ជាការពិតណាស់ “អតិថិជន” គឺជាផ្នែកមួយដែលសំខាន់បំផុត នៅក្នុងការធ្វើអាជីវកម្មគ្រប់ប្រភេទ​។ ​កាលណាផលិតផលរបស់អ្នកមានអតិថិជនជួល និងទិញច្រើន ហើយវានឹងធ្វើឱ្យអាជីវកម្មមានការរីកចម្រើន និងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។ ជាមួយគ្នានេះដែរការស្វែងរកអតិថិជន ក៏មិនមែនជារឿងងាយស្រួលនោះដែរពោលគឺទាមទារឱ្យម្ចាស់អាជីវកម្មទាំងអស់មាននូវចំណេះដឹងទូលំទូលាយ និងវិធីសាស្រ្តក៏ដូចជាទិចនិចក្នុងការទំនាក់ទំនងជាមួយអតិថិជន។

ទន្ទឹមនឹងនេះដែរ អ្នកប្រាកដជាឆ្លងកាត់បទពិសោធន៍ច្រើនមកហើយ ចំពោះអតិថិជនមួយចំនួនដែលទំនាក់ទំនងជាមួយអ្នកនិងពិភាក្សាពីគុណភាពផលិតផលជាមួយអ្នក ក៏ប៉ុន្តែបែរជាលែងតបឆាតបាត់សូន្យឈឹងតែម្តង ជាពិសេសគឺតាមវិស័យអនឡាញដែលធ្វើឱ្យអ្នកខាតបង់អស់ពេលវេលាជាច្រើន ទាំងមិនទទួលបាននូវលទ្ធផលអ្វីសោះ។

​ក្នុងនោះផងដែរអ្នកប្រាកដជាចង់ដឹងហើយថា តើគួរតែធ្វើដូចម្តេចនៅក្នុងស្ថានការណ៍របៀបនេះ? បើដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកអំពីទិចនិចមួយចំនួន ដែលអ្នកគួរតែធ្វើនៅពេលដែលអ្នកកំពុងតែសន្ទនាជាមួយអតិថិជនហើយស្រាប់តែពួកគេបាត់ខ្លួនលែងបន្តសន្ទនាជាមួយអ្នក។​

 ដំបូងអ្នកត្រូវផ្អាកការសន្ទនាសិន

ចំពោះអតិថិជនមួយចំនួនដែលកំពុងតែសន្ទនាជាមួយអ្នក តាមរយៈឆាតសុខៗស្រាប់តែលែងមានការឆ្លើយតប អ្នកគួរតែផ្អាកសិន ពីព្រោះថាពួកគាត់អាចមានកិច្ចការណាមួយដែលត្រូវធ្វើ ឬមួយក៏ពួកគាត់ត្រូវការពេលវេលាក្នុងការសម្រេចចិត្តថា គួរទិញឬមិនគួរទិញផលផលិតពីអ្នក។ ដូចគ្នានេះដែរអ្នកមិនគួរសួរនាំពួកគាត់ច្រើនពេកទេពីព្រោះថាវាអាចនឹងធ្វើឱ្យអតិថិជនគិតថា ផលិតផលរបស់អ្នកមិនសូវលក់ដាច់និងមិនមានអ្នកប្រើប្រាស់ច្រើនបានជាអ្នកមានពេលវេលាទំនេរមករំលឹកពួកគេជារៀងរាល់ថ្ងៃបែបនេះ។

បន្តការសន្ទនាតាមរយៈការណែនាំផលិតផលថ្មី

ប្រសិនបើអតិថិជនមិនទិញផលិតផលរបស់អ្នក មិនមែនដោយសារតែបញ្ហាតម្លៃនោះទេ អ្នកគួរតែណែនាំផលិតផលថ្មីបន្តទៀតទៅកាន់ពួកគាត់ ដើម្បីឱ្យពួកគាត់ធ្វើការពិចារណា និងសម្រេចចិត្តឡើងវិញក្នុងការទិញផលិតផលរបស់អ្នក។ ជួនកាលផលិតផលផ្សេងៗទៀតអាចធ្វើឱ្យអតិថិជនមានការចាប់អារម្មណ៍ និងមានការពិចារណាឡើងវិញដើម្បីទិញផលិតផលពីអ្នក។

ការបញ្ចុះតម្លៃពិសេសទៅកាន់អតិថិជន

ប្រសិនបើអតិថិជនឈប់ឆ្លើយឆ្លងការសន្ទនាជាមួយអ្នក នៅពេលដែលអ្នកប្រាប់ពីតម្លៃផលិតផលទៅកាន់គាត់ នោះមានន័យថា គាត់មានការស្ទាក់ស្ទើរក្នុងចិត្តមិនទាន់ប្រាកដប្រាជា១០០ភាគរយ ក្នុងការទិញផលិតផលពីអ្នក។ វាអាចដោយសារតែ តម្លៃនៃផលិតផលរបស់អ្នកហាក់បីដូចជាខ្ពស់ខ្លាំងពេក សម្រាប់អតិថិជនរបស់ខ្លួន។ ត្រង់ចំណុចនេះផងដែរអតិថិជនអាចកង្វះខាតហិរញ្ញវត្ថុ ឬមួយក៏ដោយសារផលិតផលរបស់អ្នកមានតម្លៃថ្លៃខ្លាំងពេក។ ដូច្នេះអ្នកគួរតែទុកពេលវេលាឱ្យពួកគាត់ ក្នុងការសម្រេចចិត្ត ដោយធ្វើការបញ្ចុះតម្លៃពិសេសជូនទៅកាន់ពួកគាត់។

អ្នកត្រូវដឹងថា ការដែលអតិថិជនសម្រេចចិត្តមិនទិញផលិតផលរបស់អ្នក គឺត្រូវបានឆ្លងកាត់ការបដិសេធបីដងយ៉ាងតិច។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺទីមួយបើអតិថិជនលែងតបអ្នកត្រូវផ្អាកមួយរយៈពេលសិន ទីពីរគឺផ្ញើរលិខិតបណ្ណ័នៃផលិតផលថ្មី ដើម្បីណែនាំទៅកាន់ពួកគាត់ និងទីបីនោះគឺការបញ្ចុះតម្លៃក្នុងរដូវកាលពិសេសចន្លោះពី ២០% ទៅ៣០%។ ដោយឡែកប្រសិនបើពួកគាត់នៅតែមិនទិញទៀត នោះគឺមានន័យថាពួកគាត់មិនមែនជាអតិថិជនគោលដៅរបស់អ្នកនោះឡើយ ឬអាចថា ពេលវេលាដែលគាត់មានតម្រូវការផលិតផលមិនទាន់មកដល់ អ្នកគួរតែនិយាយពាក្យថា “អរគុណ និងជម្រាបលា” តែម្តងទៅដើម្បីកុំឲ្យខាតពេលវេលាច្រើនជាងនេះក្នុងការជជែកជាមួយពួកគេបន្តទៀត៕