សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់​នៅ​ពេល​បច្ចុប្បន្ន​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​តែ​អាកាសធាតុ​ចេះ​តែ​ក្ដៅ​ឡើងៗឥតឈប់ឈរ។ ​​ប៉ុន្តែ​​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​សម្រាប់​ផ្ទះ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់ និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត ម្ចាស់ផ្ទះច្រើនណាស់ដែល​​ចេះ​តែ​រអ៊ូ​រឿង​​ចំណាយ​អស់​ច្រើន។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ និង​ដឹង​ពី​វិធី​ប្រើ​ម៉ាស៊ីន​ត្រជាក់​កុំ​ឱ្យ​ស៊ី​​ភ្លើង​ខ្លាំង និង​​មាន​ផល​ល្អ​ចំពោះ​សុខភាព​ផង​នោះ អត្ថបទ​មួយ​នេះ​អាច​ជួយ​អ្នក​បាន។

១. ​កុំ​ដំឡើង​កន្ទុយ​ម៉ាស៊ីន​ត្រជាក់​​​​ដែល​ដាក់​នៅ​ខាង​ក្រៅ​ត្រង់​កន្លែង​ក្ដៅ​ខ្លាំង៖

អ្នក​ជំនាញ​ផ្នែក​​​​ម៉ាស៊ីន​ត្រជាក់​បាន​ណែនាំ​មិនឱ្យ​ដំឡើង​កន្ទុយ​ម៉ាស៊ីន​ត្រជាក់​​ដែល​ត្រូវ​ដាក់​នៅ​​ខាង​ក្រៅ​ផ្ទះ​ចំ​កន្លែង​ដែល​មាន​​កម្ដៅ​ក្ដៅ​ខ្លាំង ហើយ​ត្រូវ​​ដំឡើង​វា​គម្លាត​យ៉ាង​ហោច​ណាស់​១៥​ស.ម​ឃ្លាត​ពី​ជញ្ជាំង​ ដើម្បី​ឱ្យ​ខ្យល់​ក្ដៅ​​ភាយ​ចេញ​បាន​លឿន។ ​កាល​ណា​ដាក់​កន្ទុយ​ម៉ាស៊ីន​ត្រជាក់​នៅ​កន្លែង​ម្លប់ ​ឬ​មាន​យ៉ាប​ពី​លើ​​អាច​ជួយ​ឱ្យ​ម៉ាស៊ីន​ត្រជាក់​របស់​អ្នក​ប្រើ​បាន​យូរ និង​ជួយ​សន្សំ​សំចៃ​ថ្លៃ​ភ្លើង​បាន​ទៀត​ផង។

២. ត្រូវ​បើក​មុខ​ងារ Power Saving ​ពេល​ប្រើ​ម៉ាស៊ីន​ត្រជាក់៖

ម៉ាស៊ីន​ត្រជាក់​ភាគ​ច្រើន​សម័យ​នេះ​សុទ្ធ​តែ​មាន​មុខ​ងារ​សន្សំ​សំចៃ​ថាមពល​(Econavi mode) ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ស៊ី​ភ្លើង។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​បើក​មុខ​ងារ​​នេះ​ឱ្យ​ដំណើរ​កា រ​រាល់​ពេល​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ ព្រោះ​វា​ជួយ​​គ្រប់​គ្រង​សីតុណ្ហភាព​ក្នុង​បន្ទប់​ដោយ​ស្វ័យ​ប្រវត្តិ និង​សន្សំ​សំចៃ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣. បិទ​បើក​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ដឹង​ពេល​វេលា៖

