អ្នកដែលចង់បានរាងស្អាតតែងតែជ្រើសរើសវិធីសម្រកទម្ងន់តាមវិធីសាស្ត្រផ្សេងៗដែលខ្លួនបានដឹងរួមទាំងការហាត់ប្រាណ ឬរបបអាហារជាដើម។ ប៉ុន្តែក្នុងអំឡុងពេលបេសកកម្មនៃការសម្រកគីឡូនេះមានមនុស្សច្រើនណាស់ដែលមានធ្វើកំហុសឆ្គងដោយមិនដឹងខ្លួនដែលជាហេតុនាំឱ្យការសម្រកនេះមិនបានសម្រេច ឬបង្កទៅជាបញ្ហាសុខភាពផ្សេងៗទៅវិញ។

១. មិនបានគេងឱ្យគ្រប់គ្រាន់

ការនៅដល់យប់ៗជ្រៅហើយមិនបានគេងឱ្យបានគ្រប់គ្រាន់ពី ៧ទៅ៩ម៉ោងក្នុងមួយយប់ទេវានឹងជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការសម្រកទម្ងន់របស់អ្នក។ នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ អរម៉ូននៅក្នុងខ្លួនរបស់យើងនឹងបាត់បង់តុល្យភាពហើយប៉ះពាល់ដល់ការញ៉ាំនៅថ្ងៃបន្ទាបើ។ ស្ថានភាពនេះនឹងរំញោចអរម៉ូនចំណង់អាហារឈ្មោះថា Ghrelin ហើយនឹងកាត់បន្ថយអរម៉ូនឆ្អែតឈ្មោះថា Leptin ទៅវិញដែលជាហេតុនាំឱ្យអ្នកកាន់តែឃ្លានលើសដើម។

២. អនុវត្តវិធីមិនត្រឹមត្រូវ

មនុស្សភាគច្រើនចង់សម្រកខ្លាញ់ក្បាលពោះដូច្នេះពួកគេក៏ជ្រើសរើសទៅ Gym ដែលផ្ដោតតែផ្នែកពោះមួយមុខប៉ុណ្ណោះ។វិធីសាស្ត្រនេះមិនមានប្រសិទ្ធភាពខ្ពស់ឡើយ ព្រោះថាខ្លាញ់ក្បាលពោះជាកន្លែងដែលរាងកាយផ្ទុកនូវថាមពលដែលលើស។ វាត្រូវការការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ។ ដូច្នេះអ្នកសម្រកទម្ងន់ទាំងអស់មិនគួរហាត់តែកន្លែងក្បាលពោះមួយមុខបែបនេះឡើយតែត្រូវហាត់ត្រង់ផ្នែកដទៃទៀតផងដែរ។ ពួកគេអាចហាត់ត្រង់ផ្នែកសាច់ដុំដូចជាការរត់ត្រឹកៗ ការហែលទឹក ឬជិះកង់ជាដើម។

៣. ញ៉ាំរបបអាហារដែលគ្មានជីវជាតិគ្រប់គ្រាន់

ដើម្បីសម្រកខ្លាញ់ក្បាលពោះរឿងសំខាន់គឺកាត់បន្ថយកាឡូរី។ ប៉ុន្តែតាមរយៈការកាត់បន្ថយកាឡូរីនេះអ្នកអាចនឹងដករបបអាហារសំខាន់ៗ ដែលរាងកាយត្រូវការក៏ថាបាន។ វាអាចនាំឱ្យមានការស្រកគីឡូដោយសារតែសាច់ដុំ និងបាត់បង់ជាតិទឹកក្នុងខ្លួន ជំនួសឱ្យការបាត់បង់ជាតិខ្លាញ់ទៅវិញ។ ដូច្នេះហើយវានឹងពិបាកសម្រាប់អ្នកក្នុងការសម្រកជាតិខ្លាញ់ឱ្យទទួលបានផល។

៤. ផឹកទឹកមិនគ្រប់គ្រាន់

ទឹកគឺជាសារធាតុសំខាន់ណាស់ដើម្បីឱ្យការសម្រកទម្ងន់មានប្រសិទ្ធភាព។ទឹកជួយធ្វើឱ្យអ្នកមានសុខភាពល្អ និងអាចរស់បានកាន់តែអាយុវែង។ ការផឹកទឹកមុនពេលញ៉ាំអាហារអាចជួយកាត់បន្ថយការឃ្លាននិងការបរិភោគកាឡូរីចូលរាងកាយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនសូវញ៉ាំទឹកឬផឹកឱ្យបានគ្រប់គ្រាន់ទេ វាពិបាកក្នុងការសម្រកខ្លាញ់ក្នុងរាងកាយរបស់អ្នកណាស់។

៥. ស្ត្រេស និងថប់បារម្ភ

យោងតាមការស្រាវជ្រាវផ្សេងៗអារម្មណ៍ស្ត្រេស និងថប់បារម្ភអាចនាំឱ្យការផលិតអរម៉ូន Cortisol ក្នុងរាងកាយដែល​ទៅពន្យឺតដល់ដំណើរការដុតបំផ្លាញជាតិខ្លាញ់​។ នៅពេលដែលអត្រាដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយអ្នកមានការធ្លាក់ចុះអត្រានៃការសម្រកទម្ងន់របស់អ្នក ក៏ដូចជាការសម្រកខ្លាញ់ក្បាលពោះក៏ត្រូវបានកាត់បន្ថយផងដែរ ហើយបែរជាអាចនាំឱ្យឡើងទម្ងន់ទៅវិញទោះបីក្រោយពេលហាត់ប្រាណរួចក៏ដោយ៕