ថ្ងៃទី ១៤ កុម្ភៈ ជាពិធីរបស់គ្រឹស្តសាសនិកជន និងត្រូវបានមនុស្សគ្រប់គ្នា ស្គាល់ថាជា«​ទិវា​នៃ​សេចក្ដីស្រឡាញ់​»។

ជារៀងរាល់ឆ្នាំ អ្នកដែលមានមនុស្សជាទីស្រលាញ់ តែងតែបង្ហាញនូវក្តីស្រលាញ់របស់ពួកគេរៀងខ្លួន ជាក្តីស្រលាញ់ចំពោះគ្រួសារមិត្តភ័ក្រ្ក និង មនុស្សជាទីស្រលាញ់ជាដើម តាមរយៈការជូនអំណោយគ្នាទៅវិញទៅមក។

យ៉ាងណាក៏ដោយ ក្រសួងពាក់ព័ន្ធ បានសម្តែងនូវក្តីបារម្ភដោយភ័យខ្លាចលើយុវជន មួយចំនួនយល់ច្រឡំនូវអត្ថន័យនៃពិធីរបស់គ្រឹស្តសាសនិកជនមួយនេះ។

ជាក់ស្តែងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្មីៗនេះបានចេញសេចក្តីអំពាវនាវឲ្យអាណាព្យាបាល ឲ្យដាស់តឿនកូនចៅកុំឲ្យយកអត្ថន័យទិវានៃក្តីស្រលាញ់នេះ ទៅប្រើប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានជាពិសេសធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិ។ សេចក្តីអំពាវនាវដដែលបញ្ជាក់ទៀតថា ក្តីស្រលាញ់មិនមែនមានតែសម្រាប់គូសង្សារនោះគឺសម្រាប់មនុស្សគ្រប់គ្នា និង ជាក្តីស្រលាញ់ប្រកបដោយ ទឹកចិត្តដោយស្មោះសរ។

យ៉ាងណាក៏ដោយ គេសង្កេតឃើញថានៅទិវានៃក្តីស្រលាញ់នេះមានព្រឹត្តិការណ៍ជាច្រើន ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកសេចក្តីស្រលាញ់របស់មនុស្សគ្រប់គ្នា។

ជាក់ស្តែង នៅថ្ងៃទី ១៤ កុម្ភៈនេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំទិវាសប្បុរសធម៌លើកទី ៧ របស់ខ្លួនដែលមានការចូលរួមពីសំណាក់ និស្សិត យុវជន ជាច្រើនពាន់នាក់។   ជាទិវាមួយដែលរៀបចំឡើងក្នុងគោលបំណងប្រមូលថវិការទៅជួយ ​ដល់​កុមារកំព្រា ជនពិការ ចាស់ជរា សិស្ស​និស្សិត​ដែលមាន​ជីវភាព​ក្រីក្រនិង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាដើម​។

ក្រៅពីនេះ ព្រឹត្តិការណ៍នេះក៏រៀបចំឡើងក្នុងគោលដៅបណ្តុះស្មារតី ឲ្យយុវជន ចេះស្រលាញ់ និង សាមគ្គី ពិសេសធ្វើឲ្យយុវជនចេះជួយយកអាសារគ្នាផងដែរ។​

មិនត្រឹមតែនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេសូម្បីតែនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានរៀបចំនូវព្រឹត្តិការណ៍បរិច្ចាគឈាម នៅទិវានៃក្តីស្រលាញ់នេះផងដែរ។

យុវតី វត្តី ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបរាប់ថា៖ «ខ្ញុំសប្បាយរីករាយនៅពេលដែលសាកលវិទ្យាល័យបានរៀបរំព្រឹត្តិការណ៍សប្បុរសធម៌ដែលយើងអាចចែករំលែកក្តីស្រលាញ់ និង ជួយបរិច្ចាគជាថវិការដល់ជនក្រីក្រដែលកំពុងខ្វះខាត»។

កញ្ញា យល់ថា ទិវានៃក្តីស្រលាញ់គឺសម្រាប់មនុស្សគ្រប់គ្នា​មិនមែនសម្រាប់គូសង្សារនោះទេ ហើយ កញ្ញាក៏បានអំពាវនាវដល់យុវជន យុវនារី កុំឲ្យយកពិធីបុណ្យនេះ ទៅប្រព្រឹត្តិអ្វីដែលខុសឆ្គងនិង ធ្វើឲ្យភាពស្តាយក្រោយ៕