អ្នក​ជំនាញ​បាន​​ប្រាប់​គន្លឹះ​បន្ថែម​ទៀត​ថា​ ដើម្បី​សន្សំ​សំចៃ​ភ្លើង​អ្នក​ត្រូវ​តែ​ដឹង​ពី​ការ​បិទ ​និង​បើក​ម៉ាស៊ីន​ត្រជាក់​ឱ្យ​បាន​ត្រឹម​ត្រូវ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​បើក​ម៉ាស៊ីន​ត្រជាក់​សុខៗ ហើយ​ត្រូវ​ចេញ​ទៅ​ក្រៅ​ត្រឹម​តែ​២០ទៅ​៣០​នាទី ​អ្នក​មិន​ចាំ​បាច់​​ចុច​បិទ​ឡើយ ព្រោះ​បើ​អ្នក​ចុច​បិទ ​វា​មិន​ត្រឹម​តែ​មិន​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ភ្លើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឱ្យ​វា​ស៊ី​ភ្លើង​កាន់​តែ​ច្រើន​ទៅ​វិញ។ ហេតុ​ផល​​គឺ​នៅ​​ពេល​ដែល​ម៉ាស៊ីន​ត្រជាក់​ចាប់​ដំណើរការ​ដំបូង (​ពេល​បើក​ភ្លាម) វា​នឹង​ត្រូវ​ការ​ថាមពល​ភ្លើង​ខ្លាំង ​​ដើម្បី​ឱ្យ​ដំណើរការ​គ្រប់​កម្លាំង ​ធ្វើ​ឱ្យ​សីតុណ្ហភាព​ត្រជាក់។

៤. កំណត់​សីតុណ្ហភាព​ត្រឹម​២៥-២៦​អង្សា​បាន​ហើយ៖

ជា​​ធម្មតា សីតុណ្ហភាព​ត្រឹម​២៥-២៦​អង្សា​គឺ​ជា​កម្រិត​ដ៏​ល្អ​សម្រាប់​រាងកាយ​មនុស្ស វា​ធ្វើ​ឱ្យ​បន្ទប់​ទាំង​មូល​ត្រជាក់​ល្មម​ក៏​មិន​ក្ដៅ​ពេក ដែល​មិន​ប៉ះពាល់​សុខភាពឬ​ស៊ី​ភ្លើង​ខ្លាំង។ ដូច​បាន​រៀបរាប់​ខាង​លើ ការ​បើក​ឱ្យ​សីតុណ្ហភាព​ត្រជាក់​ពេក​​នឹង​ធ្វើ​ឱ្យ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ការ​ថាមពល​ខ្លាំង​ ដើម្បី​រត់​ឱ្យ​ពេញ​កម្លាំង ហើយ​​ទោះ​បី​បើក​មុខ​ងារ​សន្សំ​សំចៃ​ភ្លើង​ក៏​មិន​អាច​ជួយ​បាន​ច្រើន​ដែរ។

៥. ត្រូវ​សម្អាត​ម៉ាស៊ីន​ត្រជាក់​ឱ្យ​បាន​ញឹក​ញាប់៖

កុំ​ភ្លេច​សម្អាត​ម៉ាស៊ីន​ត្រជាក់​ឱ្យ​បាន​ញឹក​ញាប់ និង​ទៀងទាត់​ ដើម្បី​​កាត់​បន្ថយ​ការ​ស៊ី​ភ្លើង និង​ធ្វើ​ឱ្យ​​ម៉ាស៊ីន​ត្រជាក់​រត់​បាន​ស្រួល មិន​ប្រឹង​ខ្លាំង ដោយ​សារ​តែ​ស្ទះ​ព្រោះ​ធូលី​ដី ឬ​​កម្ទេចកំទី​តូច​ៗ​ជា​ដើម។ ជា​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ ដើម្បី​ឱ្យ​ម៉ាស៊ីន​ត្រជាក់​នៅ​តែ​មាន​គុណភាព​ល្អ ​និង​កាត់​បន្ថយ​ចំណាយ​ អ្នកគួរ​តែ​លាង​សម្អាត​វា​ចេញ​នៅ​រាល់​ពេល​ប្រើ​ពី​៣ទៅ​៤​ខែ​ម្ដង៕