លោក Mark Zuckerberg ដែលសឹងគ្រប់គ្នាបានស្គាល់ ថាជាស្ថាបនិកនៃក្រុមហ៊ុនបណ្តាញសង្គមដែលប្រជាប្រិយភាពគឺ Facebook ហើយថែមទាំងបានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារទាំងលោកនៅវ័យក្មេងនៅឡើយ។ ទម្លាប់ និងសកម្មភាពការងាររបស់លោកត្រូវបានគេសម្គាល់ថា បានរួមចំណែកខ្លាំងក្នុងការរុញឱ្យក្រុមហ៊ុននេះមានឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ ហើយទម្លាប់ពិសេសផ្ទាល់ខ្លួនរបស់លោកត្រូវបានអ្នកដឹកនាំ ក៏ដូចជាយុវជនមិនថាសហគ្រិន ឬក៏និស្សិតនៅមហាវិទ្យាល័យបានសិក្សារៀនសូត្រពីគំរូរបស់លោកដែលមានដូចជា៖
១.ចិត្តនឹងន
ភាពស្ងប់នឹងនជាលក្ខណៈសម្បត្តិមួយរបស់លោក Mark Zuckerberg នៅពេលដែលលោកជួបស្ថានភាពតានតឹង ឬបញ្ហានាំឱ្យស្រ្តេសគឺលោកមិនបាត់បង់ចំណុចជាភាពនឹងននេះឡើយ។ ពេលខ្លះ សូម្បីជួបស្ថានភាពតឹងតែងខ្លាំង លោកនៅតែស្ងប់ដដែល ដោយលោកយល់ថាកំហឹងមិននាំទៅរកផ្លូវជោគជ័យនោះទេ។ លោកបន្ថែមថាការអភិវឌ្ឍចិត្តស្ងប់ ជួបនឹងស្ថានការណ៍នានាបានធ្វើទំនាក់ទំនងលោក នឹងសហការី ព្រមទាំងបុគ្គលិកក្រោមបង្គាប់ មានភាពល្អប្រសើរ ហើយលោកក៏មានពេលពិចារណារកប្រភពបញ្ហាបានច្បាស់ដើម្បីដោះស្រាយ។
២.ជំនាញត្រិះរិះពិចារណា
លោក Zuckerberg មានលក្ខណៈផ្ទាល់ខ្លួនពិសេសមួយទៀតគឺ ការគិតគូស៊ីជម្រៅទៅលើបញ្ហាមួយ ឬគំនិតមួយដើម្បីរកឃើញពីវិធីថ្មីប្លែក។ លោកលើកឡើងថា មានម្តងខ្ញុំបានអំណោយជាកុំព្យូទ័រកាលនៅរៀនថ្នាក់ទី៦ ខ្ញុំបានស្វែងយល់នូវរបៀបដែលម៉ាស៊ីនកុំព្យូទ័រដំណើរការ ហើយកម្មវិធីក្នុងកុំព្យូទ័រនោះដំណើរការដូចម្តេច។ ត្រឡប់មកវិញ គេអាចសម្គាល់ឃើញថាវិធីថ្មីៗ នឹងកើតមានដោយកើតចេញពីការចំណាយពេលគិតពិចារណាជាជាងការចាំទទួលគំនិត ដែលមានស្រាប់តែមួយមុខ។
៣.ទំនាក់ទំនងដែលមានប្រសិទ្ធិភាព
ស្របពេលដែលថ្នាក់ដឹកនាំស្ថាប័នធំៗដទៃ ជានិច្ចកាលអាចនឹងឱ្យដំណឹងទៅបុគ្គលិកតាមរយៈមេក្រុមនីមួយៗ ឬដោយវិធីប្រយោល ប៉ុន្តែសម្រាប់ស្ថាបនិកវ័យក្មេង និងជាមហាសេដ្ឋីរូបនេះ តែងដើរតួផ្ទាល់សម្រាប់ទំនាក់ទំនងជាមួយបុគ្គលិកការងារ។ បុគ្គលិក