លោកអ្នកប្រាកដជាស្គាល់និងបានដឹងខ្លះៗហើយ ពីលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ។ លោកមានចំណាប់អារម្មណ៍ជាខ្លាំង ទៅលើប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យា ដែលជំរុញលោកឱ្យ ដើរនៅលើវិស័យមួយនេះទទួលបានជោគជ័យ។ លោកក៏ត្រូវបានគេចាត់ទុកថាជាបុគ្គលមួយរូបដែលទទួលបានជោគជ័យលើផ្នែកអាជីវកម្មផងដែរ។ ជាពិសេសនោះគឺ លោកត្រូវបានគេទទួលស្គាល់ថាជាកំពូលសប្បុរសជនដោយបានជួយសង្គ្រោះ ជីវិតមនុស្សជាង ៥ លាននាក់ដោយការចាក់វ៉ាក់សាំង និងកែលម្អសុខភាពកុមារ។
ពេញមួយជីវិតរបស់គាត់ បានធ្វើការបរិច្ចាគថវិកាជាងពាក់កណ្តាល នៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានវិនិយោគនៅក្នុងគ្រឹះស្ថានមួយដែលគាំទ្រដល់ការអភិវឌ្ឍសុខភាពសង្គម និងការអប់រំជាច្រើនផងដែរ។ ដោយឡែកនៅក្នុងអត្ថបទនេះក្រុមការងារ ក្រមា ប៉ុស្តិ៍នឹងបង្ហាញអ្នកពី ទ្រឹស្តីធំៗទាំង១០របស់លោក ដើម្បីឱ្យលោកអ្នកបានសិក្សាឈ្វេងយល់ជាចំណេះដឹងផងដែរ។
ទី១) “ចូរកុំប្រៀបធៀបខ្លួនរបស់អ្នកទៅនឹងនរណាម្នាក់នៅលើសកលលោកនេះ បើមិនដូច្នោះទេ អ្នកគឺកំពុងប្រមាថខ្លួនឯងហើយ!។”
ទី២) “ប្រសិនបើអ្នកកើតមកក្រវាមិនមែនជាកំហុសរបស់អ្នកនោះទេ ក៏ប៉ុន្តែប្រសិនបើអ្នកស្លាប់ទៅវិញនៅតែក្រទៀត នោះគឺជាកំហុសដ៏ធ្ងន់របស់អ្នក។”
ទី៣) “ខ្ញុំជឿជាក់ថាប្រសិនបើអ្នកបង្ហាញបញ្ហាដល់នរណាម្នាក់ ហើយបង្ហាញពីដំណោះស្រាយទៅកាន់ពួកគេនោះ ពួកគេប្រាកដជាមានការរីកចម្រើនជាក់ជាមិនខាន។”
ទី៤) “ប្រសិនបើអ្នកតែងតែគិតថា គ្រូបង្រៀនរបស់អ្នកតឹងតែងខ្លាំងចំពោះអ្នកនោះ វាជារឿងខុសហើយ។ អ្នកប្រាកដជាយល់ច្បាស់នៅពេលដែលអ្នក ចេញធ្វើការងារដែលមានថៅកែគ្រប់គ្រងមកអ្នក។”
ទី៥) “ភាពជោគជ័យគឺតែងតែឆ្លងកាត់ការតស៊ូនិងមេរៀនដ៏អាក្រក់ៗជាច្រើន ក៏ប៉ុន្តែវាជាអ្វីដែលមនុស្សឆ្លាតមិនដែលបោះបង់ឡើយ។”
ទី៦) “ខ្ញុំសុខចិត្តជ្រើសរើសមនុស្សខ្ចិលមកធ្វើការងារ ពីព្រោះថាពួកគេនឹងរកវិធីដែលងាយស្រួលបំផុត។”
ទី៧) “មនុស្សគ្រប់រូបត្រូវការចាំបាច់នូវការផ្តល់យោបល់ពីសំណាក់អ្នកដ៏ទៃ ពីព្រោះថាវាជាប្រភពដែលធ្វើឱ្យពួកគេមានការអភិវឌ្ឍបន្ថែម។”
ទី៨) “ការធ្វើអាជីវកម្មជាមួយអតិថិជនដែលជាពិបាកបំផុត គឺជាមេរៀនដ៏អស្ចារ្យដែលអ្នកគួរតែរៀន។
ទី៩) “សប្បុរសជនដែលអស្ចារ្យបំផុតនោះគឺ សប្បុរសជនដែលលះបង់និងបរិច្ចាគចេញពីចិត្តយ៉ាងពិតប្រាកដ។”
ទី១០) “ខ្ញុំមានក្តីសុបិន្តយ៉ាងមុតមាំតាំងតែពីខ្ញុំនៅក្មេងពីព្រោះថា ខ្ញុំបានអានសៀវភៅជាច្រើនក្បាល។”
ជារួមមកវិញខាងលើនេះ គឺជាសម្រង់ទ្រឹស្តីសំខាន់ៗទាំង១០របស់ស្ថានិក Bill Gates ដែលលោកតែងតែប្រកាន់ខ្ជាប់នៅក្នុងខ្លួនគ្រប់ពេលវេលា។ អ្នកគួរតែសិក្សាឈ្វេងយល់ឱ្យបានច្រើនទៅលើ ទ្រឹស្តីល្អៗទាំងអស់នេះដើម្បីអភិវឌ្ឍខ្លួន ក៏ដូចជាទុកជាចំណេះដឹងខ្លះៗ ក្នុងការរស់នៅឱ្យមានសេចក្តីសុខនិងឆាប់សម្រចបានជោគជ័យ៕