៏ងាយនឹងកើតជំងឺលើសឈាមដែលនាំឱ្យស្ទះសរសៃឈាមផងដែរ។ ម៉្យាងវិញទៀត វានឹងធ្វើឱ្យពួកគេប្រឈមនឹងការកើនឡើងនៃការវិវត្តទៅជាជំងឺបេះដូងរ៉ាំរ៉ៃរួមទាំងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។

២. ប្រឈមជំងឺទឹកនោមផ្អែមប្រភេទ2 កាន់តែខ្ពស់

សាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Harvard បានធ្វើការសិក្សាមួយដែលមានគោលបំណងស្វែងរកទំនាក់ទំនងរវាងទម្លាប់នៃការញ៉ាំនិងសុខភាព។ ស្ត្រីចំនួន ៤៦ ២៨៩ នាក់បានចូលរួមក្នុងការស្រាវជ្រាវនេះដែល​ធ្វើឡើងរយៈពេលប្រហែល ៦ឆ្នាំ។ ​យោងតាមលទ្ធផលដែលចេញមក ស្ត្រីដែលមានទម្លាប់មិនញ៉ាំអាហារពេលព្រឹកគឺមានហានិភ័យ​ក្នុងការវិវត្តសុខភាពទៅជាជំងឺទឹកនោមផ្អែមប្រភេទ2 ខ្ពស់ជាងស្ត្រីដែលញ៉ាំអាហារពេលព្រឹកជាប្រចាំ​។

៣.គេចអាហារពេលព្រឹកនឹងធ្វើឱ្យឡើងគីឡូ

សម្រាប់អ្នកដែលចង់សម្រកទម្ងន់ហើយគិតចង់រំលងអាហារពេលព្រឹកដើម្បីធ្វើរឿងនេះ ចូរគិតម្ដងទៀត។ ការមិនញ៉ាំអាហារពេលព្រឹកនឹងទៅបង្កើនចំណង់នៃការចង់ញ៉ាំរបស់ផ្អែមនិងជាតិខ្លាញ់កាន់តែខ្លាំង។ លើសពីនេះទៅទៀតដោយសារក្រពះមិនត្រូវបានចម្អែតសម្រាប់បំពេញកម្លាំងដើម្បីធ្វើការអ្នកនឹងញ៉ាំកាន់តែច្រើននៅពេលថ្ងៃត្រង់។ ហើយពេលនោះការញ៉ាំអាហារដែលមានជាតិកាឡូរីខ្ពស់ក៏នឹងកើនឡើងដូចគ្នា។

៤. ប៉ះពាល់ផ្លូវអារម្មណ៍ និងការចងចាំ

ក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានធ្វើការសិក្សាទៅលើមនុស្សដែលមានសុខភាពល្អ១៤៤នាក់ដែលទុកឱ្យឃ្លានពេញមួយយប់។ មនុស្សមួយក្រុមនេះត្រូវបានគេបែងចែកជា៣ក្រុមតូចៗទៀត។ ក្រុមទី១គេឱ្យញ៉ាំអាហារពេលព្រឹកសុខភាព ក្រុមទី២ឱ្យញ៉ាំត្រឹមតែកាហ្វេនិងក្រុមទី៣មិនឱ្យញ៉ាំអាហារពេលព្រឹកអ្វីទាំងអស់។ ក្រុមទាំងបីនេះត្រូវបានគេតាមដានមើលដូចគ្នាអស់រយៈពេល២-៣ម៉ោង។ ជាលទ្ធផលក្រុមដែលមិនត្រូវបានផ្ដល់អាហារពេលព្រឹកឱ្យនោះបង្ហាញឱ្យឃើញពីសមត្ថភាពចងចាំចុះខ្សោយបំផុត និងមានអាការៈហត់នឿយអស់កម្លាំងខ្លាំងជាងគេ។ ចំណែក២ក្រុមទៀតមិនសូវមានភាពខុសគ្នាប៉ុន្មានឡើយ។

៥. ហានិភ័យនៃជំងឺមហារីក

ការមិនញ៉ាំអាហារពេលព្រឹកអាច​ធ្វើឱ្យអ្នកឃ្លានអាហារលើសដើមនៅអំឡុងពេលថ្ងៃ។ នេះគឺប្រៀបដូចជាការទៅ​ត្រួសត្រាយផ្លូវសម្រាប់ការកើនឡើងនៃអត្រាធាត់ដូច្នោះដែរ។ យោងទៅតាមការស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយ CancerResearch ចក្រភពអង់គ្លេសបានរកឃើញថា មនុស្សដែលធាត់លើសទម្ងន់មានការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក។

៦. បណ្ដាលឱ្យកើតជំងឺប្រកាំង

Hypoglycemia​ គឺជាពាក្យវេជ្ជសាស្ត្រដែលត្រូវបានប្រើដើម្បីចង្អុលបង្ហាញអំពីកម្រិតជាតិស្ករក្នុងឈាមចុះទាប។ការញ៉ាំអាហារមិនបានត្រឹមត្រូវបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវកម្រិតជាតិស្ករដែលជាហេតុធ្វើឱ្យមានការបញ្ចេញអរម៉ូនដែលអាចទូទាត់គ្នាជាមួយកម្រិតគ្លុយកូសទាប។ ម្យ៉ាងវិញទៀត វានឹងបង្កើនកម្រិតសម្ពាធឈាម បង្កឱ្យមានការឈឺក្បាលបែពប្រកាំង និងជំងឺឈឺក្បាល។

៧.​ បណ្ដាលឱ្យសក់ជ្រុះ

ផលប៉ះពាល់ដ៏ធំមួយក្នុងចំណោមផលប៉ះពាល់ផ្សេងទៀតនៃការគេចមិនញ៉ាំអាហារពេលព្រឹកគឺការជ្រុះសក់។ អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃនិងមានតួនាទីចម្បងក្នុងការជំរុញការលូតលាស់របស់ឫសសក់។ ​ដូច្នេះប្រសិនបើអ្នកចង់បានសក់ភ្លឺរលោងរឹងមាំជាមួយនឹងការគ្មានសក់ជ្រុះសូម្បីមួយសរសៃនោះ ​អ្នកគួរតែទទួលទានអាហារពេលព្រឹកដែលមានជាតិប្រូតេអ៊ីនឱ្យបានជាប្រចាំ៕