Facebookតែងសម្គាល់ឃើញលោកដើរប្រាស្រ័យផ្ទាល់ជាមួយខ្លួននិយាយជាមួយបុគ្គលិកគ្រប់គ្នា ហើយសួរពួកគេ ដើម្បីស្គាល់និងយល់ពីបុគ្គលិក។ ស្ថាបនិកវ័យក្មេងរូបនេះបានលើកឡើងថា នៅពេលដែលលោកដើរតួនាទីនេះផ្ទាល់លោកបានយល់ពីអ្វីដែលកើតឡើងអារម្មណ៍របស់ពួកគេ និងគំនិតចូលរួមរបស់ពួកគេសម្រាប់ក្រុមហ៊ុន។ ការបើកភាពទូលាយសម្រាប់ទំនាក់ទំនងមិនត្រឹមបង្កើនភាពទុកចិត្តក្នុងក្រុមប៉ុណ្ណោះទេ តែជួយឱ្យការដឹកនាំការចង្អុលបង្ហាញរបស់លោកមានប្រសិទ្ធិភាពផងដែរ។
៤.ការផ្តោតការយកចិត្តទុកដាក់
អ្នកដឹកនាំដែលជំនាញក្នុងផ្នែកសរសេរកម្មវិធីកុំព្យូទ័ររូបនេះក៏បានលើកឡើងផងដែរ អំពីទម្លាប់របស់លោកក្នុងការងារនោះ គឺការមិនទទួលមតិរិះគន់ដែលបង្អាក់ការរីកចម្រើនទៅមុខនៃការងារ។ ដែលនេះសម្តៅលើសមត្ថភាពផ្តោតលើការងារ បើទោះជាមានការសរសើរ ឬរិះគន់។ សម្រាប់កិច្ចការងារដែលលោកជឿជាក់ ដោយបានពិចារណាសម្រេចច្បាស់ គឺប្រើពេលទាំងអស់ធ្វើវា ដោយមិនខាតពេលបារម្ភពីទស្សនៈលើកឡើងពីខាងក្រៅឡើយ ហើយជាលទ្ធផលគឺសមិទ្ធិផលថ្មីៗកើតឡើងលើ Facebook ជាបន្តបន្ទាប់ ក្នុងប្រសិទ្ធិភាពជាវិជ្ជមាន ដែលធ្វើឱ្យដំណើរការអាជីវកម្មបច្ចេកវិទ្យារបស់លោកទទួលបានជោគជ័យ។ ប្រឹងឱ្យអស់ពីចិត្តពីថ្លើមនូវអ្វីដែលអ្នកបានសម្រេចច្បាស់ ហើយបិទឈប់ទទួលមតិបន្ថែមអ្នកនឹងឃើញពីលទ្ធផលនេះបើតាមការលើកឡើងរបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។
៥.ស្មារតីដោះស្រាយបញ្ហា
ជាគោលការណ៍មួយ និងជាបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់មហាសេដ្ឋីវ័យក្មេងនេះផ្ទាល់ គឺលោកតែងផ្តោតលើការដោះស្រាយបញ្ហាសម្រាប់ពេលវេលាដែលមាន។ ក្នុងសៀវភៅសរសេរពីជីវប្រវត្តិរបស់សេដ្ឋីអាមេរិករូបនេះ បាននិយាយថា លោកZuckerberg តែងសួរខ្លួនឯងរៀងរាល់ថ្ងៃថា តើលោកបានពិនិត្យនិងកំពុងដោះស្រាយបញ្ហាសំខាន់ៗ ដែលកើតមានក្នុងថ្ងៃនេះទេ? ដូចនេះលោកបានរៀបរាប់ថាគ្រប់អាជីវកម្មគឺបង្កើតឡើងដើម្បីដោះស្រាយបញ្ហា សម្រាប់លោកផ្ទាល់ការប្រើពេលដែលមានទៅពិនិត្យរកមើលប្រភពបញ្ហា ដើម្បីដោះស្រាយនឹងធ្វើឱ្យលោកមានអារម្មណ៍ថាលោកបានប្រើពេលធ្វើរឿងសំខាន់ៗនិងមានប្រសិទ្ធិភាពដោយមិនខ្ជះខ្ជាយពេល៕