សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពេល​នៅ​តូច​ កូន​ៗ​ពឹង​ពាក់​​លើ​ឪពុក​ម្តាយ តែ​ពេល​ចម្រើន​វ័យ​ធំ​ឡើង ជា​វ័យ​មួយ​ដែល​យើង​អាច​រៀន​ជា​​​ទី​ពឹង​ខ្លួន​ឯង​បាន ព្រោះ​ថាលោក​ទាំង​ពីរ​មិន​អាច​ជួយ​យើង​បាន​រហូត​នោះ​ទេ។ ដូច​នេះ​ ទី​ពឹង​សម្រាប់​អនាគត​ គឺ​បាន​មក​ពី​ការ​សាង​ដោយ​ខ្លួន​ឯង មិន​មាន​អ្នក​ណា​ធ្វើ​ឱ្យ​យើង​ឡើយដូច​​ពុទ្ធសភា​​សិត​ថា"អត្តា​ហិអត្តនោ នា​ថោ ប្រែ​ថាខ្លួន​ទី​ពឹង​ខ្លួន​"។

គោល​ការណ៍​​ដែល​បញ្ជាក់​ថា​​ខ្លួន​​មាន​ទី​ពឹង​ដែល​ដក​ស្រង់​ពី​ សៀវភៅ​មាគ៌ា​ជីវិតរៀប​រៀង​ដោយ ភិក្ខុ គូ សុភាព បាន​ពន្យល់​ណែ​នាំ​​ដូច​ខាង​​ក្រោម​៖

.មិន​ប្រព្រឹត្ត​អបាយ​មុខ៖ ដែល​អាច​ធានា​ឱ្យ​យើង​​ជៀស​ផុត​ពី​ក្តី​​អន្តរាយ​ក្នុង​ដំណើរ​ជីវិត ទោះ​ជា​រស់​នៅ​ម្នាក់​ឯង​ក្តី ជា​មួយ​សង្គម​ក្តី​ ឬ​ដើរ​ទៅ​​ឆ្ងាយ​ក្តីជិត​ក្តី​។

.រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ មាន​តំរិះ​វិជ្ជា​ខ្ពស់​។

.ចំណេះ​ដឹង​នោះ ត្រូវ​តែ​ចេះ​ឱ្យ​ប្រាកដស្ទាត់​ជំនាញ មិន​មែន​ចេះ​ព្រាវ​ៗ ស្មាន​ៗ​ទេ ដូច​បុរាណ​ភាសិត​ពោល​ថា"ចេះ​ស្ទើរ​ល្ងី​ល្ងើ​ឥត​បថចេះ​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ​"។

.សេព​គប់​មិត្ត​ល្អ មាន​អត្តចរិក​សមរម្យសុភាព​រាប​សា ស្លូត​បូតជា​មនុស្ស​ដែល​យើង​អាច​ពឹង​ពាក់​បាន។

.ងាយ​ប្រដៅងាយ​ស្រួល​ប្រាប់ ស្រួល​​ណែ​នាំ​មិន​រឹង​រូស មិន​ប្រកាន់​ខ្លួន​។​

.អាច​ជួយ​កិច្ច​ការ​ងារ​អ្នក​ដទៃ​បាន​ខ្លះនៅ​ពេល​គេ​ពឹង​ពាក់​។

.បំណង​ប្រាថ្នា​ចង់​ក្លាយ​​ខ្លួន​ជា​មនុស្ស​ល្អដែល​គេ​ស្រឡាញ់​ ចូល​ចិត្ត​គោរព​រាប់​អាន មិន​ចង់​​​ឱ្យ​គេ​ស្អប់​ទេ​។

.សន្តោសគឺ​​ចេះ​ល្មម​ព្រម​តាម​សមត្ថភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន មិន​ល្មោភ​លោភ​លន់​ហួស​ហេតុ​ពេក​។​

.ព្យាយាមពុះ​ពារ​ក្នុង​ការងារ ឬ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​យក​ចិត្ត​ទុក​ដាក់ ​មិន​ខ្ជិល​ច្រអូស​។

១០.មាន​សតិ​បញ្ញា​​ស្មារតី​ក្លៀវ​ក្លាឆ្លាត​ វៀង​វៃអាច​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ងាយ។​

ក្នុង​​សៀវភៅ​ខ្លឹម​សារ​​​ធម៌​នេះបាន​ពន្យល់​ទៀត​ថា បើ​បុគ្គល​ប្រកប​ដោយ​លក្ខណៈ​​ទាំង​១០​នេះ បុគ្គល​នោះ​​ឈ្មោះ​ថាមាន​ទី​ពឹង​ក្នុង​ខ្លួន ទោះ​បី​នៅ​ក្នុង​ទី​ណាក៏​គ្មាន​ភ័យ​បារម្ភ​អ្វី​ឡើយ អាច​រស់​នៅ​បាន​ដោយ​ស្រួលដោយ​មិន​ធ្វើ​ឱ្យ​គេ​លំបាក ហើយ​ថែម​ទាំង​អាច​ជួយ​គេ​បាន​ទៀត​ផង​។ យើង​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​រស់​នៅឥត​ប្រយោជន៍​នោះ​ឡើយ គួរ​សាង​អនាគត​សម្រាប់​ខ្លួន​​​ឯង មិន​ឱ្យ​ឪពុក​ម្តាយ​លំបាកត្រូវ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង មា​ន​ស្មារតី​ដោយ​ខ្លួន​ឯង និង​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​៕​