២០២០គឺជាឆ្នាំដ៏លំបាកលំបិនសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែទីបំផុតឆ្នាំថ្មីក៏បានរំកិលខ្លួនចូលមកជំនួស។ ដូច្នេះវាដល់ពេលដែលអ្នកគ្រប់គ្នាត្រូវគិតដល់អ្វីដែលខ្លួនត្រូវត្រៀម និងធ្វើសម្រាប់ឆ្នាំ២០២១នេះដើម្បីកែខៃស្ថានភាពមិនល្អដែលធ្លាប់ជួបពេញមួយឆ្នាំកន្លងផុតទៅ។

១. ដាក់វិន័យខ្លួនឯងបន្ថែម

បើសិនអ្នកចង់សម្រេចគោលដៅសម្រាប់ឆ្នាំថ្មីវិធីដ៏ល្អគឺកំណត់វិន័យសម្រាប់ខ្លួនឱ្យបានកាន់តែច្រើនជាងមុន។ បានន័យថាអ្នកត្រូវចាប់ផ្ដើមកំណត់Deadline ឱ្យតឹងរឹងជាងមុននិងប្រាកដថាត្រូវអនុវត្តវាឱ្យបាន។ ត្រូវរៀនដាក់គោលដៅខ្លួនឯងក្នុងការធ្វើការងារអ្វីមួយក្នុងទម្រង់ផ្សេងគ្នារាប់ចាប់ពីប្រចាំសប្ដាហ៍ ប្រចាំខែ និងប្រចាំឆ្នាំ។ ធ្វើបែបនេះ អ្នកអាចដឹងថាគោលដៅសម្រាប់ឆ្នាំថ្មីនេះបានអនុវត្តចប់សព្វគ្រប់ប៉ុន្មានភាគរយ ឬត្រូវការកែប្រែផែនការដែរឬយ៉ាងណា។

២. ធ្វើដំណើរឱ្យបានច្រើនជាងមុន

ឆ្នាំថ្មីនេះ បើស្ថានភាពអំណោយផលអ្នកគួរតែធ្វើដំណើរឱ្យបានច្រើនដើម្បីស្វែងយល់ និងរៀនសូត្របទពិសោធន៍ថ្មីៗជាពិសេសសម្រាប់អ្នកចង់បើករបររកស៊ីដែលកុំឱ្យជាន់អ្វីដែលគេកំពុងធ្វើ។ អ្នកមិនចាំបាច់ធ្វើដំណើរឆ្លងប្រទេស ឬទៅណាឆ្ងាយឡើយ ត្រឹមតែកន្លែងដែលអ្នកមិនធ្លាប់ទៅដល់ក្នុងប្រទេស ឬតំបន់របស់អ្នកក៏អាចផ្ដល់មេរៀនថ្មីៗដល់អ្នកបានដែរ។

៣. បន្តធ្វើតាមក្ដីស្រមៃរបស់ខ្លួន

មិនថាពេលណា ឆ្នាំណាសូមកុំបោះបង់ការដើរតាមក្ដីស្រមៃរបស់ខ្លួន មិនថាជាការចាប់ផ្ដើមជំនួញឬការបន្តរៀនជំនាញជាដើម។​ អ្នកអាចនឹងធ្វើវាបានដរាបណាអ្នកបានរៀបចំផែនការតាំងពីដើមឆ្នាំថ្មីនេះទៅ ហើយដូចចំណុចខាងលើដែរគឺកំណត់គោលដៅរបស់ខ្លួនតាមដំណាក់កាលដើម្បីតាមដាន និងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ត។

៤. បង្កើតទម្លាប់សន្សំឱ្យបានរឹងមាំជាងមុន

ឆ្នាំ២០២១នេះអាចនិយាយបានថាជាឆ្នាំដែលមិនទាន់ធូរស្រាលរឿងវិបត្តិសេដ្ឋកិច្ចនៅឡើយ។ ដូច្នេះអ្វីដែលគួរធ្វើក្នុងឆ្នាំនេះគឺការបង្កើតទម្លាប់សន្សំឱ្យបានច្រើនដើម្បីទប់ទល់នឹងឧបសគ្គផ្នែកហិរញ្ញវត្ថុដែលនឹងកើតឡើងជាយថាហេតុណាមួយ។ គួរចងចាំពាក្យមួយឃ្លាថា “កុំសន្សំលុយដែលសល់ពីចាយ តែត្រូវចាយលុយដែលសល់ពីសន្សំ” ទើបគោលការណ៍រៀបចំហិរញ្ញវត្ថុរបស់អ្នកបានប្រសិទ្ធភាព៕