សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ ខណៈពេលដែលវិស័យមួយចំនួន បាននិងកំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិដែលកំពុងកើតមាននៅពេលបច្ចុប្បន្ននេះ សម្រាប់តែវិស័យអចលនទ្រព្យអាចប្រែក្លាយពីវិបត្តិមួយនេះ មកជាឱកាសវិនិយោគសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ក៏ដូចជាផ្តល់នូវឱកាសល្អសម្រាប់ភ្នាក់ងារអាជីពយ៉ាងមានប្រសិទ្ធភាពផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ  DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ប្រាប់ភ្នាក់ងារ Krama Post ថា សម្រាប់អ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ អាចឆ្លៀតយកឱកាសពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហានេះ ប្រែក្លាយឱកាសវិនិយោគរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាមួយនឹងអត្រាទទួលបានភាគលាភខ្ពស់។

លោកបញ្ជាក់ថា “នៅក្នុងកាលទេសដែលលំបាក វាក៏មានឱកាសនៅក្នុងនោះផងដែរ សំខាន់យើងមើលឃើញឱកាសនោះវាយ៉ាងម៉េច” ។ 

លោកបន្ថែមថា “ខ្ញុំយល់ថានៅក្នុងវិស័យអចលនទ្រព្យនេះ ឱកាសរបស់យើងទោះនៅក្នុងកាលទេសៈ ទីណាក៏មានដែរ នៅពេលដែលសេដ្ឋកិច្ច ធ្លាក់ចុះយើងក៏អាចមានប្រយោជន៍ ព្រោះអាចមានម្ចាស់អចលនវត្ថុមួយចំនួននឹងត្រូវការលក់ក្នុងតម្លៃមួយទាបជាងទីផ្សារ។ នៅពេលដែលមានអ្នកទិញ យើងក៏អាចប្រាប់ពីឱកាសនៃការទិញអចលនវត្ថុដែលមានតម្លៃល្អ ដែលមានឱកាសចំណេញពីការទិញ នៅពេលខាងមុខក្នុងនាមយើងជាភ្នាក់ងារអាជីព។ ទាំងអស់នេះវាជាការពិត ដែលយើងធ្លាប់បានជួប។

លោក វិន ឈុនហ៊ាត បានបន្តថា “នៅក្នុងអំឡុងពេលនេះ បើទោះជាយើងមិនសូវចេញក្រៅ ហើយនៅតែក្នុងផ្ទះ ក៏យើងស្វែងរកព័ត៌មានបានពេញលេញ នៅក្នុងដៃពីអចលនវត្ថុដែលនឹងត្រូវដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារបានដែរ។ ខ្ញុំជឿថាបច្ចុប្បន្ននេះ អ្នកដែលកាន់ព័ត៌មានពេញលេញក្នុងដៃនៃអចលនទ្រព្យ ដែលត្រូវការលក់បន្ទាន់ ហើយធូរថ្លៃពិតប្រាកដ វានឹងមិនពិបាករកនោះទេ” ។

តាមការឱ្យដឹងពីអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្នបានបញ្ជាក់ថា អចលនវត្ថុស្ទើរគ្រប់ផ្នែកទាំងអស់សុទ្ធតែនៅមានតម្រូវការមិនថា ស្ថិតនៅក្នុងកំឡុងពេលដែលកំពុងទទួលរងនូវវិបត្តិ ឬថ្ងៃខាងមុខនោះទេ។ ដូច្នេះសម្រាប់អ្នកដែលផ្តោតទៅលើបុរី នៅតែអាចលក់បុរីបាន អ្នកដែលផ្តោតទៅលើខុនដូ នៅតែអាចលក់ខុនដូបាន ហើយសម្រាប់អ្នកដែលផ្តោតសំខាន់ ទៅលើដីឡូតិ៍ក៏នៅតែអាចរកអតិថិជន និងអាចលក់បានដូចគ្នា សំខាន់ឱ្យតែយើងមានអចលនវត្ថុល្អ និងមានតម្លៃទាបជាងទីផ្សារពិតប្រាកដ គឺមិនពិបាករកអតិថិជនដែលមានលុយទិញបន្តនោះទេ។

ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនេះ សម្រាប់តែភ្នាក់ងារក៏អាចងាយនឹងរកបានអតិថិជនពិតប្រាកដ ដែលមិនពិបាកចំណាយពេលវេលាចោលទៀតនោះទេ។ អ្នកលក់ក៏មានតម្រូវការលក់ពិតប្រាកដ ហើយលក់ក្នុងតម្លៃក្រោមទីផ្សារ ហើយអ្នកទិញដែលមានតម្រូវការពិតប្រាកដក៏មិនសូញសាញ ៕