កុមារជាវ័យដែលត្រូវការពេលវេលាច្រើន ដើម្បីបណ្តុះបណ្តាលព្រោះដំណាក់កាលនេះជាពេលវេលាយ៉ាងសំខាន់ក្នុងការបង្ហាត់បង្រៀននិងលត់ដំ​អត្តចរិតឱ្យបានល្អ។ កាលណាកុមារមាន​អត្តចរិតល្អនោះពួកគេនឹងអាចអភិវឌ្ឍសមត្ថភាពបានកាត់តែប្រសើរ នៅថ្ងៃអនាគត។

ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការ​​ទស្សនៈពិភពលោក (world vision) បានបង្ហាញពីវិធីសាស្រ្តសំខាន់ៗចំនួន ៤យ៉ាងគឺ៖

១. ប្រាប់ពីរឿងដែលគួរធ្វើ

ស្ថាប័នខាងលើបានបញ្ជាក់ថា ការនិយាយប្រាប់ពីអាកប្បករិយាល្អដែលយើងចង់ឱ្យកុមារធ្វើដោយពាក្យវិជ្ជមាននឹងជះផលវិជ្ជមានជាច្រើន ដល់ជីវិតរបស់ពួកគេ។ អាណាព្យាបាលគួរចៀសវាង​ការនិយាយថា «​កុំធ្វើនេះ»​ ឬ «​កុំធ្វើនោះ»​ ព្រោះពេលខ្លះវាមិនមាន​ប្រសិទ្ធភាពខ្ពស់នោះទេសម្រាប់ធម្មជាតិរបស់កុមារ តែយើងគួរ​ពិនិត្យមើលឱ្យបានច្បាស់លាស់ពីធម្មជាតិរបស់ក្មេង ដើម្បីជំរុញឱ្យពួកគេអនុវត្តសកម្មភាពនានាឱ្យបានត្រឹមត្រូវ។ 

អាណាព្យាបាលមិនអាចបង្ខំឱ្យពួកគេធ្វើរឿងទាំងឡាយណា ដែលខុសពីធម្មជាតិរបស់ក្មេងបានឡើយ។ ជាឧទាហរណ៍ យើងមិនអាចឱ្យក្មេងអង្គុយបានយូរបាននោះទេ តែយើងអាច​បង្រៀននិងណែនាំពួកគេឱ្យធ្វើសកកម្មភាពទាំងឡាយណា ដែលត្រឹមត្រូវដើម្បីគ្រប់គ្រងលើសកម្មភាពរបស់ពកុមារ។

២.សរសើរ និងលើកទឹកចិត្ត

ពាក្យសរសើរជាពាក្យជំរុញទឹកចិត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កុមារ។ អង្គការខាងលើបានបញ្ជាក់ថា អាណាព្យាបាលគួរសរសើរពួកគេ នៅពេលគេធ្វើអាកប្បកិរិយាល្អ ឬនៅពេលកុមារខំប្រឹងអនុវត្តសកម្មភាពល្អណាមួយ។

បើអាចដើម្បីឱ្យកុមារកាន់តែមាន​ទឹកចិត្តក្នុងការធ្វើរឿងល្អ អាណាព្យាបាលគួរកុំព្យាយាមចាប់កំហុសខ្លាំងពេកលើអាកប្បកិរិយាខ្វះខាតរបស់ក្មេង ដោយជំនួសមកវិញនូវ​ការលើកទឹកចិត្តឱ្យពួកគេធ្វើល្អ។

៣.ប្រើភាសាកាយវិការ

កុមារតូចជាវ័យដែលត្រូវការសិល្បៈខ្ពស់ក្នុងការអប់រំ។ ហេតុនេះការប្រាស្រ័យទាក់ទងគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់អប់រំពួកគេ។ អាណាព្យាបាលគួរ​ប្រាស្រ័យទាក់ទងកូនឱ្យបានល្អដើម្បីបញ្ជូនសារអប់រំនិងការលើកទឹកចិត្តរបស់យើងទៅកាន់កូនតាមរយៈ។ វិធីសាស្ត្រប្រាស្រ័យទាក់ទងមានដូចជាតាមរយៈភ្នែក ការងង់ក្បាល ការញញឹម ការអង្អែលស្មា និងការប្រើប្រាស់ពាក្យសរសើរដូចជា «​ក្មេងល្អ កូនឆ្លាត ឬកូនពូកែមែនជាដើម»។​

៤.ធ្វើជាគំរូ

សម្រាប់កុមារការប្រើប្រាស់ភ្នែកអាចនឹងលឿនជាងត្រចៀក មានន័យថាពួកគេចូលចិត្តសង្កេតច្រើនជាងស្តាប់។ ហេតុនេះប្រសិនបើចង់ឱ្យកុមារក្លាយជាមនុស្សល្អ អាណាព្យាបាលគួរបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពនានា។កាលណាអាណាព្យាបាលប្រព្រឹត្តមិនល្អនោះ ពួកគេនឹងអាចធ្វើត្រាប់តាមគំរូអាក្រក់ទាំងអស់នោះតែប្រសិនបើយើងបង្ហាញអាកប្បកិរិយាល្អ នោះកុមារនឹងធ្វើត្រាប់តាម៕